អន្តរជាតិ
លោក គីម ជុងអ៊ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន
29, Jul 2023 , 7:40 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិនឱ្យដល់កម្រិតខ្ពស់មួយ។


 
ក្នុងពិធីប្រារព្ធខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបចំពិធីទទួលស្វាគមន៍គណៈប្រតិភូចិននិងរុស្ស៊ី។ លោក Li Hongzhong សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ជាគណៈប្រតិភូដំបូងគដែលបានបំពេញទស្សនកិច្ចទៅកូរ៉េខាងជើង​ បន្ទាប់ពីការរាលដាលជំងឺកូវីដ-១៩។ 
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចពិភាក្សាមួយជាមួយគណៈប្រតិភូចិនពីជំហររបស់ព្យុងយ៉ាងក្នុងការគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរការទប់ទល់នឹងស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ អភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្និទ្ធស្នាលទៅកាន់ដំណាក់កាលខ្ពស់ថ្មីមួយ។
 
មន្ត្រីចិន និងរុស្ស៊ីបានចូលរួមប្រារព្ធខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េនៅថ្ងៃទី២៧ ខែកក្កដាកន្លងទៅ។ កូរ៉េខាងជើងបានបង្ហាញសមត្ថភាពនុយក្លេអ៊ែរថ្មីបំផុត និងដ្រូននៅព្យុហយាត្រាយោធាដ៏ធំនេះ។
 
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ក្បួនដង្ហែររួមមានមីស៊ីលបាលីស្ទកអន្តរទ្វីប Hwasong-17 និង Hwasong-18 ជាមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដែលត្រូវបានគេជឿថាអាចមានសមត្ថភាពហោះបានដល់ទឹកដីអាម៉េរិក៕
 

Tag:
 (កូរ៉េខាងជើង
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com