អន្តរជាតិ
EU ត្រៀម​ខ្លួន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ដែនសមុទ្រ​ជាមួយ​ហ្វីលីពីន
31, Jul 2023 , 9:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃយែន អះអាងថា សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើសន្តិសុខដែនសមុទ្រ។ លោកស្រីក៏បានទទួលស្គាល់ពីសារសំខាន់នៃសេរីភាព និងការបើកចំហរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

 
«យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនទៅលើសន្តិសុខដែនសមុទ្រនៅក្នុងតំបន់ តាមរយៈការចែករំលែកព័ត៌មាន ការវាយតម្លៃការគំរាមកំហែង និងការកសាងសមត្ថភាពឆ្មាំឆ្នេរសមុទ្ររបស់រដ្ឋមួយនេះ»។ លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃយេន បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. នៅថ្ងៃទី៣១ ខែកក្កដា។
 
លោកស្រី វ៉ុន ដឺ លៃយេន ក៏បានអះអាងសារជាថ្មីការគាំទ្ររបស់EUចំពោះសេចក្តីសម្រេចមជ្ឈត្តកម្មអន្តរជាតិឆ្នាំ ២០១៦ ដែលបានបដិសេធការទាមទាររបស់ក្រុងប៉េកាំងទាក់ទងនឹងបញ្ហាសមុទ្រ​ចិន​ខាងត្បូង។ ប្រមុខគណៈកម្មការអឺរ៉ុប បញ្ជាក់ថា សេចក្តីសម្រេចនេះគឺស្របច្បាប់ និងផ្តល់មូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។
 
ទាក់ទងនឹងបញ្ហាសមុទ្រ​ចិន​ខាងត្បូងនេះ បើយោងតាមសេចក្តីសម្រេចមជ្ឈត្តកម្មអន្តរជាតិឆ្នាំ ២០១៦ ការទាមទាររបស់ចិនរួមមាន ខ្សែបន្ទាត់ប្រាំបួន (The Nine-Dash Line) សកម្មភាពទាមទារដីថ្មីៗ និងសកម្មភាពផ្សេៗងទៀតនៅក្នុងដែនទឹកហ្វីលីពីន ត្រូវបានចាត់ទុកថាមិនស្របច្បាប់។ ប៉ុន្តែចិន មិនទទួលស្គាល់សេចក្តីសម្រេចមួយនេះទេ។ 
 
នៅក្នុងជំនួបដដែល លោក Marcos Jr. បានទទួលស្គាល់ថា ហ្វីលីពីននិង EU ជាដៃគូដែលមានគំនិតដូចគ្នាទៅលើតម្លៃនៃលទ្ធិប្រជាធិបតេយ្យ វិបុលភាពប្រកបដោយនិរន្តរភាព និងការរួមបញ្ចូល នីតិរដ្ឋ សន្តិភាព និងស្ថិរភាព និងសិទ្ធិមនុស្ស។
 
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការចរចាឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានជាប់គាំងតាំងពីឆ្នាំ២០១៧មក។ EU ក៏បានបង្ហាញការគាំទ្រនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់ហ្វីលីពីន ដែលជាអាទិភាពរបស់លោក Marcos Jr.ផងដែរ៕ 
 

Tag:
 EU
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com