អន្តរជាតិ
ចិន រឹតត្បិតការនាំចេញដ្រូន ចំពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យាជាមួយអាម៉េរិក
01, Aug 2023 , 11:29 am        
រូបភាព
ចិន នាថ្ងៃទី៣១ ខែកក្កដា បានប្រកាសពីការគ្រប់គ្រងការនាំចេញលើដ្រូនមួយចំនួន និងឧបករណ៍​ដែលទាក់ទង ដោយអះអាងថាខ្លួនចង់ការពារសន្តិសុខ និងផលប្រយោជន៍ជាតិចំពេល​មាន​ភាព​តាន​តឹងកាន់តែខ្លាំងជាមួយអាម៉េរិកជុំវិញវិស័យបច្ចេកវិទ្យា។

 
បើតាមក្រសួងពាណិជ្ជកម្មចិន ការរឹតបន្តឹងលើឧបករណ៍រួមមានម៉ាស៊ីនដ្រូនមួយចំនួន ឡាស៊ែរ ឧបករណ៍ទំនាក់ទំនង និងប្រព័ន្ធប្រឆាំងដ្រូន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។ 
 
«ការពង្រីកវិសាលភាពនៃការគ្រប់គ្រងដ្រូនរបស់ចិននាពេលនេះ ជាវិធានការសំខាន់មួយដើម្បី​បង្ហាញ​ពីជំហររបស់យើងជាប្រទេសសំខាន់ដែលមានការទទួលខុសត្រូវដើម្បីអនុវត្តគំនិតផ្តួចផ្តើម​សន្តិសុខ​ពិភពលោក និងរក្សាសន្តិភាពពិភពលោក»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន​​លើកឡើង​បែបនេះ​រួច​បន្តថា ការរឹតបន្ដឹងនេះអាចនឹងប៉ះពាល់ដល់ការនាំចេញដ្រូនទាំងការប្រើប្រាស់ក្នុងគោលបំណងស៊ីវិល និងយោធា ហើយ​អាជ្ញាធរបានជូនដំណឹងដល់ប្រទេស និងតំបន់ពាក់ព័ន្ធរួចមកហើយ។
 
ចិន ជាប្រទេសមានឧស្សាហកម្មផលិតយន្តហោះដ្រូនដ៏ធំ ហើយនាំចេញទៅកាន់ទីផ្សារជាច្រើនរួមទាំង អាម៉េរិកផងដែរ។ ជាង៥០ភាគរយនៃដ្រូនដែលលក់នៅអាម៉េរិក ត្រូវផលិតដោយ​ក្រុមហ៊ុន DJI ដែល​មានមូលដ្ឋាននៅចិន។ ដ្រូនទាំងនេះ ក៏ពេញនិយមសម្រាប់ការប្រើប្រាស់​ដោយ​ភ្នាក់ងារ​សុវត្ថិភាព​សាធារណៈ​។ 
 
ក្រុមហ៊ុន DJI នៅថ្ងៃដដែល បញ្ជាក់ថា ខ្លួនតែងតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់ និង​បទប្បញ្ញត្តិ​នៃ​ប្រទេស​ ឬតំបន់ដែលខ្លួនប្រតិបត្តិការរួមទាំងតម្រូវការ​បទប្បញ្ញត្តិ​គ្រប់គ្រង​ការ​នាំ​ចេញ​របស់​ចិននេះ​ផង​ដែរ។
 
«យើងមិនដែលបានរចនា និងផលិតផលិតផលនិងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងយោធា ហើយ​ក៏មិ​នធ្លាប់ធ្វើទីផ្សារ ឬលក់ផលិតផលរបស់យើងសម្រាប់ប្រើប្រាស់ក្នុងជម្លោះយោធា ឬសង្រ្គាមនៅក្នុង​ប្រទេសណាមួយដែរ»។ ក្រុមហ៊ុនផលិតដ្រូនដដែលបានសង្កត់ធ្ងន់បែបនេះ ស្របពេលមានពាក្យលេចឮដ្រូនរបស់ខ្លួនត្រូវបានប្រើតំបន់ប្រយុទ្ធគ្នា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com