អន្តរជាតិ
ប៉េកាំង​ថា ជំនួយ​យោធា​អាម៉េរិក​ដល់​តៃវ៉ាន់​នឹង​មិន​រារាំង​ឆន្ទៈ​ចិនក្នុង​ការ​បង្រួបបង្រួមប្រទេសឡើយ
30, Jul 2023 , 9:40 pm        
រូបភាព
ចិន នៅថ្ងៃទី២៩ ខែកក្កដា បានចោទប្រកាន់អាម៉េរិកថា បានប្រែក្លាយតៃវ៉ាន់ទៅជាឃ្លាំងអាវុធ បន្ទាប់ពីសេតវិមានប្រកាសផ្ដល់ជំនួយផ្នែកយោធាថ្មីប្រមាណ៣៤៥លានដុល្លារដល់តៃវ៉ាន់។

 

ជំនួយផ្នែកយោធាដែលមានទំហំទឹកប្រាក់ប្រមាណ៣៤៥លានដុល្លារដល់តៃវ៉ាន់ រួមមានឧបករណ៍ស៊ើបការណ៍សម្ងាត់ ឧបករណ៍ឈ្លបយកការណ៍និងឃ្លាំមើល ក៏ដូចជាអាវុធធុនតូចមួយចំនួនទៀត។ ចិនបានបង្ហាញការមិនពេញចិត្តចំពោះកញ្ចប់ជំនួយនេះ។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន នៅថ្ងៃទី២៩​ ខែកក្កដាបានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងនឹងការផ្ដល់ជំនួយយោធាដល់តៃវ៉ាន់។
 
«មិនថាកងកម្លាំងបំបែកខ្លួនតៃវ៉ាន់ចំណាយលុយច្រើនប៉ុនណា ឬអាម៉េរិកផ្ដល់អាវុធឱ្យច្រើនប៉ុនណាឡើយ វានឹងមិនអាចធ្វើឱ្យការតាំងចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់ ឬឆន្ទៈដើម្បី​បង្រួបបង្រួមជាតិយើងង្គោះរង្គើឡើយ»។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយបែបនេះ។
 
លើសពីនេះ សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ក៏បានចោទប្រកាន់អាម៉េរិកថាកំពុងព្យាយាមប្រែក្លាយតៃវ៉ាន់ទៅជាឃ្លាំងផ្ទុកអាវុធ ដែលធ្វើឱ្យមានការគំរាមកំហែងដល់ច្រកសមុទ្រតៃវ៉ាន់កាន់តែធ្ងន់ធ្ងរ។ 
 
តៃវ៉ាន់ បែកចេញពីចិនក្នុងឆ្នាំ១៩៤៩ ខណៈតៃវ៉ាន់ត្រូវបានគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងចិនដីគោកត្រូវបានគ្រប់គ្រងតាមបែបកុម្មុយនីស្ត។ ចិនតែងតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលត្រូវតែ​បង្រួបបង្រួមនៅពេលណាមួយបើទោះបីជាត្រូវប្រើកម្លាំងក្តី។ 
 
កន្លងមក អាម៉េរិកដែលគោរពតាមគោលនយោបាយចិនតែមួយ ក៏ត្រូវតែផ្ដល់ការការពារដល់តៃវ៉ាន់ និងស្ថិរភាពក្នុងតំបន់តាមច្បាប់របស់ខ្លួនដែរ៕ 

Tag:
 (អាម៉េរិក
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com