កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកក្រុមបាល់ទាត់នារីហ្វីលីពីន នឹងចេញពីតំណែងក្រោយធ្លាក់ពី World Cup
01, Aug 2023 , 3:19 pm        
រូបភាព
លោក Alen Stajcic នឹងមិនបន្តកិច្ចសន្យាថ្មីបន្ថែមជាមួយនឹងក្រុមនារីហ្វីលីពីនឡើយ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023។ សហព័ន្ធបាល់ទាត់ហ្វីលីពីនបានប្រកាសនាថ្ងៃទី១ ខែសីហា។



បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោក ហ្វីលីពីន បានប្រកួតចាញ់ក្រុមស្វ៊ីសនៅក្នុងការប្រកួតថ្ងៃបើកឆាកក្នុងពូល A ប៉ុន្តែពួកគេបានយកឈ្នះលើក្រុមសហម្ចាស់ផ្ទះនូវែលសេឡង់លទ្ធផល ១-០ ដែលជាជ័យជម្នះលើកដំបូងបំផុតក្នុងការប្រកួត World Cup និងជាប្រវត្តិសាស្ត្រ។ ការប្រកួតចុងក្រោយហ្វីលីពីនចាញ់ក្រុមន័រវែសលទ្ធផល ៦-០។
 
បរាជ័យ២លើក និងឈ្នះមួយលើកក្នុងពូល មិនអាចនាំហ្វីលីពីនឆ្លងកាត់ទៅវគ្គ១៦ក្រុមចុងក្រោយឡើយ។ ក្រោយមិនអាចជួយនាំក្រុមប្រកួតប្រជែងបន្តនៅព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសនូវែលសេឡង់ និងអូស្ត្រាលី លោក Stajcic បានសម្រេចចិត្តចាកចេញមិនបន្តដឹកនាំហ្វីលីពីនទៀតឡើយ។
 
និយាយក្នុងសន្និសីទកាសែតចុងក្រោយបំផុត ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុមន័រវែស​ លោក Stajcic គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី សរសើរហ្វីលីពីនចំពោះសមត្ថភាពនៅ World Cup នឹងការប្រកួតលើឆាកអន្តរជាតិ។
 
«បំបាក់ក្រុមនូវែលសេឡង់នៅក្នុងទឹកដីដោយផ្ទាល់ ហើយជាគ្រាប់បាល់ដំបូងបំផុតក្នុង World Cup ព្រមទាំងជ័យជម្នះដំបូងដូចគ្នាគឺជារឿងរ៉ាវមួយនៃក្តីស្រម៉ៃដែលបង្កើតឡើង។ ទោះជាមិនអាចមានគ្រាប់បាល់ទល់ន័រវែស ដែលមានមនុស្សចូលរួម ៣៤,០០០នាក់ ជាមួយនឹងមនុស្សគ្រប់គ្នាច្រៀងថាហ្វីលីពីន បាននាំមកឱ្យពួកយើងមានកម្លាំងចិត្ត និងបង្ហាញថាបាល់ទាត់គឺជាកម្មសិទ្ធិរបស់ហ្វីលីពីន។»។ លោក Stajcic បាននិយាយបែបនេះ។
 
ក្រៅពីការចាកចេញរបស់លោក Allen Stajcic វ័យ៤៩ឆ្នាំ ក្នុងនោះក៏រួមមានគ្រូជំនួយលោក Nahuel Arrarte ក៏នឹងចាកចេញពីក្រុមដូចគ្នាបន្ទាប់ពីកិច្ចសន្យារបស់លោកនឹងត្រូវបញ្ចប់ជាមួយក្រុមហ្វីលីពីនក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com