ជាតិ
បក្សហ៊្វុនស៊ិនប៉ិច បាន៥អាសនៈ បង្ហាញថា ព្រះអង្គម្ចាស់ ចក្រាវុធ ឆក់យកបេះដូងពលរដ្ឋ និងស្ដារបក្សរាជានិយម
24, Jul 2023 , 11:50 am        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់យាងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់យាងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣។
គិតត្រឹមម៉ោង១១ព្រឹកនេះ មានព័ត៌មានបឋមចុះផ្សាយពីគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ ខណៈបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈនៅក្នុងរដ្ឋសភា នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។



ដ្បិតមិនទាន់មានព័ត៌មានផ្លូវការក្តី ប៉ុន្តែអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានអះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៤ កក្កដាថា បក្សខ្លួនពិតជាទទួលបាន៥អាសនៈមែន តាមរយៈការបូកនិងបែងចែកសន្លឹកឆ្នោត ដោយក្រុមការងារបក្សផ្ទាល់។ តែយ៉ាងណាលោក ថា វាជាព័ត៌មានបឋមប៉ុណ្ណោះ ខណៈបក្សលោកនៅសង្ឃឹមអាចបានលើសនេះ ១ ឬ២ អាសនៈទៀត ដោយសារការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលផ្សេងៗ មានការកើនឡើងជាបន្តបន្ទាប់។
 
សម្រាប់៥អាសនៈ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានបឋមនេះ មាននៅខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ព្រៃវែង និងរាជធានីភ្នំពេញ។ នេះបើតាមលោក ញឿន រ៉ាដែន។
 
លោក រ៉ាដែន ចាត់ទុកលទ្ធផលនេះ ជាសមិទ្ធផលផ្លែផ្កាថ្មីមួយសម្រាប់បក្ស ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានយាងមកពីប្រទេសបារាំង មកបំពេញកិច្ចការនយោបាយជាង១ឆ្នាំ ជំនួសព្រះបិតា នរោត្តម រណឫទ្ធិ ដែលយាងសោយទិវង្គត កាលពីចុងឆ្នាំ២០២១។
 
បើតាមលោក រ៉ាដែន លទ្ធផល៥អាសនៈនេះ បង្ហាញថា ព្រះអង្គម្ចាស់ ចក្រាវុធ ឆក់យកបេះដូងពលរដ្ឋ និងស្ដារបក្សរាជានិយមឡើងវិញ។ «លទ្ធផលបឋមមាន៥អាសនៈ តែបើជាផ្លូវការមានលើសនេះទៀត យើងកាន់តែមានមោទកភាពចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិចដែរ ពីព្រោះតែព្រះអង្គ( ចក្រាវុធ) យាងមកតែ១ឆ្នាំ ៣ខែទេ ប៉ុន្តែប្រជាប្រិយភាពរបស់ព្រះអង្គ ផ្ទុះការគាំទ្រ ហើយគ្រប់រចនាសម្ព័ន្ធរបស់យើងនៅតាមឃុំ អីហ្នឹង ឃើញថា មានការគាំទ្រ ទោះបីជាខេត្តនៅស្ទើរ ប៉ុន្តែផ្ទុះការគាំទ្រខ្លាំងណាស់»។ លោក រ៉ាដែន បន្ថែម។
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រោមដឹកនាំរបស់ព្រះអង្គម្ចាស់ ចក្រាវុធ ជាង១ឆ្នាំមកនេះ គឺព្រះអង្គបានបង្រួបបង្រួមអ្នកស្នេហារាជានិយមឡើងវិញ ដោយមិនឱ្យបែកបាក់គ្នាដូចមុនឡើយ។ លោក រ៉ាដែន សង្កត់ធ្ងន់ថា៖«ព្រះអង្គបានលុបបំបាត់ចោលនូវការបែកបាក់សាមគ្គីភាពក្នុងគណបក្ស ក៏ដូចជាធ្វើឱ្យប្រជារាស្រ្តបានយល់តម្លៃពិតនៃរបបរាជានិយម។ ជាពិសេសព្រះអង្គផ្ទាល់ជាតួឯកសំខាន់ ដែលធានាបាននិរន្តភាពប្រទេសជាតិ ហើយជាពិសេសគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ ពេលនេះព្រះអង្គ បានឆក់យកបេះដូងប្រជារាស្ត្របានហើយ ហើយធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិចទាំងមូល ទទួលបានការគាំទ្រពីប្រជារាស្ត្រ»។
 
គួរបញ្ជាក់ថា ជាច្រើនអាណត្តិមកនេះ គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាក់ប្រជាប្រិយជាបន្តបន្ទាប់ ពោលគឺនៅអាណត្តិទី៤ ឆ្នាំ២០០៨ បក្សរាជានិយមមួយនេះ ទទួលបានតែ២អាសនៈប៉ុណ្ណោះ។ ដោយឡែកការបោះឆ្នោតនៅអាណត្តិទី៥ ឆ្នាំ២០១៣ គឺមានតែគណបក្ស២ទេ ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៦៨កៅអី ឯអតីតគណប​ក្សសង្គ្រោះជាតិ បាន៥៥កៅអី។ ប៉ុន្តែក្រោយពេលតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នៅចុងឆ្នាំ២០១៦នោះ ទើបអាសនៈបក្សនេះ ត្រូវបានបែងចែកទៅឱ្យគណបក្សផ្សេងៗ ដែលចូលរួមបោះឆ្នោត ទើបគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤១អាសនៈ។
 
ចំណែកការបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០១៨វិញ គណបក្សប្រជាជនកម្ពុជា ឈ្នះទាំង១២៥ អាសនៈតែម្ដង។
 

Tag:
 នរោត្តម ចក្រា វុធ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com