កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជឿជាក់ ​Al-Nassr អាចចុះកិច្ចសន្យានាំយក Mane ពី Bayern Munich
28, Jul 2023 , 7:29 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Al-Nassr ត្រូវបានគេរាយការណ៍ថាមានភាពជឿជាក់ថាក្រុមរបស់ខ្លួននឹងអាចចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Sadio Mane ពីក្រុម Bayern Munich ដើម្បីមកចូលរួមក្រុមបានក្នុងទីផ្សារដោះដូររដូវកាលថ្មីនេះ។



ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ ត្រូវបានស្ថិតក្នុងគោលដៅជាកីឡាករដ៏សំខាន់មួយក្នុងគម្រោងរបស់ក្លិប Al-Nassr នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ចាប់តាំងពីក្រុមជើងឯកលីគអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ចង់បញ្ចេញកីឡាកររូបនេះ។
  


Mane រយៈពេលចុងក្រោយបានបាត់បង់ប្រជាប្រិយភាពនៅក្នុងក្លិប Bayern Munich ជាពិសេសពីសំណាក់លោក Thomas Tuchel ដែលជាអ្នកចាត់ការក្រុមផ្ទាល់តែម្តង។ រដូវកាលមុន Mane ក៏មិនសូវបង្ហាញទម្រង់លេងបានល្អឱ្យក្រុម Bayern Munich។
 
កីឡាករខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ក៏ធ្លាប់បង្ហាញអារម្មណ៍របស់គេថានឹងបន្តស្នាក់នៅក្នុងក្រុម Bayern Munich ដើម្បីប្រជែងយកតំណែងខ្លួនមកវិញនៅក្នុងក្រុមរបស់លោក Thomas Tuchel សម្រាប់រដូវកាលថ្មី តែយ៉ាងណាឆ្លងកាត់ការប្រកួតត្រៀមបើករដូវកាលថ្មី Mane ក៏បានបង្ហាញពីអារម្មណ៍មិនសូវសប្បាយចិត្តទៅវិញ។
 
បើតាមការរាយការណ៍មួយពីសំណាក់អ្នកកាសែតដ៏ល្បីលើវិស័យបាល់ទាត់ Fabrizio Romano ខ្សែប្រយុទ្ធនិយមជើងស្តាំមួយនេះ លែងក្លាយជាកីឡាករមានប្រជាប្រិយភាពនៅក្នុងទឹកដី Allianz Arena ដូចកាលពីមុនទៀតហើយ។
 
នាពេលថ្មីៗនេះ អំពីរឿងរ៉ាវនៃការផ្លាស់ប្តូរក្នុងរដូវកាលថ្មី ក្លិប Al-Nassr បានបង្ហាញទំនុកចិត្តរបស់ខ្លួនក្នុងការអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bayern Munich នាំយក Mane មកកាន់ដឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ ក្លិប Al-Nassr ផ្តល់តម្លៃនៃការផ្ទេររវាងក្លិបប្រមាណ ៣៧លានអឺរ៉ូ (៤០,៥លានដុល្លារ)។
 
ចំណែកក្លិប Al-Nassr ដែលកំពុងមាន Ronaldo ដែលជាកីឡាករខ្សែប្រយុទ្ធ និងជាប្រធានក្រុម បាននិយាយថាក្លិប Al-Nassr កំពុងតែចរចាលើកិច្ចព្រមព្រៀងជាមួយនឹង Bayern Munich។ លើសពីនេះភ្នាក់ងាររបស់ Mane ក៏កំពុងតែជជែកអំពីកិច្ចសន្យាជាមួយនឹង Al-Nassr។ ឯ​ Ronaldo ក៏ដាក់ការជឿជាក់លើ Al-Nassr ថានឹងអាចយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិសេណេហ្កាល់រូបនេះទៅរួមក្រុមជាមួយខ្លួនផងដែរ។
 
Mane អតីតខ្សែប្រយុទ្ធក្រុម Liverpool មានកិច្ចសន្យាជាមួយនឹងក្រុម Bayern Munich រហូតដល់ឆ្នាំ ២០២៥ ហើយរដូវកាលមុនរូបគេរកបានគ្រាប់បាល់ត្រឹមតែ ១២គ្រាប់ និងបញ្ជូនបាល់ ៦លើកប៉ុណ្ណោះពីការប្រកួតចំនួន ៣៨។ ទោះយ៉ាងណាគេក៏រួមចំណែកជួយ Bayern Munich លើកពាន Bundesliga រដូវកាលមុន៕
 

Tag:
 Cristiano Ronaldo
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com