កីឡាជាតិ
ជាតិ
អគ្គលេខាធិការបាល់ទះ ថាវីដេអូជំនួយ VAR របស់ម្ពុជា ទំនើបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
02, Aug 2023 , 8:59 am        
រូបភាព
លោក អាំង សិរីពិសិដ្ឋ(ឆ្វេង) និងលោក Barrios Berto Friol (ស្តាំ)។ រូបពីVFC
លោក អាំង សិរីពិសិដ្ឋ(ឆ្វេង) និងលោក Barrios Berto Friol (ស្តាំ)។ រូបពីVFC
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលើកឡើងថាវិស័យកីឡាបាល់ទះនៅកម្ពុជាកំពុងរីកចម្រើន។ ជាក់ស្តែង បច្ចុប្បន្នកម្ពុជាបានបំពាក់ប្រព័ន្ធវីដេអូជំនួយ VAR ទំនើបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

 
«ថ្មីៗនេះកម្ពុជាយើងបានបញ្ជារទិញកាម៉េរាជំនួយ(VAR )ពីប្រទេសអ៊ីតាលី ដែលមកដល់ម៉ោងនេះកម្ពុជាយើងគឺទំនើបជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង ១១ប្រទេស»។ លោក អាំង សិរីពិសិដ្ឋ លើកឡើងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត C នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នាទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ លោកពិសិដ្ឋ បន្ថែមថាលោកចាត់ទុកការសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត C នឹងអាចជួយបានច្រើនចំពោះការកាត់ក្តីនៅលើទីលានសម្រាប់ការប្រកួតពានរង្វាន់បាល់ទះក្នុងប្រទេសកម្ពុជា។
 
សិក្ខាកាមក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត C ។រូបពី VFC

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត C នេះដែរមន្រ្តីសហព័ន្ធបាល់ទះកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំង ៤៦រូបដែលបានចូលរួមរៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់នៅទីលាន ហើយលោកអគ្គលេខាធិការសន្មត់ថាគ្រូបង្វឹកដែលរៀនសូត្រនឹងកើនឡើងសមត្ថភាព បន្ទាប់ទទួលបានការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសកម្រិត A។
 
លោក អាំង សិរីពិសិដ្ឋ ជឿជាក់ថា ការបំពាក់បំប៉នវគ្គបណ្តុះបណ្តាលនេះនឹងជួយបានច្រើនសម្រាប់គ្រូបង្វឹកក្នុងការផ្ទេរចំណេះដឹងទៅដល់កូនក្រុមរបស់ខ្លួន និងខ្លួនឯងផ្ទាល់។
«ខ្ញុំសូមវាយតម្លៃថាលោកគ្រូអ្នកគ្រូកើនឡើងសមត្ថភាពខ្លួនឯងមួយកម្រិតបន្ថែមទៀតហើយ ក្រោយទទួលបានការបណ្តុះបណ្តាលនេះ»។ លោកអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបន្ថែម។
 
គួបញ្ជាក់ថា សិក្ខាកាម ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត C មានចំនួន ៤៦រូប ក្នុងនោះគ្រូបង្វឹកស្រី ៣រូប ដែលទទួលបានការបង្ហាត់បង្រៀនដោយគ្រូបង្វឹកជនជាតិគុយបា លោក Barrios Berto Friol ដោយបានចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក៕
 
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com