កីឡាអន្តរជាតិ
អន្តរជាតិ
Sao Paulo ជាក្លិបទី៤ របស់ James Rodriguez ក្នុងរយៈពេលជាង២ឆ្នាំ ចុងក្រោយ
31, Jul 2023 , 2:02 pm        
រូបភាព
កីឡាករ James Rodriguez ខ្សែបម្រើសញ្ជាតិកូឡុំប៊ីបានចុះកិច្ចសន្យាចូលរួមក្រុម Sao Paulo របស់ប្រេស៊ីល បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយនឹងក្រុម Olympiakos Piraeus របស់ក្រិក កាលពីខែមេសា។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Serie A របស់ប្រេស៊ីល ប្រកាសនៅថ្ងៃទី២៩ ខែកក្កដា។



កីឡាករវ័យ ៣២ឆ្នាំ នឹងចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ដោយក្លិប Sao Paulo ជាក្លិបទី៤ សម្រាប់គេ ចាប់តាំងពីបានចូលរួមក្លិប Everton ក្នុងឆ្នាំ ២០២១ ដោយប្រកួតបានពាក់កណ្តាលរដូវកាលក្នុង Premier League មុនពេលពេលត្រូវបានលក់ទៅកាន់ក្លិបនៅប្រទេសកាតា Al-Rayyan រួចមកផ្លាស់មកចូលរួមក្រុម Olympiakos ដោយគ្មានតម្លៃខ្លួនការប្រកួតរដូវកាលមុន។
 
ក្លិប Sao Paulo ដែលខ្សែបម្រើ James Rodriguez បានទៅចូលរួមក៏ជាក្លិបទី ១០ ក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេនៅក្នុង ១០ប្រទេសផ្សេងគ្នា ចាប់តាំងពីគេបានចាប់ផ្តើមអាជីពដំបូងក្នុងប្រទេសកូឡុំប៊ីក្លិប Envigado ក្នុងឆ្នាំ ២០០៦។
 
បច្ចុប្បន្ន James ជាកីឡាករមួយរូបដែលធ្លាក់ប្រជាប្រិយភាពខ្លាំងស្ទើរតែមិនត្រូវបានគេនឹងឃើញដល់ ប៉ុន្តែកីឡាកររូបនេះធ្លាប់បានបង្ហាញការលេងបាល់យ៉ាងអស្ចារ្យបំផុតក្នុងឆ្នាំ ២០១៤ នៃព្រឹត្តិការណ៍ FIFA World Cup 2014 ដោយកាលនោះគេជាកីឡាករឈ្នះស្បែកជើងមាសដោយរកបាន ៦គ្រាប់ក្នុងព្រឹត្តិការណ៍។ 
 
ការចាប់ផ្តើមអាជីពល្អប្រសើរបំផុតរបស់គេគឺនៅក្លិប FC Porto និងនៅ Monaco មុនពេលផ្លាស់ទៅកាន់ Real Madrid ហើយរយៈកាលដំបូងនៅ Real Madrid គេក៏បង្ហាញទម្រង់លេងខ្លាំងក្លាផងដែរ។ គេធ្លាប់បានឈ្នះពានរង្វាន់ Champions League ២លើកជាមួយ Real Madrid និងពានរង្វាន់ La Liga ចំនួន ២លើក បន្ទាប់ពីឈ្នះពាន Europa League ជាមួយ Porto។
 
James បានចុះកិច្ចសន្យាជាមួយ Real Madrid ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ ហើយរយៈពេល ៣រដូវកាលចុងក្រោយ​រូបគេបានបាត់បង់ប្រជាប្រិយភាពក្នុងក្រុមយក្សអេស្ប៉ាញ ហើយគេក៏បានផ្លាស់ទៅកាន់ក្រុម Bayern Munich ២ឆ្នាំ ក្នុងនាមជាកីឡាករខ្ចីជើង។ 
 
លេងឱ្យ Bayern Munich ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ គេក៏បានឈ្នះពានរង្វាន់ Bundesliga ចំនួន ២លើក និង German Cup ១លើក មុនពេលវិលមក Real Madrid ក្នុងឆ្នាំ ២០២០ តែមិនសូវបង្ហាញខ្លួនលេងរួចក៏ចាកចេញពីទឹកដីអេស្ប៉ាញផ្លាស់ទៅ Everton ហើយតាំងពីពេលនោះមករូបគេចាប់ផ្តើមធ្លាក់ទម្រង់លេងខ្លាំងឡើងៗមកដល់បច្ចុប្បន្ន៕
 

Tag:
 James Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com