កីឡាអន្តរជាតិ
អន្តរជាតិ
Marcelo សោកស្តាយដល់ស្រក់ទឹកភ្នែក ក្រោយជាន់កីឡាករ Sanchez បាក់ជើង
02, Aug 2023 , 2:39 pm        
រូបភាព
Marcelo ខ្សែការពារ ​Fluminense សម្រក់ទឹកភ្នែក និងត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានញ៉ាក់បាល់ហើយជ្រុលជើងទៅជាន់ជើងដោយអចេតនាលើកីឡាករ Luciano Sanchez របស់ក្រុម Argentinos Juniors រហូតបាក់ជើង។ ហេតុការណ៍កើតឡើង ក្នុងការប្រកួតរវាង ​Fluminense របស់ប្រេស៊ីល ទល់ក្រុមមកពីអាហ្សង់ទីន Argentinos Juniors ក្នុងពានរង្វាន់ Copa Libertadores ក្នុងទីក្រុង Buenos Aires ថ្ងៃទី១ ខែសីហា។



បើតាមរយៈវីដេអូនៃការប្រកួតបានបង្ហាញថា Marcelo បានញ៉ាក់បាល់គេចផុតចេញពី Sanchez ប៉ុន្តែជើងរបស់អតីតខ្សែការពារ Real Madrid រូបនេះ បានប៉ះទង្គិចដោយជាន់ទៅលើកីឡាករ​ Sanchez ដែលបានព្យាយាមចូលមករារាំងនិងដណ្តើមបាល់ រហូតមានហេតុការណ៍ដ៏អាក្រក់កើតឡើង។ យ៉ាងណាការជាន់នោះត្រូវបានគេមើលឃើញថា Marcelo មិនមានចេតនាឡើយ ដោយគេត្រឹមតែញ៉ាក់បាល់ទៅតាមទម្លាប់ដែលរូបគេតែងតែបង្ហាញក្នុងការប្រកួតតែប៉ុណ្ណោះ។ 


 
ក្រោយកើតហេតុ Marcelo ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។ Marcelo ដើរចេញពីទីលាន លាយឡំនឹងទឹកភ្នែក ដ្បិតរូបគេសោកស្តាយដែលធ្វើឱ្យគូប្រជែងគ្រោះថ្នាក់។ 
 
បើតាមការបង្ហោះរបស់ក្លិប ​Argentinos នៅលើបណ្តាញសង្គម X អតីត Twitter កីឡាករអន្តរជាតិអាហ្សង់ទីន Sanchez ដែលត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្បែកីឡដ្ឋាននោះ ត្រូវទទួលការព្យាបាលរបួសជង្គង់ឆ្វេងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នានោះ។
 
សម្រាប់ Marcelo បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំងរបស់គេ ដោយបានបង្ហោះនៅលើបណ្តាញសង្គម ​Instagram ដូច្នេះថា ៖ «ថ្ងៃនេះជាថ្ងៃមួយដែលពិបាកបំផុតដែលខ្ញុំបានជួបនៅលើទីលានប្រកួត។ ខ្ញុំបានធ្វើឱ្យកីឡាករម្នាក់របួសដោយអចេតនា ខ្ញុំមានតែជួនពរគាត់ និងបន់ស្រនកម្លាំងភាពខ្លាំងនៅក្នុងផែនដីនៅរឿងរ៉ាវល្អៗក្នុងការព្យាបាលរបួសរបស់គាត់។»។
ក្លិប ​Fluminense របស់ Marcelo ក៏បានបង្ហោះសារលើបណ្តាញសង្គមជូនពរដល់កីឡាករ Sanchez ឱ្យឆាប់ជាសះស្បើយពីការរងរបួសផងដែរ។
 
ការប្រកួតជើងទីមួយនៃវគ្គ ១៦ក្រុមនៃពានរង្វាន់ Copa Libertadores រវាងក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ នៅក្នុងកីឡដ្ឋាន Diego Armando Maradona៕
 

Tag:
 Marcelo
  Fluminense
© រក្សាសិទ្ធិដោយ thmeythmey.com