ជាតិ
ព្រលានយន្តហោះសៀមរាបថ្មី នឹងដំណើរការនៅថ្ងៃទី១៦ តុលា
28, Jul 2023 , 2:14 pm        
រូបភាព
សៀមរាប៖ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ឬ Siem Reap Angkor International Airport ដែលជាព្រលានយន្តហោះថ្មី ក្នុងខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅពេលអាកាសចរណ៍ថ្មីចាប់បើក គ្រប់ជើងហោះហើរទាំងអស់នៅព្រលានចាស និងត្រូវផ្ទេរទាំងស្រុង ទាំងទំនិញ និងដឹកជញ្ជូនអ្នកដំណើរ។



ក្នុងលិខិតចុះថ្ងៃទី២៦ ខែកក្កដា សរសេរដូច្នេះ៖ «គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងរៀបចំផ្ទេរទាំងស្រុង និងតែមួយគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។ 
 
ក្នុងលិខិតនោះបញ្ជាក់បន្តថា ការកំណត់ខាងលើនេះ នឹងចាប់ផ្ដើមអនុវត្ត ថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២៣។ 
 
ជាមួយគ្នានេះ អាកាសយានដ្ឋានមួយនេះ ក៏នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចំបាច់ ដោយមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញផងដែរ។ ការសាកល្បងនេះ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ 
 
គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានទីតាំងនៅភូមិក្រៀលពល ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលានយន្តហោះសៀមរាប-អង្គរនេះ សាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លាន​ដុល្លារ​អាម៉េរិក និងចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែ មីនា ឆ្នាំ២០២០។ 
 
ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោង​កិច្ចព្រមព្រៀង​វិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួម​ខេត្តសៀមរាប៕
 

Tag:
 ThmeyThmey
  ព្រលានយន្តហោះ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com