ជាតិ
បោះឆ្នោត
ក្រសួងការបរទេស៖ អ្នកទៅបោះឆ្នោតច្រើន បង្ហាញពីប្រជាធិបតេយ្យរស់រវើកនៅកម្ពុជា
25, Jul 2023 , 3:39 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅការិយាល័យមួយក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅការិយាល័យមួយក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ 

អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោត បង្ហាញយ៉ាងច្បាស់ពី «ភាពរស់រវើកនៃប្រជាធិបតេយ្យនៅកម្ពុជា» និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។ ក្រសួងការបរទេសកម្ពុជា បង្ហាញការមើលឃើញបែបនេះតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ទៅកាន់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ក្នុងចំណោមប្រជាពលរដ្ឋជាង៩,៧លាននាក់ក្នុងបញ្ជីបោះឆ្នោត មានប្រជាពលរដ្ឋជាង៨,២លាននាក់ ឬស្មើជាង៨៤ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស លើកឡើងថា ប្រជាពលរដ្ឋខ្មែរជាង៨,២លាននាក់នេះ បានប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំ ដែលពួកគាត់ជឿថា អាចដឹកនាំប្រទេសបានល្អបំផុត។ 

ក្រសួងការបរទេស ថែមទាំងរំលេចទៀតថា ចំនួនប្រជាពលរដ្ឋជាង៨៤ភាគរយ (ឬជាង៨,២លាននាក់នេះ) គឺច្រើនជាងចំនួនប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៤លើកកន្លងមក ដោយគិតចាប់ពីឆ្នាំ២០០៣។ 

ក្រសួងការបរទេស សង្កត់ធ្ងន់ថា ការបោះឆ្នោតឆ្នាំ២០២៣នេះ គឺជាឧទាហរណ៍ជាក់ស្តែងនៃពហុបក្ស និងឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពី «ភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ 
មិនសូវខុសពីលើកមុនៗឡើយ ការបោះឆ្នោតនៅកម្ពុជាលើកនេះ ទទួលបានការអបអរសាទរផង និងរងការរិះគន់ផង ពីសំណាក់រដ្ឋាភិបាលបរទេស។ តួយ៉ាង អាម៉េរិក បង្ហាញពីចំណុចអវិជ្ជមាន ឯចិន បង្ហាញពីចំណុចវិជ្ជមាន ក្នុងការបោះឆ្នោតនេះ។ 

លទ្ធផលបឋមដែលប្រកាសដោយគ.ជ.ប បង្ហាញថា ក្នុងចំណោមគណបក្សទាំង១៨ ដែលចូលរួមប្រកួត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងលំដាប់លេខរៀងទី២។ មានការគណនាក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១២០ក្នុងរដ្ឋសភា ឯនៅដល់៥អាសនៈទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត និងចំនួនអាសនៈដែលគណបក្សនយោបាយទទួលបាន៕ 
 

Tag:
 ក្រសួងការបរទេស
  បោះឆ្នោត
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com