កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈានដល់កិច្ចព្រមព្រៀងនាំយក Hojlund ពី Atalanta តម្លៃជិត១០០លានដុល្លារ
31, Jul 2023 , 11:49 am        
រូបភាព
ក្រុម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងចុះកិច្ចសន្យានាំយក Rasmus Hojlund ពីក្រុម Atalanta នៃលីគកំពូលអ៊ីតាលីជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ និងជម្រើសបន្តច្រើនរដូវកាលបន្ថែមទៀត។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសកាលពីថ្ងៃទី២៩ ខែកក្កដា ខ្សែប្រយុទ្ធសញ្ជាតិអាណឺម៉ាករូបនេះ មានតម្លៃផ្ទេរដល់ទៅជាង៩០លានដុល្លារ។



បើតាមរបាយការណ៍ដែលកាសែត BBC បានផ្សាយ ខ្សែប្រយុទ្ធកំពុងលេចធ្លា វ័យ២០ឆ្នាំ នឹងផ្លាស់ទៅកាន់ទឹកដីកីឡដ្ឋាន Old Trafford ក្នុងតម្លៃប្រមាណ ៧២លានផោន (៩២,៥២លានដុល្លារ) ហើយកីឡាកររូបនេះនឹងក្លាយជាកីឡាករទី ៦ ដែលមានតម្លៃផ្ទេរថ្លៃបំផុតប្រចាំក្រុមបិសាចក្រហម។
 
កាលពីមុន Hojlund ធ្លាប់បានបង្ហាញខ្លួនលេងក្នុងបាល់ទាត់អាជីពនៅតាមលីគកំពូលក្នុងតំបន់អឺរ៉ុបក្រោយគេបានលេងឱ្យក្រុម FC Copenhagen និង Sturm Graz មុនពេលផ្លាស់មកចូលរួមជាមួយនឹងក្រុម Atalanta ក្នុងរដូវកាល ២០២២-២៣ នៃក្របខណ្ឌ Serie A។ កីឡាករសញ្ជាតិដាណឺម៉ាក រកបានគ្រាប់បាល់ចំនួន ៩គ្រាប់ សម្រាប់ Atalanta។
 
Hojlund ក៏នឹងក្លាយជាកីឡាករទី៣ ដែលក្រុមបិសាចក្រហមបានចុះកិច្ចសន្យាផ្ទេរមកកាន់ក្រុមក្នុងរដូវកាលនេះ បន្ទាប់ពីការមកដល់របស់កីឡាករខ្សែបម្រើ Mason Mount ពីក្រុម Chelsea និងអ្នកចាំទី Andre Onana ពីក្រុម Inter Milan។
 
រដូវកាលមុន Man United បានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង Premier League ដោយរក្សាបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ហើយពួកគេក៏បានឈ្នះពានរង្វាន់ EFP Cup ផងដែរ។ ទោះបញ្ចប់ចំណាត់ថ្នាក់លេខ ៣​ តែក្រុមស្ថិតក្នុងក្របខណ្ឌអង់គ្លេសមួយនេះរកបានគ្រាប់បាល់តែ ៥៨គ្រាប់ប៉ុណ្ណោះ ដោយក្រោមក្រុមជើងឯក Man City ដល់ ៣៦គ្រាប់។
 
ការខកខាននៅត្រង់ចំណុចបញ្ចប់ទីនេះ មុនពេលបើករដូវកាលថ្មីទៀតសោត ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag គឺពិតជាត្រូវការខ្សែប្រយុទ្ធដ៏មុតស្រួចក្នុងការស្វែងរកការស៊ុតបាល់បញ្ចប់ទីបានល្អ ហើយពេលនេះពួកគេយកបាន Hojlund ដែលជាកីឡាករវ័យក្មេងកំពុងមានសមត្ថភាពខ្លាំងមករួមក្រុម៕
 

Tag:
 Manchester United
  Rasmus Hojlund
© រក្សាសិទ្ធិដោយ thmeythmey.com