ជាតិ
សមាគមស្វាយចន្ទីកម្ពុជា ស្នើកសិករឱ្យត្រៀមខ្លួនទប់ទល់បាតុភូតកម្ដៅ El Nino
28, Jul 2023 , 9:59 pm        
រូបភាព
រូបភាព៖ KOSAL FARMS
រូបភាព៖ KOSAL FARMS
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានក្រើនរំឭក​ដល់កសិករឱ្យត្រៀមខ្លួនទប់ទល់នឹងបាតុភូតកម្ដៅ ឈ្មោះថា «El Nino» ដែលអាចកើតឡើងនៅចន្លោះខែតុលា ដល់មិថុនា ឆ្នាំ២០២៤។ បាតុភូតកម្ដៅនេះ អាចបង្កហានិភ័យធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅ ដែលធ្វើឱ្យដំណាំចន្ទីពិបាកលូតលាស់ និងការវាយប្រហារពីសត្វល្អិតចង្រៃ ផងដែរ។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគស្វាយចន្ទីកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា បាតុភូត «El Nino» នឹងមានឥទ្ធិពលមកលើតំបន់ចាប់ពីខែតុលា ២០២៣ ដល់ ខែមិថុនា ២០២៤ ដោយបង្កឲ្យមានភាពក្ដៅស្ងួតអូសបន្លាយ ខ្វះទឹកក្នុងដីគ្មានសំណើម ដើម្បីជួយរុក្ខជាតិឲ្យលូលាស់ល្អ និងបង្កឲ្យមានកត្តាចង្រៃបំផ្លាញស្វាយចន្ទីដូចជា ចៃស ដង្កូវគ្រប់ប្រភេទស្រមើរ និងពីងពាងក្រហម ជាដើម។ 
 
ចំពោះមុខ សមាគម ណែនាំឱ្យកសិករ តែងមែកចន្ទីឲ្យសមល្មម ដើម្បីឲ្យដើមអាចចែកទឹកដល់គ្រប់ជ្រុងជ្រោយ យ៉ាងយូរ ចុងខែកក្កដា ២០២៣។ ដាក់ជីគល់ឲ្យសមមាត្រនឹងដើម ដើម្បីផ្ដល់កម្លាំងនិងសន្សំថាមពលដើម ឲ្យបានយ៉ាងយូរ ត្រឹមខែសីហា ២០២៣។
 
លើសពីនេះ ត្រូវប្រើវិធីសាស្ត្រមួយត្រួយចេញផ្កា ដូចជាប្រើវិធីជម្រុះស្លឹកសម្រាប់ចន្ទីអាយុលើស៧ឆ្នាំ ជា ដើម ធ្វើឲ្យបាននៅចុងខែតុលា ២០២៣។ ត្រូវស្គាល់នឹងប្រើថ្នាំកសិកម្មឲ្យត្រឹមត្រូវតាមធាតុសកម្ម នឹងមុខសញ្ញាសត្វល្អិត បំផ្លាញ ជៀសវាងភាពស៊ាំដល់សត្វល្អិត និង ការចំណាយច្រើនឥតប្រយោជន៍។ 
 
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្ថែមខ្លីថា លោក បានទទួលបានព័ត៌មាននានាជុំវិញបាតុភូត «El Nino» ដែលអាចបង្កការរាំងស្ងួតក្នុងតំបន់ និងប្រទេសកម្ពុជា ក្នុងរយៈពេលយូរ។ ថ្វីដ្បិត វាមិនទាន់កើតមាន ប៉ុន្តែ សមាគមបានត្រៀមខ្លួន និងកំពុងគិតគូរពីដំណោះស្រាយ ដើម្បីធ្វើយ៉ាងជួយកសិករទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះឱ្យបានយ៉ាងតិច៥០ភាគរយ។ 
 
លោក ប្រាប់ដូច្នេះថា៖«ខាងមុខដ៏ខ្លីនេះ សមាគមស្វាយចន្ទី នឹងកោះហៅថ្នាក់ដឹកនាំទាំង១០ ធ្វើសិក្ខាសិលាមួយ ដើម្បីរកវិធីសាស្រ្តក្នុងទប់ទល់។ អ៊ីចឹង! យើងអញ្ជើញគាត់មក ដើម្បីឱ្យគាត់មានឱកាសក្នុងការបានចំណេះដឹង ហើយជម្រាបបន្តទៅដល់កសិករក្នុងសហគមន៍ឱ្យគាត់ដឹងមុន ហើយត្រៀមខ្លួន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ការណ៍ធ្វើដូច្នេះ ព្រោះយើងមិនចង់ឱ្យផលធ្លាក់ចុះទេ»។ 
 
កន្លងទៅ លោក អួន ស៊ីឡុត ធ្លាប់លើកឡើងថា ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យស្វាយចន្ទីកម្ពុជា។ តាមការវាយតម្លៃ ក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះ ស្វាយចន្ទី បានរងប៉ះពាល់ខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នជាមធ្យមធ្លាក់ចុះពី៣០ទៅ៤០ភាគរយ។ ការណ៍នេះ ជាដើមហេតុនាំឱ្យកសិករបាក់ទឹកចិត្ត និងកាប់ដើមចន្ទីចោលប្រមាណ១០ម៉ឺនហិកតា ខណៈសាំង និងជី ក៏ឡើងថ្លៃខ្ពស់។
 
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង៣៦ម៉ឺនតោន ថយចុះ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២៕ 
 

Tag:
 កសិកម្ម
  សមាគមស្វាយចន្ទីកម្ពុជា
  El Nino
© រក្សាសិទ្ធិដោយ thmeythmey.com