កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត Mane ផ្លាស់ទៅក្លិប Al-Nassr ស្របតាមបំណង Ronaldo
02, Aug 2023 , 10:39 am        
រូបភាព
Sadio Mane ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ បានយល់ព្រមផ្លាស់ទៅចូលរួមក្រុម Al-Nassr នៃក្របខណ្ឌ Saudi Pro League ហើយបន្ទាប់ពីបានចំណាយពេល ១រដូវកាលជាមួយ Bayern Munich។ នេះបើតាមក្លិបទាំង ២ បានប្រកាសនាថ្ងៃទី១ ខែសីហា ស្របតាមបំណងរបស់ Cristiano Ronaldo។



តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter រ​បស់ក្លិប Al-Nassr ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ។តម្លៃនៃការផ្ទេរទៅក្លិប Al-Nassr ត្រូវបានគេប៉ាន់ស្មានថាប្រហែលតម្លៃ ៤០លានអឺរ៉ូ (៤៣​,៨៧លានដុល្លារ) សម្រាប់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ដែលមានកិច្ចសន្យាជាមួយនឹងក្រុម Bayern Munich ដល់ទៅរយៈពេល ២ឆ្នាំ។
  


ការទៅដល់របស់ Mane ស្របតាមការចង់បានរបស់ Ronaldo ដែលធ្លាប់ដាក់ការជឿជាក់លើក្លិប Al-Nassr ថានឹងអាចយកអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Liverpool រូបនេះទៅរួមក្រុមជាមួយខ្លួននៅរដូវកាលថ្មីនេះ។
 
Mane បានផ្លាស់ទៅ Bayern កាលពីរដូវកាល ២០២២-២៣ ជាមួយនឹងក្តីរំពឹងខ្លាំងបំផុតអំពីសមត្ថភាពរបស់កីឡាកររូបនេះ ក្រោយពេលគេរកបាន ១២០គ្រាប់ ពីការប្រកួត ២៦៩លើក សម្រាប់ Liverpool។ នៅ Liverpool គេបានឈ្នះ Champions League, Premier League, FA Cup, EFP Cup, Club World Cup, UEFA Super Cup។
 
​កីឡាករសំខាន់ក្នុងតំបន់ប្រយុទ្ធរូបនេះ ក្លាយជាកីឡាករដ៏ខ្លាំងពូកែនៅ Liverpool តែគេបែរជាបរាជ័យក្នុងការទាមទារការចាប់អារម្មណ៍នៅក្រុម Bayern Munich ចាប់តាំងពីលោក Thomas Tuchel ចូលមកដឹកនាំ។ 
 
រឿងរ៉ាវដែលមិនសមប្រកបក្នុងក្រុម Mane បានវាយមិត្តរួមក្រុម Leroy Sane បែកបបូរមាត់ក្នុងការប្រកួតនាពេលកន្លងទៅ ដោយសារតែបញ្ហាមិនយល់ចិត្តគ្នាលើទីលាន ដែលជាហេតុធ្វើឱ្យ Mane រងពិន័យ នឹងរងបម្រាមពីក្រុម។ រដូវកាលមុន Mane រកបាន ១២គ្រាប់ តែប៉ុណ្ណោះសម្រាប់ Bayern Munich។
 
Mane ចូលរួមជាមួយនឹងក្រុម Al-Nassr ដែលកំពុងតែបានពង្រឹងក្រុមរបស់ពួកគេចាប់តាំងបីការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo កាលពីរដូវកាលមុន។​ ក្លិប Al-Nassr ជាក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Saudi Pro League រដូវកាលមុន។ 
 
ក្លិប Al-Nassr បច្ចុប្បន្នបានចុះកិច្ចសន្យាយកកីឡាករ Marcelo Brozovic ដោយផ្ទេរពី Inter Milan និងកីឡាករ Seko Fofana ពីក្រុម Lens របស់បារាំង ខណៈដែល Alex Telles អតីតកីឡាករក្រុម Man United ក៏បានផ្លាស់ទៅចូលរួមផងដែរ។
 
យ៉ាងណាសម្រាប់ការចេាកចេញពី Bayern Munich លោក Thomas Tuchel ដែលជាអ្នកចាត់ការក្រុមបានិយាយថាលោកសោកស្តាយចំពោះការចាកចេញរបស់ Mane តែជាតម្រូវការរបស់ក្លិបត្រូវបញ្ចេញកីឡាករ៕
 

Tag:
 Sadio Mane
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com