អន្តរជាតិ
តៃវ៉ាន់និងចិនត្រៀមលក្ខណៈ ដោយសារព្យុះទីហ្វុង Doksuri ជិតទៅដល់
25, Jul 2023 , 10:59 pm        
រូបភាព
តៃវ៉ាន់នៅថ្ងៃទី២៥ ខែកក្កដាបានលុបចោលគម្រោងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ហើយបង្កើនការត្រៀមលក្ខណៈសម្រាប់ទទួលព្យុះទីហ្វុង Doksuri ដែលអាចវាយប្រហារកោះនេះនាពេលខាងមុខ។ ទន្ទឹមនេះ ចិនក៏បានជំរុញឱ្យពលរដ្ឋខ្លួនត្រៀមលក្ខណៈ​ដូចគ្នាដែរដោយសារព្យុះនេះអាចឈានចូលជ្រៅទៅទឹកដីចិនដែរ។



ព្យុះទីហ្វុង Doksuri ដែលមានអង្កត់ផ្ចិតជិត១ពាន់គីឡូម៉ែត្រ ត្រូវរំពឹងថានឹងបោកបក់កាត់កោះភាគខាងជើងហ្វីលីពីននៅពាក់កណ្តាលសប្តាហ៍នេះ ខណៈខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនឹងមានឥទ្ធិពលដល់តៃវ៉ាន់និងចិនបន្តទៀត។ 
 
ក្រុមមន្ត្រីអាកាសធាតុតៃវ៉ាន់បានលើកឡើងថា ព្យុះទីហ្វុង Doksuri នឹងចូលទៅដល់តំបន់ខ្សែទឹក Bashi ដែលនៅចន្លោះតៃវ៉ាន់ និងហ្វីលីពីនក្នុងទិសដៅពីលិចទៅកើត និងខិតទៅជិតដែនទឹកចេញពីឆ្នេរសមុទ្រភាគខាងត្បូងតៃវ៉ាន់ មុនពេលបោកបក់ទៅភាគខាងត្បូងចិន។ 
 
បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន បច្ចុប្បន្នព្យុះទីហ្វុង Doksuri កំពុងបក់ដោយល្បឿនខ្យល់២២៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងបោកបក់មកចិនដីគោកនៅចន្លោះខេត្តហ្វូជាននិងគ័ងតុងនៅថ្ងៃទី២៨ ខែកក្កដាខាងមុខ។ 
 
ជាមួយក្ដីបារម្ភ ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី២៥ ខែកក្កដា បានលុបចោលផ្នែកខ្លះនៃសមយុទ្ធយោធាប្រចាំឆ្នាំ Han Kuang ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកក្កដា។ យ៉ាងណាមិញ អាជ្ញាធរតៃវ៉ាន់នៅមិនបញ្ជាក់ច្បាស់នៅឡើយថា ព្យុះទីហ្វុងអាចជះឥទ្ធិពលបន្ថែមទៀតដល់សមយុទ្ធយោធារយៈពេលប្រាំថ្ងៃដែលគ្រោងនឹងធ្វើឡើងនៅទូទាំងកោះក្នុងសប្តាហ៍នេះឬទេ។ 
 
ការិយាល័យអាកាសធាតុកោះតៃវ៉ាន់ក៏បានបានចេញការព្រមានដែរដោយជំរុញឱ្យប្រជាជននៅទីនោះត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Chen Chien-jen ក៏បានបង្ហោះសារលើបណ្ដាញសង្គម Facebook ក្រើន​រំលឹកដល់​ពលរដ្ឋ​កុំឱ្យ​មើល​ស្រាល​ការ​ឥទ្ធិពល​ព្យុះ​ទីហ្វុងនេះផងដែរ៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com