កីឡាអន្តរជាតិ
អន្តរជាតិ
Henderson ទទួលបានថ្លៃពលកម្មជិត៩សែនដុល្លារក្នុង១សប្តាហ៍ នៅក្លិប Al-Ettifaq
28, Jul 2023 , 10:29 pm        
រូបភាព
Jordan Henderson ខ្សែបម្រើសញ្ជាតិអង់គ្លេស ផ្លាស់ពី Liverpool ទៅចូលរួមក្លិប Al-Ettifaq របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយទទួលបានប្រាក់ពលកម្មប្រមាណ ៧សែនផោន (៨,៩សែនដុល្លារ) ក្នុងមួយសប្តាហ៍។ ក្លិប Liverpool និងក្លិប Al-Ettifaq បានប្រកាសអំពីការផ្ទេរនៅថ្ងៃទី២៧ ខែកក្កដា។



បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស ក្លិប Al-Ettifaq បានចំណាយប្រាក់ប្រមាណ ១២លានផោន (១៥,៥លានដុល្លារ) ជាមួយនឹងប្រាក់បូកបន្ថែម ក្នុងការផ្ទេរកីឡាករ Henderson មួយចំនួនទៀត។ ខ្សែបម្រើវ័យ ៣៣ឆ្នាំបានចាកចេញពីក្រុម Liverpool ក្រោយរួមរស់រយៈពេល ១២ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១១។
 
ខ្សែបម្រើសញ្ជាតិអង់គ្លេសនឹងទទួលបានប្រាក់ពលកម្មប្រមាណ ៧សែនផោន (៨,៩សែនដុល្លារ) ក្នុងមួយសប្តាហ៍ជាមួយនឹងក្លិប Al-Ettifaq ដែលទើបនាំយកលោក Steven Gerard ទៅដឹកនាំជាអ្នកចាត់ការ។
 
កាលពីថ្ងៃទី២៦ Henderson បានបង្ហោះសារតាមរយៈវីដេអូមួយនៅលើបណ្តាញសង្គមអំពីការចែកផ្លូវរបស់គេពីទឹកដីកីឡដ្ឋាន Anfield។ កីឡាកររូបនេះបាននិយាយក្នុងការបង្ហោះនោះដូច្នេះថា ៖ «វាពិតជាពិបាកក្នុងការនិយាយពាក្យថាលាគ្នា ក្រោយពេលរួមរស់រយៈពេល ១២ឆ្នាំមកនេះ។ ខ្ញុំនឹងនៅតែជាអ្នកគាំទ្រក្រុមហង្សក្រហមរហូតដល់ថ្ងៃស្លាប់ អរគុណសម្រាប់អ្វីគ្រប់យ៉ាង។»។
 
ក្លិប Al-Ettifaq ជាកន្លែងដែល Henderson ត្រូវទៅចូលរួមដោយគេក៏នឹងវិលត្រលប់រួមការងារសារជាថ្មីជាមួយនឹងលោក Steven Gerrard ដែលជាអតីតមិត្តរួមក្រុមនៅ Liverpool។ Henderson ទទួលបានកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយក្រុមស្ថិតក្នុងក្របខណ្ឌ Saudi Pro League។
 
ចូលជាមួយ Liverpool ដោយផ្លាស់ពីក្រុម Southampton កាលឆ្នាំ ២០១១ កីឡាករវ័យ ៣៣ឆ្នាំ និងជាអតីតប្រធានក្រុមហង្សក្រហម បង្ហាញខ្លួនលេងឱ្យក្រុមស្ថិតក្នុងប្រទេសអង់គ្លេសជិត ៥០០ប្រកួត។ ពានរង្វាន់ដែលកីឡាករសញ្ជាតិអង់គ្លេសបានឈ្នះជាមួយ Liverpool រួមមាន Premier League, Champions League, FA Cup, EFL Cup ២លើក, Club World Cup និងពានរង្វាន់ UEFA Super Cup៕
 

Tag:
 Jordan Henderson
  Al-Ettifaq
© រក្សាសិទ្ធិដោយ thmeythmey.com