កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ថាធ្លាប់ចង់ចេញពី Man Utd មុន Ten Hag ទៅដល់ Old Trafford
31, Jul 2023 , 4:39 pm        
រូបភាព
Marcus Rashford បានអះអាងថាខ្លួនធ្លាប់បានពិចារណាចង់ចាកចេញពីក្រុម Manchester United មុនពេល លោក Erik ten Hag ចូលទៅដឹកនាំនៅរដូវកាល ២០២២-២៣។ Rashford ប្តូរចិត្តបន្តនៅ Old Trafford ព្រោះតែទទួលបានសេរីភាពក្នុងលេងបាល់ច្រើនជាងមុនពីសំណាក់អ្នកចាត់ការហូឡង់។



រដូវកាលមុន Rashford បានឈ្នះពានរង្វាន់ប្រចាំក្លិបក្នុងនាមជាកីឡាករល្អប្រចាំឆ្នាំ Player of the Year និងពានរង្វាន់ Players’ Player of the Year បន្ទាប់ពីបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងរដូវកាលដំបូងរបស់លោក Ten Hag។ Rashford រកបាន ៣០គ្រាប់ នៅរាល់គ្រប់ការប្រកួតខណៈដែលក្រុមបិសាចក្រហមបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Premier league និងឈ្នះពានរង្វាន់ League Cup។
  


កីឡាករវ័យ ២៥ឆ្នាំ ដែលកកើតចេញពីប្រព័ន្ធបណ្តុះក្រុមថ្នាលរបស់ក្លិប Man United រូបនេះ ទើបតែបានចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំ កាលពីដើមខែកក្កដា។ នៅពេលត្រូវបានគេសួរក្នុងសន្និសីទកាសែតថាគេធ្លាប់មានបំណងចង់ចាកចេញពីក្រុមបិសាចក្រហមដែរឬទេកាលពីរដូវកាលមុន Rashford បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា គេធ្លាប់បានគិតពីរឿងនេះមុនពេលអ្នកចាត់ការថ្មីមកដល់។
 
«មុនពេលអ្នកចាត់ការថ្មីមកដល់ ប្រហែលខ្ញុំបានគិតពីរឿងនេះខ្លះ តែនេះជាបាល់ទាត់ វាបានកើតឡើង។ រឿងរ៉ាវគ្រប់យ៉ាងបានកើតឡើងព្រោះតែមានហេតុផល ហើយគាត់មកដល់ក្លិបចំពេលវេលាមួយដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ ជាពេលវេលាក្នុងការធ្វើការងារ និងបង្ហាញគ្រប់យ៉ាងនៃទម្រង់លេងរបស់ខ្ញុំដោយមានសេរីភាព […] ប្រសិនបើខ្ញុំមិនសប្បាយចិត្តនោះវានឹងក្លាយជារឿងដ៏ពិបាកសម្រាប់ខ្ញុំក្នុងការលេងបាល់ទាត់បានល្អ។»។ Rashford បាននិយាយបែបនេះចំពោះការផ្លាស់ប្តូររបស់គេក្រោមការគ្រប់គ្រងរបស់លោក Erik ten Hag។
 
ក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់លោក Ten Hag អ្នកចាត់សញ្ជាតិហូឡង់វ័យ ៥២ឆ្នាំ បានជួយកែប្រែក្រុមបិសាចក្រហមដែលជាក្លិបមានប្រវត្តិសាស្ត្រដ៏អស្ចារ្យវិលត្រលប់ទៅកាន់ការប្រជែងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយវិញ និងបានបញ្ចប់ភាពមិនដែលឈ្នះពានរង្វាន់របស់ក្រុមរយៈពេលជិត ៦ឆ្នាំ។
 
សម្រាប់រដូវកាលថ្មីវិញក្រុមបិសាចក្រហមក៏នឹងត្រូវចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេស Premier League នៅថ្ងៃទី១៤ ខែសីហា ដោយត្រូវស្វាគមន៍ក្រុម Wolverhampton Wanderers នៅជំនួបបើកឆាក​ក្នុងទឹកដី Old Trafford៕
 

Tag:
 Marcus Rashford
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com