ជាតិ
សង្គមជាតិ
UNDP ចង់ដឹងទស្សនៈយុវជនអំពីរូបភាព​កម្ពុជា​នៅ៥ឆ្នាំបន្ទាប់?
31, Jul 2023 , 7:29 pm        
រូបភាព
រូបភាពពី UNDP
រូបភាពពី UNDP
ភ្នំពេញ៖ តើអ្នកចង់ឃើញប្រទេសកម្ពុជាក្នុងរូបភាពបែបណា ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់? តើ​យើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះ ដើម្បីឱ្យរូបភាពនោះក្លាយជាការពិត ហើយអ្វីខ្លះជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់? នេះគឺជាសំណួររបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចោទសួរ យុវជនកម្ពុជា។ 

ដើម្បីប្រមូលមតិ និងទស្សនៈយុវជន UNDP បានរៀបចំកម្មវិធីប្រកួតប្រជែងសំណេរអត្ថបទយុវជន «អនាគតក្នុងសំណេរ» ដើម្បីបង្ហាញពីភាពច្នៃប្រឌិត ការស្រមើស្រមៃ និងក្តីប្រាថ្នារបស់យុវជន សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយមានសំណួរទាំង៣ខាងលើ គឺជាប្រធានបទ។  
 
បើតាម UNDP Cambodia កម្មវិធីប្រកួតនេះ មាន​គោលបំណងប្រមូលផ្តុំនូវដំណោះស្រាយ និងចក្ខុវិស័យសម្រាប់អនាគត ដែលយុវជនចង់ឃើញ និងជាផ្នែកមួយជួយជំរុញ​យុវជនឱ្យ​ចូលរួមគិត និងរៀបចំអនាគតប្រទេសរបស់ពួកគេកាន់តែសកម្ម។ កម្មវិធីនេះ ក៏ជាផ្នែកមួយផ្ដល់ចំណេះដឹង ផ្នែកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់យុវជន និងផ្តល់សិទ្ធិអំណាច​ដល់យុវជនកម្ពុជា តាមរយៈការផ្តល់ឱកាសឱ្យពួកគេចែករំលែកការគំនិត សម្រាប់ជាការរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា​។
 
អ្នកចូលរួមប្រកួតអាចលើកពីទិដ្ឋភាពណាមួយនៃសង្គម ដែលអ្នកចាប់អារម្មណ៍ដូចជាសេដ្ឋកិច្ច អាជីវកម្ម ការអប់រំ សុខភាព បរិស្ថាន វប្បធម៌ ការវិត្តន៍ឌីជីថល នវានុវត្ត សហគ្រិនភាព អភិបាលកិច្ចដើម ​លើកលែងតែទិដ្ឋភាពនយោបាយតែប៉ុណ្ណោះ។ ចំពោះការសរសេរ ត្រូវមានភាពស៊ីគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) ដែលជាសំណុំនៃគោលដៅសកលចំនួន ១៧ ដែលមានបំណងបញ្ចប់ភាពក្រីក្រ ការពារភពផែនដី និងធានាសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា នៅឆ្នាំ២០៣០។ នេះជាការណែនាំរបស់ UNDP ​ ដែលបានបន្ថែមថា ដើម្បីឱ្យអត្ថបទកាន់តែស៊ីជម្រៅ គឺត្រូវផ្ដល់ជាគិតសកម្មភាព និងយុទ្ធសាស្រ្ត ដោយអបជាមួយនឹងឧទាហរណ៍ដែលចាំបាច់ ដើម្បីសម្រេចបាននូវរូបភាពនៃប្រទេសកម្ពុជានាពេលអនាគត។ ភាគីពាក់ព័ន្ធដែលមានតួនាទីក្នុងការរៀបចំ និងអនុវត្តសកម្មភាព និងយុទ្ធសាស្រ្តទាំងនោះ ក៏។ ហើយយុវជនផ្ទាល់ គួរមានសកម្មភាពបែបណា។ UNDP បញ្ជាក់បែបនេះ។
 
កម្មវិធីប្រកួតប្រជែងសំណេរអត្ថបទយុវជននេះ បើកទទួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ដែលមានអាយុពី ១៥ ដល់ ៣០ឆ្នាំ។ ថ្ងៃផុតកំណត់​ទទួលសំណេរអត្ថបទ គឺថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៣៕
 

Tag:
 យុវជន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com