ជាតិ
បោះឆ្នោត
រដ្ឋមន្រ្តីមហាផ្ទៃ មើលឃើញថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំរបស់អាជ្ញាធរ
25, Jul 2023 , 11:12 am        
រូបភាព
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ដោយ:
ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។ នេះបើតាមសារលិខិតរបស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត។



ក្នុងសារលិខិត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ស ខេង សរសើរថា អាជ្ញាធរមានសមត្ថកិច្ច បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាពគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
 
សម្ដេចបានបញ្ជាក់ថា៖«ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មីជូនជាតិមាតុភូមិយើង ជាពិសេសបានបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់»។ 
 
សម្តេចបន្តថា៖«លទ្ធផលដែលសម្រេចបានយ៉ាងត្រចះត្រចង់នេះ មិនត្រឹមតែជាជោគជ័យថ្មីមួយទៀត ក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែកយ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុកបក្សនៅកម្ពុជា»។
 
រដ្ឋមន្រ្តីមហាផ្ទៃ លើកឡើងទៀតថា ប្រជាពលរដ្ឋបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ។ សម្តេច សង្កេតឃើញថា ប្រជាជនគ្រប់ច្រកល្ហក បានអនុវត្តយ៉ាងពេញលេញ ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
 
សូមជម្រាបថា ក្នុងចំណោម​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩,៧លាននាក់ មានប្រជាពលរដ្ឋជាង ៨,២លាននាក់ ឬស្មើនឹងជាង ៨៤ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ចំណែកកាលពីឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង៨លាននាក់ បានទៅបោះឆ្នោត។ 
 
ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នេះ បានឱ្យដឹងថា គណបក្ស ដែលទទួលបានសំឡេងឈានមុខគេ គឺគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់មក គឺ គណបក្សហ៊្វុនស៊ិនប៉ិច។ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ និងចំនួនអាសនៈដែលគណបក្សត្រូវទទួលបាន៕  
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com