ជាតិ
អ្នកជំងឺទឹកនោមផ្អែម និងសាច់ញាតិ ចាំបាច់ប្រើAPP «កំណត់ត្រាទឹកនោមផ្អែម»
24, Jul 2023 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរៃ ដែលកំពុងកើតឡើងលើមនុស្សជាច្រើនលើពិភពលោក។ ខុសពីជំងឺដទៃ អ្នកជំងឺទឹកនោមផ្អែម ត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញជាប្រចាំ។ ដើម្បីជួយថែទាំ និងតាមដានស្ថានភាពអ្នកមានជំងឺទឹកនោមផ្អែម ក្រុមគ្រូពេទ្យខ្មែរមួយក្រុម បានបង្កើត កម្មវិធីទូរសព្ទដៃ កំណត់ត្រាទឹកនោមផ្អែម  ឬ CarnetDia  ដែល App មួយនេះ បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការរបស់អ្នកជំងឺ និងសាច់ញាតិ។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
កម្មវិធីទូរសព្ទ «CarnetDia កំណត់ត្រាទឹកនោមផ្អែម»  មានមុខងារសំខាន់ៗ ជាច្រើនរួមមាន  ការកត់ត្រាតេស្តជាតិស្ករ , ការរាប់ជំហានដើរ , ការវាយតម្លៃហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី២ និង មាន វីដេអូ រូបភាព  អត្ថបទ ដែលជាឯកសារអប់រំពីជំងឺទឹកនោមផ្អែមទៀតផង។
 
លោក ប៉ាវ រីដា គឺជាបុគ្គលិកធនាគារមួយរូប នៅខេត្តសៀមរាប ហើយក៏ជាអ្នកប្រើប្រាស់App កំណត់ត្រាទឹកនោមផ្អែម។ លោក រីដា បានប្រើApp មួយនេះ ដើម្បីទាក់ទងជាមួយគ្រូពេទ្យជំនាញ តាមដានកម្រិតជាតិស្កររបស់ឪពុកដែលមានជំងឺទឹកនោមផ្អែមជាយូរមកហើយ។
 
លោក រីដា អះអាងថា៖  « សម្រាប់ខ្ញុំ ខ្ញុំប្រើដើម្បីតាមដាន កម្រិតជាតិស្កររបស់ប៉ារបស់ខ្ញុំ។ សម្រាប់ខ្ញុំជារៀងរាល់មួយសប្ដាហ៍ ឬពីរសប្ដាហ៍ ខ្ញុំតែងតែធ្វើ តេស្តជាតិស្ករឱ្យគាត់។ ពេលខ្ញុំតេស្តជាតិស្ករហើយ គឺខ្ញុំកត់ត្រាទុកក្នុងហ្នឹង។ ហើយមួយទៀត Appនេះ មានមុខងារ ដែលបានបង្ហាញពីវីដេអូអប់រំជំងឺទឹកនោមផ្អែមទៀត»។ 
 
ជាសាក្សីមួយរូប ដែលបានប្រើប្រាស់App រយៈពេលជាង៣ឆ្នាំ លោក រីដា បានអះអាងថា កម្មវិធីទូរសព្ទដៃនេះ ពិតជាមានប្រយោជន៍ណាស់សម្រាប់សាច់ញិត និងអ្នកជំងឺទឹកនោមផ្អែម ព្រោះថា តាំងពីលោក ប្រើApp នេះមក លោកមិនសូវមានក្ដីបារម្ភខ្លាំងចំពោះស្ថានភាពជំងឺរបស់ឪពុកដូចមុនឡើយ។ គ្មានក្ដីបារម្ភ ក៏ព្រោះថា រូបលោកបានតាមដានស្ថានភាពជំងឺរបស់ឪពុកជាមូយគ្រូពេទ្យជាប្រចាំតាមរយៈកម្មវិធីទូរសព្ទមួយនេះ។ 
 
បច្ចុប្បន្ន កម្មវិធីទូរសព្ទ កំណត់ត្រាទឹកនោមផ្អែម មានអ្នកប្រើប្រាស់ជាង២ម៉ឺននាក់ ក្នុងនោះមានអ្នកជំងឺប្រើប្រាស់ក្នុងការកត់ជាតិស្ករ និងខ្លះប្រើប្រាស់ដើម្បីស្វែងយល់ពីជំងឺទឹកនោមផ្អែម។ លោកអ្នកអាចទាញយក App កំណត់ត្រាទឹកនោមផ្អែមឈ្មោះថា«CarnetDai» ពី App Storeតាមតំណនេះ https://apps.apple.com/kh/app/carnetdia/id1435695534  និងពី Play Store តាមរយៈតំណនេះ https://play.google.com/store/apps/details?id=kh.info.carnetdia ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com