ជាតិ
ផ្លូវក្រវាត់ក្រុងទី៣តម្លៃ២៧៣លានដុល្លារ នឹងត្រូវដាក់ឲ្យប្រើប្រាស់ ចាប់ពីថ្ងៃទី៣សីហា
28, Jul 2023 , 8:59 pm        
រូបភាព
ផ្លូវក្រវាត់ក្រុងទី៣តម្លៃ២៧៣លានដុល្លារ  ដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣សីហា ក្រោម វត្តមានសម្តេច ហ៊ុន សែន។ ប្រភពរូបថត៖ មន្ទីរសាធារណការរាជធានីភ្នំពេញ
ផ្លូវក្រវាត់ក្រុងទី៣តម្លៃ២៧៣លានដុល្លារ ដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣សីហា ក្រោម វត្តមានសម្តេច ហ៊ុន សែន។ ប្រភពរូបថត៖ មន្ទីរសាធារណការរាជធានីភ្នំពេញ
ផ្លូវក្រវាត់ក្រុងទី៣ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ដល់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវដាក់ប្រើប្រាស់ជាផ្លូវការ​ ចាប់ពីថ្ងៃទី៣សីហា តទៅ។ ផ្លូវមួយខ្សែនេះមានតម្លៃប្រមាណ២៧៣លានដុល្លារ ដែលកម្ពុជាទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិនក្នុងការសាងសង់ឡើង។​

 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរនៅរាជធានីភ្នំពេញ។ លើសពីនេះ ផ្លូវនេះនឹងតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ រួមនឹងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់នានារបស់មហាអនុតំបន់មេគង្គដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ។ ក្រសួងបានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ២៧៣លានដុល្លារនេះ នឹងជួយធ្វើឱ្យទឹកដីនៅជុំវិញផ្លូវនេះក្លាយជាតំបន់អភិវឌ្ឍថែមទៀត។​
 
ផ្លូវដែលមានប្រវែងជាង៥០គីឡូម៉ែត្រនេះ គឺមានការចែកចេញជា២ប្រភេទ ដោយក្នុងនោះមាន៤៨គីឡូម៉ែត្រត្រូវបានចាត់បេតុងសរសៃដែកដែលមានកម្រាស២២សង់ទីម៉ែត្រ ​និងទំហំទទឹងផ្លូវមានរហូតដល់ទៅ២៧ម៉ែត្រសម្រាប់ទីប្រជុំជន​ និង២៥ម៉ែត្រសម្រាប់ក្រៅទីប្រជុំជន។ ចំពោះសម្រាប់ផ្លូវខ្នែងដែលមានប្រវែង៥គីឡូម៉ែត្រ ត្រូវបានចាក់បេតុងកៅស៊ូ កម្រាស់៩សង់ទីម៉ែត្រ។
 
សូមជម្រាបថា ផ្លូវនេះ​ត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានសម្តេច ហ៊ុន សែន និងលោកវ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា៕
 

Tag:
 ផ្លូវក្រវាត់ក្រុងខ្សែទី៣
© រក្សាសិទ្ធិដោយ thmeythmey.com