កីឡាអន្តរជាតិ
អន្តរជាតិ
មិត្ភភាពកម្តៅសាច់ដុំនៅជប៉ុន៖ Ronaldo មើលឃើញ Al-Nassr កើនសមត្ថភាព
28, Jul 2023 , 5:39 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារមួយនៅលើបណ្តាញសង្គម បង្ហាញចំណាប់អារម្មណ៍របស់គេថាក្លិប Al-Nassr កំពុងតែបន្តភាពប្រសើរឡើងក្នុងការអភិវឌ្ឍទម្រង់លេងរបស់ខ្លួន ក្រោយប្រកួតស្មើក្រុម Inter Milan លទ្ធផល ១-១ នៃការប្រកួតមិត្តភាពក្នុងប្រទេសជប៉ុននាថ្ងៃទី២៧ ខែកក្កដា។



ក្រុម Al-Nassr បានធ្វើដំណើរប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីរបស់ខ្លួនក្នុងប្រទេសជប៉ុន ដោយការប្រកួតចុងក្រោយបង្អស់ទល់ក្រុមលំដាប់លេខ ២ ក្នុងពានរង្វាន់អឺរ៉ុប Champions League រដូវកាលមុន Inter Milan ក្នុងលទ្ធផល ១-១។ មុនពេលប្រកួតស្មើក្រុម Inter Milan ក្រុមស្ថិតក្នុងក្របខណ្ឌ Saudi Pro league មួយនេះក៏បានប្រកួតស្មើក្រុម Paris Saint Germain ជើងឯកលីគកំពូលបារាំងលទ្ធផលស្មើ ០-០។
  


កីឡាករ Anderson Talisca ជាអ្នករកគ្រាប់បាល់ ១គ្រាប់សម្រាប់ Al-Nassr មុនពេលកីឡាករ Davide Frattesi របស់ Inter Milan រកបានគ្រាប់បាល់តាមស្មើមកវិញ។
ចំពោះការប្រកួតមិត្តភាពទល់នឹងក្រុមខ្លាំងៗតំបន់អឺរ៉ុប ជាមួយលទ្ធផលល្អគាប់ប្រសើរ ប្រធានក្រុម Al-Nassr រូបនេះបានបង្ហាញចំណាប់អារម្មណ៍ខ្លួននៅលើបណ្តាញសង្គម Twitter ថាក្រុមរបស់គេកំពុងបន្តភាពល្អប្រសើរឡើង។
 
«ជាការធ្វើតេស្តដ៏ល្អ យើងកំពុងតែបន្តភាពល្អប្រសើររបស់យើង។ អរគុណសម្រាប់អ្នកគាំទ្រនៅទីនេះក្នុងប្រទេសជប៉ុនសម្រាប់ការគាំទ្រដ៏អស្ចារ្យ ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នាម្តងទៀតឆាប់ៗនេះ។»។ នេះជាចំណាប់អារម្មណ៍ដែល Ronaldo បានបង្ហោះ។
 
ក្រោយបញ្ចប់ការប្រកួតមិត្តភាពនៅក្នុងប្រទេសជប៉ុនរួចរាល់ Ronaldo នឹងត្រូវបន្តដំណើរជួយក្រុម Al-Nassr ប្រកួតប្រជែងក្នុងពានរង្វាន់ Arab Club Champions Cup ដោយត្រូវជួបតទល់ជាមួយនឹងក្រុម Al-Shabab ខណៈដែលការប្រកួតត្រូវធ្វើឡើងនៅថ្ងៃទី២៨ ក្នុងកីឡដ្ឋាន King Fahd ក្នុងទីក្រុង Ta’if ប្រទេសអារ៉ាប៊ីសាអូឌីត៕
 

Tag:
 Cristiano Ronaldo
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com