សង្គមអន្តរជាតិ​
អន្តរជាតិ
ព្រឹត្តិការណ៍កីឡាតាមភូមិមួយនៅចិន ផ្តល់ពានរង្វាន់សាច់គោ សាច់ជ្រូក អូសទាញអ្នកទស្សនាជាង៥០លាននាក់
01, Aug 2023 , 8:29 am        
រូបភាព
ក្រុមជើងឯកដែលបានឈ្នះសាច់គោនៅក្នុងព្រឹត្តិការណ៍បាល់ទាល់ Village Super League នៅតំបន់ Rongjiang ខេត្ត Guizhou។ រូបភាពពី China Daily ។
ក្រុមជើងឯកដែលបានឈ្នះសាច់គោនៅក្នុងព្រឹត្តិការណ៍បាល់ទាល់ Village Super League នៅតំបន់ Rongjiang ខេត្ត Guizhou។ រូបភាពពី China Daily ។
តំបន់ Rongjiang ដែលជាសហគមន៍មួយដែលមានប្រជាជន ៨០ភាគរយជាជនជាតិភាគតិចរបស់ចិន បានបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់តាមភូមិដែលមានឈ្មោះថា Cunchao ក្នុងគោលបំណងទាក់ទាញវិស័យទេសចរណ៍ដើម្បីលុបបំបាត់ភាពក្រីក្រ។ ព្រឹត្តិការណ៍កីឡាដ៏គួរអស្ចារ្យនេះ បានទាក់ទាញអ្នកទស្សនាជាង ៥០លាននាក់ទាំងនៅលើទីលាន និងអ៊ីនធឺណិត​។ ចំពោះការផ្តល់ជ័យលាភីជាពានរង្វាន់វិញ អ្នកឈ្នះទទួលបានសាច់គោ សាច់ជ្រូក សាច់ចៀម និងសាច់ក្ងាន។

 
ព្រឹត្តិការណ៍កីឡាបាល់ទាត់តាមភូមិ ឬជាភាសាចិនហៅថា Cunchao​ នៅទីក្រុង Putonghua តំបន់ Rongjiang ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិនបានឈានដល់ទីបញ្ចប់កាលពីយប់ថ្ងៃទី២៩ ខែកក្កដា។ ការ​ប្រកួត​កីឡាតាមភូមិនេះ ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​បី​ខែ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​នៅ​ទូទាំង​ប្រទេស និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់។
 
បើតាមសារព័ត៌មានចិន  China Daily កីឡាករដែលលេងនៅក្នុង Village Super League មកពីមជ្ឈដ្ឋាននៃការរស់នៅខុសៗគ្នា ដែលអ្នក​ខ្លះ​ជា​សិស្ស​និស្សិត ចំណែក​អ្នក​ខ្លះ​ទៀត​ជា​អ្នក​លក់ដូរ កម្មករ​សំណង់ អ្នក​បើក​អេស្កាវ៉ាទ័រ ឬ​អ្នក​ជំនួញ។ ចំណែកឯ​អាជ្ញាកណ្តាល​វិញមានដូចជា ​គ្រូបង្រៀន​ បុគ្គលិក​រដ្ឋាភិបាល និង​អ្នក​ភូមិជាដើម។ 
 
នៅឆ្នាំនេះ អ្នកគាំទ្រកីឡាបានធ្វើដំណើរមកពីទូទាំងប្រទេស ដើម្បីទស្សនាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតនេះ ដែលមានចំនួនច្រើនជាងការប្រកួតបាល់ទាត់ពាក់កណ្តាលរដូវក្តៅរបស់ចិនទៅទៀត។ វាក៏ជាយុទ្ធនាការដ៏ជោគជ័យមួយ សម្រាប់បង្ហាញពីអ្វីៗប្លែកៗទៅដល់អ្នកដែលមកទស្សនានៅតំបន់ Rongjiang រួមទាំងវប្បធម៌ ទេសភាព រឿងព្រេងនិទាន និងអាហារដ៏ឈ្ងុយឆ្ងាញ់។
 
ការប្រកួតនេះ បានអូសទាញអ្នកទស្សនាយ៉ាងហោចណាស់១លាននាក់នៅទីលាន និងច្រើនជាង៥០លាននាក់នៅលើអ៊ីនធឺណិត។ វីដេអូ និងការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះបានរីកសាយភាពដោយទទួលបានការចុចមើលច្រើនជាង៣០ពាន់លានដងមកទល់ពេលនេះ។
 
លើសពីនេះ រង្វាន់សម្រាប់អ្នកឈ្នះក្នុងព្រឹត្តិការណ៍កីឡាខាងលើមានដូចជា សាច់គោសម្រាប់ជើងឯក សាច់ជ្រូកសម្រាប់ជើងឯករង សាច់ចៀមសម្រាប់អ្នកឈ្នះចំណាត់ថ្នាក់លេខបី និងសាច់ក្ងានសម្រាប់ជ័យលាភីលេខបួន។
 
ជាងនេះទៅទៀត ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។ ស្រុកបានទទួលអ្នកទស្សនាច្រើនជាង ២,៥លាននាក់ចាប់តាំងពីការប្រកួតបានចាប់ផ្តើមនៅក្នុងខែឧសភា។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ប្រាក់ចំណូលពីទេសចរណ៍បានលើសពី ២,៨ពាន់លានយន់ (៣៩២លានដុល្លារ) កើនជិតពីរដងនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ១៦ខែកក្កដា តំបន់ Rongjiangនេះ បានទទួលភ្ញៀវទេសចរចំនួន ៩២១ ២០០នាក់ និងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ១,០៧ពាន់លានយន់។
 
តំបន់ Rongjiang ដែលជាស្រុកចុងក្រោយមួយរបស់ចិនក្រោម ការជំរុញកាត់បន្ថយភាពក្រីក្ររបស់លោកប្រធានាធិបតី ស៊ី ជិនភីង ដែលមានក្រុមជនជាតិភាគតិចរស់នៅចំនួន ១៥ ដែលមានប្រហែល ៨៥ ភាគរយនៃចំនួនប្រជាជនសរុបនៅទីនោះ៕
 

Tag:
 ចិន
  កីឡា
  ទេសចរណ៍
  Cunchao
© រក្សាសិទ្ធិដោយ thmeythmey.com