កីឡាអន្តរជាតិ
អន្តរជាតិ
រងការរិះគន់ព្រោះសាក់រូប Ronaldo កីឡាការិនីអាហ្សង់ទីន Rodriguez ថា ខ្លួនមិនមែនប្រឆាំង Messi ទេ
28, Jul 2023 , 7:59 am        
រូបភាព
Yamila Rodriguez ខ្សែប្រយុទ្ធក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាហ្សង់ទីន អះអាងថាទោះសាក់រូប Cristiano Ronaldo នៅលើជើងឆ្វេងរបស់ខ្លួន តែមិនមានន័យថាប្រឆាំង ឬមិនពេញចិត្តនឹង Lionel Messi ដែលជាមិត្តជាតិនោះទេ។



កីឡាការិនីវ័យ ២៥ឆ្នាំ បានរងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនានា បន្ទាប់ពីអ្នកគាំទ្រឃើញ Rodriguez  សាក់រូប Ronaldo។ អ្នកគាំទ្របានចាត់ទុកថានេះ ជាការបង្ហាញពីការមិនគោរពដល់ខ្សែប្រយុទ្ធ Messi ដែលជាមិត្តរួមជាតិអាហ្សង់ទីនដូចគ្នា។ កាលពីមុន Messi និង Ronaldo ធ្លាប់ជាគូប្រជែងនឹងគ្នាកាលនៅទឹកដីប្រទេសអេស្ប៉ាញ ក្របខណ្ឌ La Liga។
  


កីឡាការិនី Rodriguez បានសាក់រូបនៅលើជើងឆ្វេងរបស់នាង ដោយនៅភ្លៅរបស់នាង មានសាក់រូបវីរៈបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Amando Maradona ហើយនៅលើស្មងជើងមានសាក់រូបរបស់ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ និងក្រុម Al-Nassr FC។ កីឡាការិនី Rodriguez បានស្នើសុំឱ្យអ្នកគាំទ្ររៀនបើកចិត្ត ដ្បិតនេះគ្រាន់ជាការសាក់បែបសិល្បៈប៉ុណ្ណោះ។
 
«ត្រង់ចំណុចណាដែលខ្ញុំនិយាយថាខ្ញុំប្រឆាំង Messi? ខ្ញុំមិនមានពេលអាក្រក់ដោយសារអ្នកទាំងគ្នានោះទេ តែខ្ញុំឆ្លើយតបសម្រាប់ការនិយាយដោយគ្មានមេត្តាមកលើខ្ញុំ។ តើអ្នកមិនអាចមាននិមិត្តរូបឬក៏កីឡាករដែលអ្នកចូលចិត្តទេឬ? Messi ជាប្រធានក្រុមដ៏អស្ចារ្យរបស់យើង នៅក្រុមជម្រើសជាតិ តែការពិតនិមិត្តរូបរបស់ខ្ញុំគឺជា Ronaldo ហើយមិនមានន័យថាខ្ញុំមិនគោរពឬស្អប់ខ្ពើម Messi ដែរ​»។ កីឡាការិនី Rodriguez បានបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ។
 
កីឡាការិនី Rodriguez ​ក៏បានអំពាវនាវតាមរយៈការបង្ហោះដដែលនោះដូច្នេះថា ៖«តើអ្វីជាបញ្ហា? យើងទាំងអស់គ្នាមិនមានកាតព្វកិច្ចស្រលាញ់តែកីឡាករនៃប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ។ បែបនេះគឺជាការយល់ខុស សូមមេត្តាយល់ដឹងអំពីបាល់ទាត់ បាល់ទាត់បង្ហាញពីចំណងចំណូកចិត្ត និងរំលេចពីគ្រប់គ្នាមិនមែនងប់ងល់តែម្នាក់ប៉ុណ្ណោះ។»។
 
កីឡាការិនី Rodriguez បានផ្លាស់ប្តូរចូលលេងឱ្យក្រុមអាហ្សង់ទីនក្នុងជំនួបរងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់អ៊ីតាលី ក្នុងជំនួបបើកឆាកពូល G។ អាហ្សង់ទីននឹងត្រូវប្រកួតទល់ក្រុមអាហ្វ្រិកខាងត្បូងនៅថ្ងៃទី២៨ ខែកក្កដា។
 
Messi វ័យ ៣៦ឆ្នាំ ម្ចាស់ពាន Ballon d’Or ៧សម័យ និង Ronaldo វ័យ ៣៨ឆ្នាំ ធ្លាប់ឈ្នះ Ballon d’Or ៥លើក ដែលបូកសរុបបញ្ចូលគ្នាមានចំនួនពានដល់ទៅ១២ឯណោះ។ បច្ចុប្បន្ន Ronaldo កំពុងប្រកបអាជីពនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតក្របខណ្ឌ Saudi Pro League ខណៈដែល Messi ប្រកបអាជីពនៅប្រទេសអាម៉េរិក ក្របខណ្ឌ Major League Soccer៕
 

Tag:
 Yamila Rodriguez
  Lionel Messi
  Cristiano ROnaldo
© រក្សាសិទ្ធិដោយ thmeythmey.com