ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ចាយពេលជិត១០ឆ្នាំ ទើបសាលា​រៀនជំនាន់​ថ្មី ត្រូវបានទទួលស្គាល់ពីតម្លៃ និងគុណភាព
24, Jul 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ មកដល់​ឆ្នាំ​២០២៣នេះ សាលារៀន​ជំនាន់​ថ្មី បង្កើត​បាន​រយៈពេល​៨​ឆ្នាំមក​ហើយ។ ៨ឆ្នាំ​មកនេះ លោក សម្យ កំសាន្ត មើល​ឃើញ​ថា សាលារៀនជំនាន់ថ្មី ទទួលបាន​សមិទ្ធផល​ច្រើន​ តាមរយៈ​ពានរង្វាន់ និង​មេដាយ​ ដែល​សិស្ស និង​សាលាទទួលបាន។ លើសពី​នេះ សាលារៀនជំនាន់ថ្មី ក៏ត្រូវបានមាតាបិតាសិស្សមួយចំនួន​ឱ្យតម្លៃ និងទទួលស្គាល់គុណភាព​ផងដែរ។



សូម​អញ្ជើញទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​ ជាមួយ​លោក សម្យ កំសាន្ត នាយក​រង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ទទួល​បន្ទុក​សាលា​រៀន​ជំនាន់ថ្មី ដូចតទៅ៖​



សាលារៀន​ជំនាន់ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាសមិទ្ធផល​មួយ នៃ​ការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដែលបានសម្ភោធដាក់ឱ្យដំណើរការ​កាល​ពីខែមិថុ​​​​​នា ឆ្នាំ២០១៦។ សាលារៀនជំនាន់ថ្មី បានអនុវត្តកម្ម​វិធីសិក្សាថ្មីពេញលេញដំបូងគេនៅសាលារដ្ឋ គឺSTEM-Ed ដែលទាក់ទាញសិស្សពូកែៗ​ចូលរៀន ដោយ​ប្រែក្លាយសិស្សមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យចាប់អារម្មណ៍ និងរៀនពូកែ។
 
ក្រោយ​បង្កើត​បាន​ជិត ១០ឆ្នាំ កេរ្តិ៍ឈ្មោះ​សាលារៀន​ជំនាន់ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ធ្វើ​ឱ្យ​ប្រទេសមួយចំនួនស្គាល់ តាមរយៈ​ការ​បង្កើតស្នាដៃ និង​ការ​ចូលរួម​ប្រកួតប្រជែង​នានា​របស់​សិស្សានុសិស្ស។ ចំពោះ​ភាព​វិជ្ជមាន​នេះ​ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី លើក​ឡើងថា៖ «នេះ​ជា​សមិទ្ធផល​​គួរ​ជាទី​មោទន ដែល​សាលា​យើង​ធ្វើបាន​។ យើង​ទទួលបាន​ពានរង្វាន់​ និង​មេដាយជាច្រើន ពី​កូនសិស្ស​ដែល​បាន​ទៅ​ចូលរួម​ប្រកួត​»។
  
លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី

លទ្ធផលដែល​សិស្ស​ និង​សាលា​រៀនជំនាន់ថ្មី ទទួល​បានកើត​ឡើង​ដោយសារ​ការ​ខំប្រឹងរបស់សិស្ស និង​លោកគ្រូ​អ្នកគ្រូ។ នៅ​សាលារៀន​ជំនាន់ថ្មី ក្រៅពី​ការរៀន​ក្នុងថ្នាក់ សិស្សានុសិស្ស​មានការស្រាវជ្រាវជាច្រើន។ ដើម្បី​ទទួល​បាន​ពានរង្វាន់​ និង​មេដាយ​ច្រើន តើ​ត្រូវ​ធ្វើបែបណា? លោក សម្យ កំសាន្ត ឆ្លើយតប​នឹង​សំណួរនេះ​យ៉ាង​ដូច្នេះ៖ «ជា​គន្លឹះ​របស់​យើង កូន​សិស្ស​ត្រូវ​រៀន​តាម​បែប​សតវត្សទី២១។ ពួក​គេ​រៀន​ដោយ​ប្រើប្រាស់​នូវ​បំណិន​, ស្រាវជ្រាវ​, បច្ចេកវិទ្យា​, ការ​​សហការ​ និង​ស្ថាបនានិយម»។ 
 
ការ​សិក្សា​នៅ​សាលារៀន​ជំនាន់ថ្មី មិនមែន​រៀន​តាម​សៀវភៅ​ក្រសួង​អប់រំ និង​សម្រាប់តែ​ត្រៀម​ប្រឡង​ទេ។ សិស្សានុសិស្សនៅទីនោះ ត្រូវ​ចេះស្រាវជ្រាវ​ និង​ឡើង​ធ្វើ​បទបង្ហាញ​នៅ​ក្នុង​ថ្នាក់​ពី​មុខវិជ្ជា​ដែល​ពួក​គេ​ស្រាវជ្រាវ​ជា​ក្រុម​។ ​ការ​អប់​រំ​បែបនេះ អាច​ធ្វើ​ឱ្យ​សិស្សនៅទីនេះ មាន​សមត្ថភាព​ខ្ពស់អាច​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នានា។ ​
  


«ចំណុច​ខ្លាំង​របស់​សាលា​ជំនាន់ថ្មី ​គឺ​ជា​ការ​គាំទ្រ​ពី​មាតា​បិតា​សិស្ស។ ការ​ចំណាយ​ថវិការបស់​សិស្ស​ក្នុង​​សាលា​ជំនាន់ថ្មីនេះ មានគួរ​សម​ដែរ។ ជាមធ្យម​សិស្ស​ម្នាក់​ ចំណាយ​ជាង ៣០០ដុល្លារ​ ដែលជា​ថវិកា​ចូលរួម​ជា​ភាគទានរបស់​មាតាបិតាសិស្ស»។ នេះជាការ​លើក​ឡើងរបស់​លោកនាយករង​ សម្យ កំសាន្ត ដោយ​បន្ថែមថា ជាមោទនភាពមួយ ដែល​មាតាបិតាសិស្ស​ឱ្យ​តម្លៃ​ និង​ទទួល​ស្គាល់​គុណភាព​របស់​សាលា។
 
ការ​ចូលរួម​របស់​មាតាបិតាសិស្ស ជា​ចំណែក​មួយ​ ជួយ​ឱ្យ​​សាលា​រៀន​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ បន្ត​ដំណើរទៅមុខ​បន្ថែមទៀត។ បើតាម​លោក សម្យ កំសាន្ត អាណាព្យាបាលសិស្សតែង​យក​ចិត្ត​ទុក​ដាក់ និង​រីករាយ ចំពោះ​សមិទ្ធផល​របស់​កូនៗ ដោយ​មិន​ព្រួយ​បារម្ភ​ថាកូន​ទៅធ្វើអ្វី​​ផ្ដេសផ្ដាសនោះទេ​។
  
រូបភាពពី​សាលារៀនជំនាន់ថ្មី 

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព ២០៣០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិមានចក្ខុវិស័យ «ប្រែក្លាយសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាល័យមានឧត្តមភាពឈានមុខគេ របស់កម្ពុជាលើការបង្រៀនទាំងឥរិយាបថ និងចំណេះដឹង។ លោកនាយករង សម្យ​ កំ​សាន្ត បញ្ជាក់ថា​ ការ​អប់រំ​នៅ​សាលាជំនាន់ថ្មី គឺ​ផ្ដោត​សំខាន់​លើ​ការ​អប់រំ​ឱ្យ​សិស្ស​​មាន​ចំណេះដឹង​ទូលំទូលាយ, បំណិន និង​ឥរិយាបថ។ 
 
ទន្ទឹមនឹង​នេះ ក្រៅ​ពី​អប់រំ​សិស្ស​ឱ្យមាន​​ឥរិយាបថ​ល្អ​ លោក​គ្រូ​អ្នក​គ្រូ ក៏​ត្រូវ​មាន​ឥរិយាបថល្អផងដែរ។ លើសពីនេះ ការ​បង្រៀន​នៅ​សាលាជំនាន់ថ្មី ក៏​បង្រៀន​សិស្សឱ្យ​ចេះ​ពី​ការ​រស់នៅស្អាត និង​គ្មាន​សំរាម ជា​ពិសេស​ផ្ដល់ការ​អប់រំ​មាន​ផាសុកភាព។ លោក សម្យ កំសាន្ត អះអាងថា៖ «នៅទីនេះ គ្មាននរណា​ជាអ្នក​បម្រើ​ទេ។ គ្រប់ៗគ្នា​ទាំង​គ្រូ​ទាំង​សិស្ស​ ត្រូវ​មាន​ភាព​ជា​ម្ចាស់ការ មានន័យថា​ថ្នាក់រៀនរបស់សិស្ស គឺជា​ផ្ទះ និង​បន្ទប់​របស់​លោកគ្រូ​អ្នក​គ្រូដែរ។ ដូច្នេះត្រូវតែស្អាត របៀប​រៀបរយ​​ សណ្ដាប់ធ្នាប់ និង​អនាម័យ​ ជាការ​ទទួល​ខុសត្រូវ​រៀងៗខ្លួន»។ 
 
ជា​មួយ​គ្នានេះ ដើម្បីឱ្យ​សាលា​រៀន​ក្លាយជា​សាលា​រៀន​សតវត្សទី២១ ក៏​ត្រូវ​ការ​សិស្ស, គ្រូ​បង្រៀន និង​អាណាព្យាបាល សតវត្សទី​២១ផងដែរ។ សូម​បញ្ជាក់ថា បច្ចុប្បន្នសាលារៀនជំនាន់ថ្មី កំពុង​អភិវឌ្ឍន៍សមត្ថភាព​របស់ខ្លួនក្រោមកិច្ចសហប្រត្តិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិមួយចំនួន នៅប្រទេសថៃ, កូរ៉េ, ចិន, ជប៉ុន, សហរដ្ឋអាម៉េរិក និង​អូស្រ្តាលី។
 
រូបភាពពី​សាលារៀនជំនាន់ថ្មី

រូបភាពពី​សាលារៀនជំនាន់ថ្មី 

រូបភាពពី​សាលារៀនជំនាន់ថ្មី 

Tag:
 អប់រំ
  សាលារៀនជំនាន់ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com