កីឡាអន្តរជាតិ
អន្តរជាតិ
Fabinho កីឡាករទី៣របស់ Liverpool ផ្លាស់ទៅក្លិបនៅអារ៉ាប៊ីសាអូឌីត
01, Aug 2023 , 5:59 pm        
រូបភាព
Fabinho ខ្សែបម្រើក្រុម Liverpool ម្នាក់ទៀតហើយដែលបានផ្លាស់ទៅកាន់ក្លិប ​Al-Ittihad លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិប ​Al-Ittihad នាថ្ងៃទី៣១ ខែកក្កដា។ Fabinho ជាកីឡាកររបស់ Liverpool ទីបីហើយដែលបានផ្លាស់ទៅក្របខណ្ឌ Saudi Pro League បន្ទាប់ពី Roberto Firmino និង Jordan Henderson។



បើតាមរបាយការណ៍ដែលបានចុះផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ក្រុមជើងឯក Saudi Pro League រដូវកាលមុនបានបង់ប្រាក់ថ្លៃផ្ទេរចំនួន ៤០លានផោន (៥១,៣៣លានដុល្លារ) សម្រាប់កីឡាករវ័យ ២៩ឆ្នាំ សញ្ជាតិប្រេស៊ីល។ យ៉ាងណាតម្លៃការផ្ទេរជាក់លាក់មិនត្រូវបានក្លិបទាំងពីរប្រកាសឡើយ។
 
ក្លិប ​Al-Ittihad បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម X អតីតជា Twitter ដោយបានបង្ហាញវត្តមានរបស់ខ្សែបម្រើ Fabinho ក្នុងនោះ។
 
«ថ្ងៃនេះខ្ញុំបានចាកចេញពីផ្ទះ វារយៈពេល ៥ឆ្នាំដែលបានពាក់អាវក្រហម និងតែងតែជាពេលវេលាដ៏អស្ចារ្យបំផុតដែលបានកើតឡើង ខ្ញុំស្រលាញ់ក្លិបមួយនេះ អរគុណហង្សក្រហមសម្រាប់បទពិសោធន៍ទាំងអស់គ្នាកន្លងមក។ អ្នកនឹងមិនធ្វើដំណើរម្នាក់ឯងនោះទេ។»។ Fabinho ផ្ទាល់ក៏បានសរសេរបង្ហោះក្រោយចាកចេញពី Liverpool នៅលើបណ្តាញសង្គម X។
 
Fabinho នឹងចូលរួមក្រុម Al-Ittihad ដោយនឹងត្រូវលេងជាមួយនឹងកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ខ្សែប្រយុទ្ធ Karim Benzema និងអតីតកីឡាករខ្សែបម្រើ N’Golo Kante អតីតកីឡាករក្រុម Chelsea។
 
កីឡាករសញ្ជាតិប្រេស៊ីលបង្ហាញខ្លួនលេង ២១៩ប្រកួត ​សម្រាប់ Liverpool ចាប់តាំងពីការចូលរួមក្នុងឆ្នាំ ២០១៨ មក ហើយរូបគេបានជួយ Liverpool ឈ្នះពានរង្វាន់ Premier League, Champions League, FA Cup, EFL Cup និង UEFA Super Cup។
 
Fabinho ទៀតសោតជាកីឡាករក្រុម Liverpool ទីបីហើយនៅក្នុងទីផ្សារដោះដូរកីឡាករ ដែលបានសម្រេចចិត្តផ្លាស់ទៅកាន់លីគក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកីឡាករមិត្តរួមក្រុមរបស់គេ ២រូប Roberto Firmino និង Jordan Henderson ទើបតែបានផ្លាស់ប្តូរទៅក្លិបរៀងៗខ្លួន៕
 
 

Tag:
 Fabinho
  Liverpool
  Al-Ittihad
© រក្សាសិទ្ធិដោយ thmeythmey.com