ជាតិ
GIZ កំពុងបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មប្រាសាទបុរាណ ដល់ពលរដ្ឋខ្មែរ២០នាក់ទៀត
23, Jul 2023 , 8:59 pm        
រូបភាព
សិក្ខាកាមរៀនផ្នែកអភិរក្សថ្មពីស្ថាប័ន GIZ របស់អាល្លឺម៉ង់។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សិក្ខាកាមរៀនផ្នែកអភិរក្សថ្មពីស្ថាប័ន GIZ របស់អាល្លឺម៉ង់។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី

សៀមរាប៖ អ្នកជំនាញមកពីស្ថាប័ន GIZ ប្រទេសអាល្លឺមង់ កំពុងបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណជំនាន់ទី២ ដល់សិក្ខាកាម២០រូប ដែលជាបុគ្គលិក និងមន្ត្រីមកពីផ្នែកនានា នៃអាជ្ញាធរជាតិអប្សរា។

 
លោក រីក រ៉េត មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលជាង២ឆ្នាំ ដែលជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ និងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។ សម្រាប់លោក រីក រ៉េត វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់យ៉ាងខ្លាំង ដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សិក្ខាកាមទាំងឡាយ ឱ្យយកចំណេះ ដឹងទាំងនេះ ទៅប្រើប្រាស់លើការងារថែរក្សា និងការពារប្រាសាទបុរាណនៅតាមកន្លែងផ្សេងៗនាពេលអនាគត ហើយពួកគេក៏អាចផ្សព្វផ្សាយជំនាញនេះ ទៅកាន់អ្នកជំនាន់ក្រោយផងដែរ។ 
 
កញ្ញា Helen Jacobsen ជាគ្រូបង្រៀនជនជាតិអាល្លឺម៉ង់ បញ្ជាក់ថាខ្លួនកំពុងបណ្តុះបណ្តាលកូនខ្មែរ ឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិល ចេញពីថ្ម ការលាងសម្អាតថ្មដោយប្រើទឹក និងប្រើសារជាតិគីមី ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។
 
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣ ហើយគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៤។ តាមរយៈការបណ្តុះបណ្តាលនេះ គេរំពឹងថានៅពេលអនាគត កម្ពុជា មានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណកាន់តែច្រើន៕

Tag:
 អប់រំ
  អភិរក្សថ្មប្រាសាទ
  GIZ
© រក្សាសិទ្ធិដោយ thmeythmey.com