អន្តរជាតិ
តៃវ៉ាន់ ធ្វើសមយុទ្ធយោធាវាយឆ្មក់លើកម្លាំងឈ្លានពាន
26, Jul 2023 , 6:19 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

យោធាតៃវ៉ាន់ បានសមយុទ្ធប្រឆាំងនឹងយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan ជាលើកដំបូងនៅថ្ងៃទី២៦ ខែកក្កដា ដោយក្លែងវាយឆ្មក់ទៅកម្លាំងឈ្លានពាន ស្របដែលចិនបង្កើនសម្ពាធយោធាកាន់តែខ្លាំង។

 
សមយុទ្ធនេះ ជាផ្នែកមួយនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា។ សមយុទ្ធនេះ ផ្តោតទៅលើការការពារហេដ្ឋារចនាសម្ព័ន្ធ និងការវាយប្រហារនាវាសត្រូវដែលចូលមកខ្សែទឹកសំខាន់ៗរបស់តៃវ៉ាន់។
 
បើតាមការបញ្ជាក់ពីក្រសួងការពារជាតិតៃវ៉ាន់ ឧទ្ធម្ភាគចក្រចំនួន៦គ្រឿង និងទាហានប្រហែល១៨០នាក់បានចូលរួមក្នុងសមយុទ្ធមួយនេះនៅឯអាកាសយានដ្ឋានTaoyuan។
 
«យើងត្រូវតែបន្តជំរុញភាពធន់របស់តៃវ៉ាន់នៅគ្រាអាសន្ន ដូច្នេះនៅពេលដែលប្រឈមមុខនឹងការគំរាមកំហែង យើងអាចងើបឡើងវិញបានលឿន និងកាត់បន្ថយផលប៉ះពាល់នៃការប្រតិបត្តិការ»។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី  សៃ អ៊ីងវេន ថ្លែងបែបនេះ។ 
 
ក្នុងអាណត្តិរបស់ខ្លួន លោកស្រី សៃ ចាត់ទុកទំនើបកម្មយោធាជាអាទិភាពដ៏សំខាន់មួយរបស់តៃវ៉ាន់ ដោយជំរុញឱ្យមានគម្រោងការពារផ្សេងៗរួមទាំងការអភិវឌ្ឍយន្តហោះ និងនាវាមុជទឹកផ្ទាល់ខ្លួនផងដែរ។ 
 
ជាមួយគ្នានេះ មេដឹកនាំរូបនេះក៏បានប្តេជ្ញា​ម្តង​ហើយ​ម្តងទៀត​ថា​នឹង​ការពារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់តៃវ៉ាន់ប្រសិនបើ​ចិន​វាយប្រហារ​៕
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com