អន្តរជាតិ
កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿង
22, Jul 2023 , 2:39 pm        
រូបភាព
យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និង អាម៉េរិកកំពុងវិភាគការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើងទៅក្នុងសមុទ្រលឿងដែលបានកើតឡើងនៅម៉ោងប្រហែល ៤ ព្រឹក ថ្ងៃទី២២ ខែកក្កដា ដើម្បីស្វែងយល់ បន្ថែមអំពីប្រភេទមីស៊ីល ដែលបានបាញ់ និងព័ត៌មានលម្អិតផ្សេងទៀត។

 
«យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នខណៈពេលដែលកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក និងរក្សាជំហរត្រៀមខ្លួនយ៉ាងរ៉ឹងមាំ»។ JCS បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពបន្ថែម របស់កូរ៉េខាងជើង។ 
 
ការបាញ់បង្ហោះនេះបានធ្វើឡើងបីថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លី ចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត។ វាក៏បានកើតឡើងចំពេលមានភាពតានតឹងកាន់ តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េបន្ទាប់ពីដំណើរទស្សនកិច្ចកំពង់ផែរបស់នាវាមុជទឹកដែលមាន សមត្ថភាពនុយក្លេអ៊ែររបស់អាម៉េរិក និងកិច្ចប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែកូរ៉េខាងត្បូង-អាម៉េរិក នៅដើមសប្តាហ៍នេះ។
 
USS Kentucky (SSBN 737) ដែលជានាវាមុជទឹកនុយក្លេអ៊ែរកម្រិត Ohio ទម្ងន់ ១៨,៧៥០ តោនបានចាកចេញពីមូលដ្ឋានទ័ពជើងទឹកទីក្រុងប៊ូសាននាថ្ងៃទី២១ ខែកក្កដាបីថ្ងៃបន្ទាប់ពី ការទស្សនាកំពង់ផែដ៏កម្រមួយនៅក្នុងការបង្ហាញកម្លាំងដ៏សំខាន់ប្រឆាំងនឹងការវិវត្តនៃការ គំរាមកំហែងយោធារបស់កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងបានបរិហារដំណើរទស្សនកិច្ចនេះ ដោយនិយាយថា ការដាក់ពង្រាយនាវា SSBN អាចស្ថិតនៅក្រោមលក្ខខណ្ឌផ្លូវច្បាប់ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន។
 
កូរ៉េខាងត្បូង នៅថ្ងៃដដែលបានវាយបកវិញដោយព្រមានកូរ៉េខាងជើងយ៉ាងច្បាស់ៗថា រដ្ឋា ភិបាលក្រុងព្យុងយ៉ាងនឹងប្រឈមនឹងទីបញ្ចប់របបរបស់ខ្លួនប្រសិនបើក្រុងមួយនេះសម្រេច វាយប្រហារដោយអាវុធនុយក្លេអ៊ែរមកលើកូរ៉េខាងត្បូង ឬសម្ព័ន្ធមិត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com