ជាតិ
«កាហ្វេថង់» ពេញនិយមសម្រាប់ពលរដ្ឋនៅតំបន់ដំបូកខ្ពស់
29, Jul 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ស្ថិតនៅតំបន់វត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាហ្វេថង់ជាទីពេញនិយមមួយសម្រាប់ពលរដ្ឋនៅទីនោះ។  ពលរដ្ឋនៅតំបន់នោះ ភាគច្រើនចូលចិត្តពិសាកាហ្វេទាំងអស់ មិនថាចាស់ ឬក្មេងនោះទេ។
 
អ្នកស្រី សុវណ្ណី ជាអ្នកលក់​កាហ្វេហ្វីន ឬកាហ្វេថង់ ​បានឱ្យដឹងថា ពលរដ្ឋនៅម្ដុំវត្តដំបូកខ្ពស់ ចូលចិត្តពិសាកាហ្វេថង់​។​ មូលហេតុ​ដែល «​កាហ្វេថង់​» ពេញនិយមសម្រាប់តំបន់​នេះ ព្រោះ​កាហ្វេធ្វើថ្មីៗ​ និង​មានក្លិនឈ្ងុយ​ពីកាហ្វេ។
  
អ្នកស្រី ហួត សុវណ្ណី អ្នកលក់កាហ្វេ

អ្នកស្រី សុវណ្ណី ប្រកបរបរលក់កាហ្វេ៤ឆ្នាំហើយ ប៉ុន្តែការលក់កាហ្វេថង់​នេះ ទើបតែចាប់ផ្ដើមបានជាង១ឆ្នាំតែប៉ុណ្ណោះ។ ពីម៉ោង៦ព្រឹក ដល់ម៉ោង១ថ្ងៃត្រង់ ជាពេល​ដែល​អ្នកស្រី​លក់កាហ្វេថង់​ដាច់​បំផុត​។  ក្នុងមួយថ្ងៃ អ្នក​ស្រី​អាចលក់អស់ប្រមាណ៥គីឡូក្រាម​នៃកាហ្វេ។
 
ការដាក់តាំងកាហ្វេហ្វីន ឬកាហ្វេថង់ ជាភាពទាក់ទាញអតិថិជនឱ្យចូលទិញ និងបង្ហាញថាអ្នកស្រី​លក់កាហ្វេធ្វើពីដៃ មិនមែនប្រើម៉ាស៊ីន។ ស្រី្តវ័យ ៣៦ឆ្នាំរូបនេះ បញ្ជាក់ថា៖ «ក្នុងថ្ងៃ  ឆុងកាហ្វេហ្វីន ៦ទៅ៨ដង ដោយមួយដងមាន១៨ហ្វីន។ ការឆុងកាហ្វេដាក់ហ្វីននេះ លឿនចំណេញពេលត្រឹមតែ៤នាទីតែប៉ុណ្ណោះ អាចលក់ទាន់អ្នកទិញ»។

កាហ្វេហ្វីន។ រូបភាពដោយ៖ កញ្ញា សែម ប្រាក់ដាវ។
នៅក្បែរតូបរបស់អ្នកស្រី សុវណ្ណី មានតូបលក់កាហ្វេជាច្រើន។ ទោះបីជាតំបន់វត្តដំបូកខ្ពស់​ មានអ្នកលក់កាហ្វេច្រើនពិតមែន តែអ្នកស្រី លក់ដាច់ធម្មតា។ អ្នកស្រី ហួត សុវណ្ណី គិតថារបរលក់កាហ្វេនេះ អាចចិញ្ចឹមអ្នកស្រីពេញមួយជីវិតតែម្តង។
 
តាមរយៈមុខរបរនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រី មានជីវភាពសមរម្យ។ កាហ្វេថង់នេះ មានតម្លៃ២៥០០រៀល មិនថាដាក់ថង់ ឬដាក់កែវនោះទេ តម្លៃដូចគ្នា។ ក្រៅពី​លក់កាហ្វេថង់ អ្នកស្រី ក៏លក់​កាហ្វេដូងផងដែរ។ អ្នកស្រី អាចរកចំណូលពីការលក់កាហ្វេនេះ ក្នុងមួយថ្ងៃចន្លោះពី ៥០ទៅ៦០ម៉ឺនរៀល។
 
«បច្ចុប្បន្នអ្នកទិញពេញនិយមកាហ្វេថង់នេះ អ៊ីចឹងខ្ញុំធ្វើតាមអតិថិជន ព្រោះជាតម្រូវការអ្នកទិញ។ ភាពទាក់ទាញរបស់តូបកាហ្វេរបស់ខ្ញុំ  គឺការដាក់ទាំងហ្វីននៅមុខហាង ដែលអាចបញ្ជាក់ថាលក់កាហ្វេដោយដៃ ហើយភ្ញៀវបានសាកម្ដងហើយតែងតែមកទិញម្ដងទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី  ហួត សុវណ្ណី។
 

កាហ្វេហ្វីន។ រូបភាពដោយ៖ កញ្ញា សែម ប្រាក់ដាវ

អ្នកស្រី ហួត សុវណ្ណី
 

Tag:
 កាហ្វេហ្វីន
© រក្សាសិទ្ធិដោយ thmeythmey.com