ជាតិ
ពលរដ្ឋសាទរ និងចង់ឃើញការប្រែមុខមាត់ថ្មីនៃស្ទឹងសៀមរាប
24, Jul 2023 , 8:59 am        
រូបភាព
ដោយ៖ ថោង ប្រណី

សៀមរាប៖ ពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសៀមរាបទន្ទឹងរង់ចាំទាំងកី្តត្រេកអរ និងចង់ឃើញការកែលម្អឱ្យកាន់តែប្រសើរឡើងវិញនៃស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ត្រ។

 
បច្ចុប្បន្នស្ទឹងសៀមរាបកំពុងស្តារឡើងវិញ និងក្លាយជាប្រព័ន្ធធារាសាស្ត្រមួយដ៏សំខាន់ ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាបនារដូវវស្សា រួមទាំងចូលរួមលើកកម្ពស់សោភណ្ឌភាព ស្ទឹងប្រវត្តិយូរលង់នេះផង។ បច្ចុប្បន្ន ការស្ដារនេះស្ថិតក្នុងគម្រោងដំណាក់កាលទី២ មានប្រវែងសរុប៥គីឡូម៉ែត្រ ដោយគិតចាប់ពីចំណុចស្ពានវត្តកុងមុច ទៅដល់ភូមិអារញ្ញ នៃប៉ែកខាងក្រោមស្ទឹងសៀមរាប។ 


 
ជាអ្នកលក់បាយនៅមុខសំយ៉ាបផ្ទះ នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប លោកស្រី ទុំ ណារី អាយុ៤៣ឆ្នាំ បានរៀបរាប់ថា លោកស្រីពិតជាសប្បាយចិត្តចំពោះគម្រោងស្តារស្ទឹងនេះណាស់ ព្រោះទៅថ្ងៃមុខពលរដ្ឋទាំងអស់គ្នានឹងឃើញភាពល្អស្អាតនៅតាមដងស្ទឹងសៀមរាប និងមានផ្លូវប៉េតុងងាយស្រួលក្នុងការធ្វើដំណើរ ហើយលោកស្រីផ្ទាល់ និងអ្នកលក់ដូរផ្សេងទៀត អាចរកប្រាក់ចំណូលបានកាន់តែប្រសើរជាងសព្វថ្ងៃ។ 
 
លោកស្រី រើន សារ៉ូន កំពុងអង្គុយលក់ចាបហួយមុខផ្ទះ រៀបរាប់ថា ទោះបីជាសព្វថ្ងៃនេះ ស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើរទៅមក នៅពេលមានភ្លៀវធ្លាក់ម្តងៗព្រោះថាជាផ្លូវដីឥដ្ឋ និងមានជង្ហុកជាច្រើន ហើយនៅពេលរាំងភ្លៀងវិញ មានដីហុយទ្រលំក៏ពិត តែលោកស្រីទ្រាំបាន រហូតដល់ការអភិវឌ្ឍបានបញ្ចប់។ លោកស្រីបន្តថា យ៉ាងយូរមួយឆ្នាំទៀត នឹងមានស្ពានថ្នល់ល្អប្រសើរជាងនេះ ហើយងាយស្រួលក្នុងការធ្វើដំណើរ និងសង្ឃឹមថាមានប្រព័ន្ធលូប្រឡាយគ្រប់គ្រាន់ ឈប់ជនលិចពេលមានភ្លៀងធ្លាក់ខ្លាំងនារដូវវស្សាដូចឆ្នាំមុនៗ។ 


 
ក្រៅពីចង់ឃើញការរៀបចំហេដ្ឋារចនាសម្ពន្ធបានល្អប្រសើរបែបនេះ  ពលរដ្ឋដទៃទៀត ក៏ចង់ឱ្យមានការរៀបចំជាកន្លែងអង្គុយលែងកម្សាន្ត អាចដើរហាត់ប្រាណបាន ជាពិសេស មានដាំដើមឈើប្រណិតផ្សេងៗ អមតាមបណ្តោយស្ទឹង។ ការណ៍នេះ នឹងអាចផ្តល់ម្លប់ត្រជាក់ស្រួល ហើយមានផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងលើកកម្ពស់សោភណ្ឌភាពស្ទឹងប្រវត្តិសាស្ត្រមួយនេះឱ្យកាន់តែស្រស់ស្អាតថែមទៀត៕







© រក្សាសិទ្ធិដោយ thmeythmey.com