កីឡាអន្តរជាតិ
អន្តរជាតិ
World Cupនារី៖ ម្ចាស់ផ្ទះនូវែលសេឡង់ និង៦ក្រុមទៀតហាលអាវ ខណៈ៧ក្រុមកក់កៅអីវគ្គ១/៨
31, Jul 2023 , 5:39 pm        
រូបភាព
ក្រុមម្ចាស់ផ្ទះបាល់ទាត់នារីនូវែលសេឡង់ ធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ក្រោយប្រកួតស្មើជាមួយនឹងក្រុមនារីស្វ៊ីសលទ្ធផល ០-០។ ហ្វីលីពីន ក្រុមអាស៊ីអាគ្នេយ៍ទីពីរបន្ទាប់ពីវៀតណាមត្រូវវិចបង្វិចត្រឡប់ទៅផ្ទះវិញ ក្រោយចាញ់ន័រវែស ៦-០ នៅជំនួបចុងក្រោយ។ ក្រុមស្វ៊ីស, ន័រវែស​, ជប៉ុន, អេស្ប៉ាញ, អង់គ្លេស, ស៊ុយអែត, កូឡុំប៊ី កក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ។



ឆ្លងកាត់៣ប្រកួតម្ចាស់ផ្ទះនារីនូវែលសេឡង់ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូល A ដោយរកបាន ៤ពិន្ទុ ឈរពីក្រោមក្រុមន័រវែសដែលមាន ៤ពិន្ទុដូចគ្នា ប៉ុន្តែមានសំណល់គ្រាប់បាល់បញ្ចូលទីល្អជាង។ ក្រោយបំបាក់ហ្វីលីពីន ៦-០ ក្រុមខ្លាំងស្វ៊ីសបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងមាន ៥ពិន្ទុ ខណៈហ្វីលីពីនបញ្ចប់ចំណាត់ថ្នាក់បាតតារាងមាន ៣ពិន្ទុ។
  


ចំណែកក្រុមចំនួន ៧ផ្សេងទៀត ដែលបានកក់កៅអីរួចស្រេចឡើងវគ្គបន្ត រួមមានក្រុមស្ថិតក្នុងពូល C ជប៉ុន នឹងអេស្ប៉ាញ។ ជប៉ុនបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងដោយបានយកឈ្នះយកឈ្នះ ៣ប្រកួតជាប់គ្នា​ ចំណែកអេស្ប៉ាញរងបរាជ័យក្រោមថ្វីជើងជប៉ុន ក្នុងលទ្ធផល ៤-០ នៅការប្រកួតបង្ហើយ។
 
អង់គ្លេសស្ថិតនៅពូល D ជាក្រុមកក់កៅរួចរាល់ដោយឆ្លងកាត់ការប្រកួត ២លើករកបាន ៦ពិន្ទុក្នុងដៃ ខណៈពួកគេនៅសល់ការប្រកួត ១ចុងក្រោយដោយជួបក្រុមនារីចិន។ ពូល D នេះទៀតសោតក្រុមនារីដាណឺម៉ាកចំណាត់ថ្នាក់លេខ ២ និងក្រុមនារីចិនចំណាត់ថ្នាក់លេខ ៣ ដែលមាន ៣ពិន្ទុដូចគ្នានឹងប្រជែងដណ្តើមកៅអីវគ្គបន្ទាប់រៀងៗខ្លួន។
 
ពូល G ក្រុមនារីស៊ុយអែតជាក្រុមកក់កៅអីដោយមាន ៦ពិន្ទុក្នុងដៃពីការប្រកួត ២លើក ខណៈដែលក្រុមនារីអ៊ីតាលីកំពុងស្វែងរកឱកាសដណ្តើមកៅអីវគ្គបន្ទាប់ខណៈខ្លួនមាន ៣ពិន្ទុ។ ក្រុមនារីអាហ្សង់ទីន និងក្រុមនារីអាហ្វ្រិកខាងត្បូង នៅសល់ឱកាសស្តួចស្តើងបំផុតដើម្បីប្រជែងទៅវគ្គបន្ត។
 
ចំណែកពូល H កូឡុំប៊ីជាក្រុមស្ថិតនៅកំពូលតារាងរកបាន ៦ពិន្ទុពីការប្រកួត ២លើក ខណៈនៅសល់ ១ប្រកួតក្នុងដៃ រក្សាបានកៅអីវគ្គជម្រុះ ១៦ក្រុមចុងក្រោយ ចំណែកក្រុមនារីអាល្លឺម៉ង់ និងម៉ារ៉ុកត្រូវការប្រជែងខ្លាំងបន្ថែមទៀតដើម្បីអាចឆ្លងផុតវគ្គចែកពូលនេះ។
 
ក្រុមដែលធ្លាក់ចេញពីការប្រកួត Women’s World Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ រួមមាន ម្ចាស់ផ្ទះនូវែលសេឡង់, ហ្វីលីពីន, អៀរឡង់, កូស្តារីការ, ហៃទី, វៀតណាម, ប៉ាណាម៉ា និងកូរ៉េខាងត្បូង៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com