ជាតិ
សង្គមជាតិ
លោក ទីវ តារារិទ្ធ ជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាជូនពេទ្យកុមារអង្គរ
25, Jul 2023 , 8:59 pm        
រូបភាព
ជាអ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្សេងព្រេង លោក​ ទីវ តារារិទ្ធ បានស្ម័គ្រចិត្តជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប។ គោល​ដៅ​របស់​លោក គឺ​ផ្តើម​ចេញពីកម្ពុជា បន្ត​ដល់​វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ក្នុងចម្ងាយ​សរុប​៩០០០គីឡូម៉ែត្រ។

 
ចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី​១ ខែមិថុនា ដំណើរ​ជិះកង់​សប្បុរសធម៌​របស់​លោក ទីវ តារារិទ្ធ មានរយៈពេល​ជិត​២ខែហើយ ដោយ​លោក​បាន​ទៅ​ដល់​ក្រុង និង​តំបន់នានា​នៃប្រទេស​វៀតណាម និង​ឡាវ។ បន្ត​ឆ្ពោះ​ដល់​ក្រុង​បាងកក ប្រទេសថៃ លោក​សម្រេច​បាន​ក្នុង​ចម្ងាយជិត៥០០០គីឡូម៉ែត្រ។
 
តាមពិតទៅលោក តារារិទ្ធ បង្កើតកម្មវិធីជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍នេះ ក្នុងគោលគំនិតចង់ជំរុញសក្ដានុពលទេសចរណ៍ និងធនធានធម្មជាតិ ដោយផ្ដល់ភាពជាគំរូក្នុងនាមជាយុវជនកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តែដោយទទួលបានការទាក់ទងពីមន្ទីរពេទ្យស្នើសុំជំនួយតាមរយៈសកម្មភាពនេះ លោកក៏សម្រេចចិត្តភ្លាមៗធ្វើសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងពេលជាមួយគ្នានេះ។ 
 
រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ

«មន្ទីរពេទ្យតែងតែបើកទ្វារ តែងតែទាក់ទងទៅអ្នកបង្កើតមាតិកា ឬអ្នកមានឥទ្ធិពលក្នុងសង្គម ដែលមានឆន្ទៈ មានចំណង់ចំណូលចិត្តជួយការងារសង្គម ឬក៏ជួយដល់មន្ទីរពេទ្យផ្ទាល់ អ៊ីចឹងពួកគាត់មានក្រុមការងារហើយបានទាក់ទងខ្ញុំនៅពេលដឹងថាខ្ញុំមានកម្មវិធីជិះកង់ធ្វើដំណើរតាមតំបន់អាស៊ីអាគ្នេយ៍ហ្នឹង។ […] តាមពិតកម្មវិធីខ្ញុំគឺចង់លើកស្ទួយតំបន់ទេសចរណ៍​ និងធនធានធម្មជាតិទេ តែពេលមន្ទីរពេទ្យទាក់ទងទៅគឺធ្វើការងារហ្នឹងដដែល ប៉ុន្តែរៃអង្គាសប្រាក់ទៅជួយមន្ទីរពេទ្យកុមារអង្គរ»។ នេះជាការលើកឡើងរបស់លោក ទីវ តារារិទ្ធ។
 
លោក ទីវ តារារិទ្ធ ចូលចិត្តធ្វើដំណើរផ្សងព្រេង ស្រឡាញ់ធនធានធម្មជាតិ និងកីឡាជិះកង់។ រយៈពេល៥ឆ្នាំមកនេះ លោកបានធ្វើដំណើរទៅដល់តំបន់ជាច្រើននៅកម្ពុជា ហើយបានផលិតវីដេអូ រូបភាពបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដើម្បីផ្សព្វផ្សាយពីសហគមន៍ និងតំបន់ដែលលោកបានទៅដល់ផងដែរ។ កាលពីឆ្នាំ២០១៨ លោកធ្លាប់ជិះកង់ចម្ងាយ១២០០គីឡូម៉ែត្រទៅដល់ខេត្តឈៀងម៉ៃ ប្រទេសថៃ។
 

Artwork ​នៃផែនទីជិះកង់របស់លោក ទីវ តារារិទ្ធ
ដំណើរតែម្នាក់ឯង!
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនច្បាស់ណាស់ប្រាកដជាធ្លាប់បានឃើញរូបភាព និងវីដេអូបង្ហាញពីសកម្មភាពធ្វើដំណើររបស់បុរសម្នាក់នេះ លើទំព័រហ្វេសប៊ុក Travel with Rith - ធ្វើដំណើរជាមួយរិទ្ធ និងឆាណែលយូធូប Dararith Tiv ។ រូបភាព និងវីដេអូស្អាតៗ រៀបរាប់ពីដំណើរដ៏វែងរបស់លោក ដែលភ្ជាប់ជាមួយកម្មវិធីវៃអង្គាសថវិកា តែងមានជារឿយៗលើបណ្ដាញសង្គមទាំងពីរនោះពុំដាច់ឡើយ។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ លោក តារារិទ្ធ ទៅតែម្នាក់ឯងគត់ គ្មានវត្តមានក្រុមការងារ ឬមិត្តភក្ដិទៅជាមួយឡើយ។ 
 
បើដូច្នោះតើនរណាថតរូប និងវីដេអូឱ្យ? បុរសវ័យ៣៤ឆ្នាំរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖«ខ្ញុំទៅតែម្នាក់ឯងទេបាទ! ដោយសារខ្ញុំមានជំនាញច្រើន និងបទពិសោធច្រើន។ ដូចខ្ញុំនិយាយអ៊ីចឹង ខ្ញុំធ្លាប់ធ្វើដំណើរ ខ្ញុំបានស្រាវជ្រាវច្រើនពីការធ្វើដំណើរ ហើយការផលិតវីដេអូហ្នឹងក៏ជាជំនាញខ្ញុំដែរ។ អ៊ីចឹងខ្ញុំអាចធ្វើដំណើរបណ្ដើរផលិតបណ្ដើរ។ អ៊ីចឹងខ្ញុំតែម្នាក់ឯងគត់ក្នុងការធ្វើដំណើរហ្នឹង»។ ឆ្លើយសំណួរសារព័ត៌មានថ្មីៗនាពេលនោះម៉ោង១០ និង​៣០នាទីយប់ លោកអះអាងថា កំពុងធ្វើការងារបណ្ដើរនោះហើយ។
 

រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ

ជិះកង់ចម្ងាយ៩០០០គីឡូម៉ែត្រជាមួយអីវ៉ាន់៥ចំណែក
លោក តារារិទ្ធ បញ្ជាក់​ថា លោក​បានរៀបចំសម្ភារមួយចំនួនទៅជាមួយមានតាំងពីឧបករណ៍ជួសជុលកង់ ដែលជាសម្ភារចាំបាច់ និងសំខាន់បំផុតក្នុងដំណើរដ៏វែងមួយនេះ។ ក្រៅពីនេះមានឧបករណ៍បោះតង់,កាមេរ៉ា,កុំព្យូទ័រ,សម្លៀកបំពាក់ និងអាហារជាដើម។ 
 
«ទៅហ្នឹងគឺរៀបចំបែងចែកជា៥ក្រុម កាតាបពីរមុខ ពីរ​ក្រោយ និងកាតាបកណ្ដាលមួយ​។ ក្រុមទី១ជាផ្នែកសំខាន់ មានគ្រឿងកង់ មានពោះវៀនកង់ ដែលខ្ញុំអាចជួសជុលខ្លួនឯងបាន ដើម្បីបន្តទៅមុខ។ មួយទៀតខ្ញុំដាក់ឧបករណ៍សម្រាប់ដេក បោះតង់ ចងអង្រឹង ហើយមួយក្រុមទៀតគឺខោអាវស្លៀកពាក់ មានក្រមា កន្សែង។ មួយក្រុមទៀតគឺកាមេរ៉ាថតក៏ជារបស់សំខាន់ មានដ្រូន កាមេរ៉ា កុំព្យូទ័រដើម្បីផលិតវីដេអូ ហើយមួយក្រុមទៀតគឺអាហារ និងឧបករណ៍ចម្អិនអាហារ»។ នេះជាការលើកឡើងរបស់លោក តារារិទ្ធ ដែលបន្តថា នៅមានឯកសារឆ្លងដែន និងថ្នាំសង្កូវមួយចំនួនទៀតក៏លោកដាក់ទៅជាមួយផងដែរ។

រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ
 
កាយសម្បទា និងផ្លូវចិត្តរឹងមាំ
ក្នុងការផ្សងព្រេងនេះ លោក តារារិទ្ធ បានជួបឧបសគ្គច្រើនរៀបរាប់សឹងមិនអស់នោះឡើយ។ និយាយត្រួសៗ ប្រឈមគ្រោះថ្នាក់ពេលជិះកង់ឡើងភ្នំ ចូលព្រៃ បញ្ហាចរាចរណ៍តាមផ្លូវថ្នល់ អត់អាហារ ខូចកង់នៅតំបន់ដាច់ស្រយាល ពិសេសបញ្ហាឆ្លងដែនពីតំបន់មួយទៅតំបន់មួយជាដើម។ លោកទទួលស្គាល់ថាការជិះកង់គឺពិបាកខ្លាំង ត្រូវប្រើបេះដូង ភាពមោះមុត កាយសម្បទាត្រូវមាំមួន និងការតាំងចិត្តខ្ពស់បំផុតទើបអាចជិះកង់ទៅមុខបាន។ 
 
«ខ្ញុំសង្ឃឹមថាអ្នកតាមដានទទួលបានអារម្មណ៍ការលំបាកហ្នឹងហើយ លំបាកពេកទៅរាប់អត់ចង់អស់ អ៊ីចឹងខ្ញុំគ្រាន់តែអាចចែករំលែកជាវីដេអូខ្លីៗ និងជារូបភាព។ ដូចយើងបានដឹងហើយថា គ្រាន់តែជិះកង់ពីខេត្តមួយទៅខេត្តមួយក៏មិនងាយស្រួលដែរ​ គ្រាន់តែឮពាក្យថាជិះកង់ហ្នឹងគឺហត់បាត់ទៅហើយ ហើយប្រឈមជាមួយគ្រប់សព្វបែបយ៉ាងនៃរឿងរ៉ាវជីវិតទាំងអស់នៅខាងក្រៅ និយាយទៅវាលំបាកជារៀងរាល់ថ្ងៃ អត់មានកន្លែងណាស្រួល បើរៀបរាប់គឺមិនអស់ហ្មង»។ នេះជាការលើកឡើងរបស់លោក តារារិទ្ធ។
 
ទោះបីលំបាកយ៉ាងណាក៏ដោយ លោកគ្មានគំនិតបោះបង់ឡើយ ហើយប្ដេជ្ញាចិត្តសម្រេចគោលដៅ៩ពាន់គីឡូម៉ែត្រឱ្យបាន ដែលនេះជា​ឆន្ទៈរបស់លោកក្នុងនាមជាពលរដ្ឋកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា។ ម្យ៉ាងទៀតដោយសារលោក ចូលចិត្តធ្វើដំណើរផ្សងព្រេងស្រាប់ ដូច្នេះពេលទៅដល់តំបន់ធម្មជាតិនានាធ្វើឱ្យលោកសប្បាយចិត្ត ហើយការគាំទ្រពីសប្បុរសធម៌លើសកម្មភាពរបស់លោក ក៏ជាកម្លាំងជំរុញទឹកចិត្តយ៉ាងពិសេសសម្រាប់លោកផងដែរ។
  
រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ

អរគុណខ្លួនឯងដែលមានកាយសម្បទារឹងមាំ...
បុរសវ័យសម្បុរស្រអែមវ័យ៣៤ឆ្នាំរូបនេះ ផ្ញើសារជាសំឡេងប្រាប់សារព័ត៌មានឌីជីថល​ថ្មីៗថា៖«សំណាងខ្ញុំជាអ្នកកីឡា ខ្ញុំចូលចិត្តដើរព្រៃ ឡើងភ្នំ ខ្ញុំមានពិសោធច្រើននៅកម្ពុជា នៅភ្នំក្រវ៉ាញខ្ញុំធ្លាប់ដើរម្នាក់ឯងក្នុងព្រៃ គឺវាស៊ាំជាមួយការលំបាកអស់ហ្នឹងច្រើនមែនទែន។​ ហើយខ្ញុំគឺជាកីឡាករកង់ម្នាក់ដែលមានថាមពល មានកម្លាំង​ មានកាយសម្បទាខ្លាំង តាំងពីថ្ងៃដំបូងមកដល់ថ្ងៃហ្នឹង ខ្ញុំអត់ដែលឈឺទេ។ ខ្ញុំជិះកាត់ភ្លៀង ថ្ងៃខ្លះជិះកាត់ភ្លៀង៣-៤ថ្ងៃជាប់គ្នារហូតក៏មានដែរ​ អត់ដែលឈឺទេសូម្បីតែ១ថ្ងៃខ្ញុំអត់ដែលឈឺទេ។ អ៊ីចឹងវាជាសំណាងដែលខ្ញុំជាមនុស្សម្នាក់មានកាយសម្បទាខ្លាំងរឹងមាំ»។ កាយសម្បទារឹងមាំ មានថាមពល និងកម្លាំងខ្លាំង ដោយសារលោក រិទ្ធ បានថែទាំសុខភាពយ៉ាងល្អ ពិសេសរបបអាហារ លោកញាំរបស់ដែលមានជីវជាតិ និងអាហារល្អៗប៉ុណ្ណោះ។
 
ការទទួលស្វាគមន៍ដ៏កក់ក្ដៅពីពលរដ្ឋតាមតំបន់ ជាការចងចាំដ៏ល្អ!
មិនត្រឹមតែពលរដ្ឋកម្ពុជាឡើយដែលគាំទ្រសកម្មភាពសប្បុរសធម៌របស់លោក តារារិទ្ធ ប៉ុន្តែពលរដ្ឋជាតិសាសន៍ដទៃទៀតដូចជា វៀតណាម ឡាវ ថៃ ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកផងដែរ។ លោក តារារិទ្ធ សប្បាយចិត្ត និងមានមោទកភាព ដែលសកម្មភាពសប្បុរសធម៌របស់ខ្លួនទទួលបានការគាំទ្រ និងការឧបត្ថម្ភច្រើនពីគ្រប់មជ្ឈដ្ឋានបែបនេះ។ លោកយល់ថា វាជាបទពិសោធដ៏ល្អ និងជាការចងចាំដ៏មានអត្ថន័យបំផុតសម្រាប់ជីវិតរបស់លោក៕
 
រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ

រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ

រូបភាពផ្ដល់ដោយលោក ទីវ តារារិទ្ធ


Tag:
 ជិះកង់
 ទីវ តារារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com