កីឡាអន្តរជាតិ
អន្តរជាតិ
Saint-Maximin ផ្លាស់ពី Newcastle ទៅក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli 
×![]()
ខ្សែប្រយុទ្ធ Allan Saint-Maximin របស់ក្លិប Newcastle United បានចាកចេញពីក្របខណ្ឌ Premier League ទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត Al-Alli ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរនាថ្ងៃទី៣១ ខែកក្កដា។
«យើងជ្រើសកីឡាករល្អៗ ហើយគេជាម្នាក់ក្នុងចំណោមនោះ។»។ ក្លិប Al-Ahli បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែលកាលពីមុនត្រូវបានស្គាល់ថា Twitter។

តម្លៃនៃការផ្ទេរលើខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះ មិនត្រូវបានបញ្ជាក់ចាក់លាក់ឡើយ។ កីឡាករវ័យត្រឹម ២៦ឆ្នាំ បានចូលរួមជាមួយនឹងក្រុម Newcastle United ហើយរដូវកាលមុនទៀតសោតរូបគេក៏ជាកម្លាំងដ៏សំខាន់បំផុតមួយសម្រាប់ក្រុមរហ័សនាមសារិកាព្រៃដោយបានជួយក្រុមមួយនេះដណ្តើមបានកៅអីក្របខណ្ឌ Champions league ពីការបញ្ចប់ចំណាត់ថ្នាក់លេខ ៤ នៅ Premier League។
Saint-Maximin នឹងចូលរួមក្លិប Al-Ahli ដោយនឹងត្រូវលេងចាប់ដៃគូគ្នាជាមួយនឹងអតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករសញ្ជាតិប្រេស៊ីល Roberto Firmino, Edouard Mendy និង Riyad Mahrez ដែលទើបតែផ្លាស់ទៅ។
កីឡាករពូកែល្បឿន និងការញ៉ាក់រូបនេះ បានចាកចេញពីក្រុម Newcastle United ក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីក្នុងប្រទេសអាម៉េរិក។ អ្នកចាត់ការក្រុមលោក Eddie Howe បាននិយាយចំពោះការចាកចេញនេះថាក្លិបត្រូវតែលក់កីឡាករអំឡុងទីផ្សារដោះដូរ ដើម្បីឱ្យស្របតាមច្បាប់លេងដោយយុត្តិធម៍ផ្នែកហិរញ្ញវត្ថុរបស់ UEFA។
ក្លិប Al-Ahli ទៀតសោតក៏ត្រូវបានគេដឹងថាជាផ្នែកមួយនៃគម្រោងមូលនិធិវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអូឌីត ដែលបានកាន់កាប់លើក្លិបនេះប្រមាណ ៧៥ភាគរយ និង ៨០ភាគរយក្នុងការកាន់កាប់ក្លិប Newcastle United នៅប្រទេសអង់គ្លេស។
Saint-Maximin បានផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីតក្លាយជាកីឡាករក្នុងចំណោមកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបជាពិសេសពី Premier League ដែលផ្លាស់ទៅកាន់តំបន់មជ្ឈឹមបូពា៍ជាមួយនឹងម្ចាស់ពានរង្វាន់ Ballon d’Or ខ្សែប្រយុទ្ធ Karim Benzema, N’Golo Kante, Roben Neves។ កីឡាករទាំងនេះបានដើរតាម Cristiano Ronaldo ដែលបានផ្លាស់ទៅក្របខណ្ឌ Saudi Pro league ដំបូងគេកាលពីខែមករា ដើមឆ្នាំ ២០២៣ ជាមួយនឹងក្លិប Al-Naasr៕
Tag:
Allan Saint-Maximin
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com