កីឡាអន្តរជាតិ
អន្តរជាតិ
Inter Miami ចង់បាន Suarez ម្នាក់ទៀតទៅចូលរួមជាមួយ Messi, Busquets និង Alba
01, Aug 2023 , 9:29 am        
រូបភាព
ក្លិប Inter Miami ត្រូវបានគេរាយការណ៍ថាកំពុងមានចំណាប់អារម្មណ៍ចង់បាន Luis Suarez ទៅចូលរួមជាមួយនឹងអតីតមិត្តរួមក្រុម Barcelona កីឡាករ Lionel Messi, ខ្សែ Sergio Busquets និងខ្សែការពារ Jordi Alba នៅក្របខណ្ឌ Major League Soccer។



បើតាមលោក Fabrizio Romano អ្នកកាសែតកីឡាសញ្ជាតិអ៊ីតាលីដ៏ល្បីលើវិស័យបាល់ទាត់ អតីតខ្សែប្រយុទ្ធក្រុម Barcelona បានយល់ព្រមបញ្ចប់កុងត្រារបស់គេជាមួយនឹងក្លិប Gremio ដែលគេកំពុងលេងនាពេលបច្ចុប្បន្ននៅក្នុងខែធ្នូ ឆ្នាំ ២០២៣។
  


កីឡាករវ័យ ៣៦ឆ្នាំ កំពុងលេងនៅក្នុងក្របខណ្ឌលីគកំពូលប្រេស៊ីល Serie A ដោយមានកិច្ចសន្យាដល់ខែធ្នូ ឆ្នាំ ២០២៤ ឯណោះ។ អតីតកីឡាករក្រុម Liverpool រូបនេះរកបាន ១៣គ្រាប់ពីការបង្ហាញខ្លួន ៣១លើក ឱ្យក្រុម Gremio។ 
 
យ៉ាងណាបើតាមអ្នកជំនាញលើការផ្ទេរកីឡាករ បាននិយាយថាក្លិប Inter Miami ដែលមានអតីតកីឡាករក្រុម Barca ចំនួន ៣រូបកំពុងប្រកបអាជីព សម្លឹងរកមើលការចុះហត្ថលេខាលើ Suarez ដោយគ្មានតម្លៃខ្លួននៅក្នុងឆ្នាំ ២០២៤។
 
កាលពីដើមខែកក្កដាកន្លងទៅ សហម្ចាស់ក្លិប Inter Miami លោក Jorge Mas បានបង្ហើបឱ្យដឹងថាក្លិបបានចាប់អារម្មណ៍ក្នុងការចុះកិច្ចសន្យានាំយកកីឡាករវ័យ ៣៦ឆ្នាំ។ លោក Jorge Mas និយាយប្រាប់ទូរទស្សន៍ ESPN បែបនេះថា​ ៖ « ខ្ញុំមិនដឹងទេថាតើ ​Luis Suarez នឹងចាកចេញពី Gremio ប៉ុន្តែប្រសិនបើគាត់ចង់មក យើងនឹងអាចមានសេរីភាពក្នុងការនិយាយជាមួយ Luis និងនាំគាត់មកកាន់ Inter Miami។ លទ្ធភាពនោះនឹងមាននៅទីនោះ។ ខ្ញុំចាត់ទុកគាត់ជាតារាបាល់ទាត់មួយរូប ជាមួយនឹងអាជីពដ៏អស្ចារ្យបំផុតរបស់គេ ហើយយើងបានដឹងអំពីទំនាក់ទំនងរវាងគេជាមួយ Messi, Busi និង Jordi»។


 
Suarez និង Messi បានប្រកបអាជីបជាមួយគ្នានៅក្រុម Barcelona ដោយបានរួមគ្នានៅតំបន់ប្រយុទ្ធរហូតដល់ទៅ ២៥៨ប្រកួតសម្រាប់ក្រុមយក្សអេស្ប៉ាញ និងរួមគ្នារកគ្រាប់បាល់ជាដៃគូបានប្រមាណជាង ៩៩គ្រាប់។
 
រកបានគ្រាប់បាល់ ១៩៥គ្រាប់ ពីការបង្ហាញខ្លួនចំនួន ២៨៣ប្រកួត គ្រប់កម្មវិធីប្រកួតក្នុងកីឡដ្ឋាន Camp Nou ខ្សែប្រយុទ្ធរូបនេះបានចាកចេញពីក្រុមក្នុងឆ្នាំ​ ២០២០ ដោយបានទៅចូលរួមជាមួយនឹងក្លិប Atletico Madrid។ ១ឆ្នាំបន្ទាប់ពីការចាកចេញរបស់ Suarez មិត្តរួមក្រុម Messi ក៏បានចាកចេញពីក្រុមទៅចូលរួម PSG រយៈពេល ២រដូវកាល បន្ទាប់គេក៏ចាកចេញមក Inter Miami ដោយគ្មានតម្លៃខ្លួន៕
 
 

Tag:
 Inter Miami
  Luis Suarez
© រក្សាសិទ្ធិដោយ thmeythmey.com