កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ស្នើ FIFA ពិនិត្យការផ្ទេរកីឡាករទៅអារ៉ាប៊ីសាអូឌីត​ ខណៈបារម្ភប៉ះពាល់ក្លិបនៅអឺរ៉ុប
02, Aug 2023 , 10:29 pm        
រូបភាព
លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានស្នើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ឱ្យត្រួតពិនិត្យពេលវេលា លើទីផ្សារដោះដូរកីឡាករទៅកាន់លីគអារ៉ាប៊ីសាអូឌីតដែលនឹងបិទក្រោយតំបន់អឺរ៉ុបដល់ទៅ៣សប្តាហ៍។ អ្នកចាត់ក្រុម Liverpool បង្ហាញក្តីបារម្ភចំពោះក្លិបតំបន់អឺរ៉ុបមួយចំនួននឹងបាត់បង់កីឡាករកាន់តែច្រើន  ដោយពិបាកស្វែងរកកីឡាករមកជំនួសទាន់ពេលវេលា។



​ទីផ្សារដោះដូរកីឡាកររបស់ក្លិបនៅតំបន់អឺរ៉ុបនឹងត្រូវបិទនៅថ្ងៃទី១ ខែកញ្ញា តែក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងអាចចុះកិច្ចសន្យាដល់ថ្ងៃទី២០ ខែកញ្ញា ពោលគឺបិទក្រោយអឺរ៉ុប៣សប្តាហ៍។
 
Liverpool ក៏ជាក្រុមស្ថិតក្នុងចំណោមក្លិបដែលមានកីឡាករផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតច្រើនផងដែរនៅរដូវកាលថ្មីនេះ។ កីឡាករ Roberto Firmino, Jordan Henderson និង Fabinho សុទ្ធសឹងតែបានផ្លាស់ទៅក្លិបរៀងៗខ្លួននៅ Saudi Pro League។
 
«ឥទ្ធិពលក្លិបអារ៉ាប៊ីសាអូឌីតកំពុងតែកើតឡើងខ្លាំងនៅពេលនេះ។ ជារឿងមួយដ៏អាក្រក់បំផុត ខ្ញុំគិតថាទីផ្សារដោះដូរសម្រាប់អារ៉ាប៊ីសាអូឌីតមានរយៈពេលវែងដល់ទៅ ៣សប្តាហ៍បន្ថែមទៀត ហើយបើនៅអឺរ៉ុបវាមិនបានជួយអ្វីឡើយ។ UEFA ឬ FIFA គួរតែស្វែងរកដំណោះស្រាយលើរឿងនេះ វាកំពុងតែមានឥទ្ធិពលវាយលុកខ្លាំងណាស់មកលើយើង តែយើងក៏នឹងរៀនប្រឈមមុខលើបញ្ហានេះផងដែរ។»។ លោក Klopp បាននិយាយបែបនេះមុនពេលការប្រកួតមិត្តភាពទល់ Bayern Munich នៅប្រទេសសិង្ហបុរី។
 
ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់ថិវិកាមូលនិធិហិរញ្ញវត្ថុសារធារណៈ (PIF) របស់ពួកគេក្នុងការជួយក្លិបនៅប្រទេសខ្លួន ហើយកម្លាំងជំនួយពីមូលនិធិនេះហើយបានជំរុញឱ្យក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro league ចាប់ផ្តើមបង្កើតភាពទាក់ទាញកីឡាករឆ្នើមមួយចំនួនពីក្លិបស្ថិតក្នុងតំបន់អឺរ៉ុបជាមួយនឹងកិច្ចសន្យាដែលរកកម្រៃបានច្រើន។ 
 
កីឡាករល្បីឈ្មោះជាច្រើនដូចជាម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២២ ​Karim Benzema បានចាកចេញពី Real Madrid ទៅកាន់ក្លិបម្ចាស់ជើងឯក Al-Ettihad ដោយរួមជាមួយនឹងម្ចាស់ពានរង្វាន់ World Cup នឹងជាអតីតមិត្តរួមក្រុមរបស់គេ​ N’Golo Kante។ 
 
ភាពទាក់ទាញនៃក្លិបស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើតឡើងខ្លាំងចាប់តាំងពីការទៅដល់របស់ Cristiano Ronaldo ដោយបានចុះកិច្ចសន្យាហើយទទួលបានប្រាក់ថ្លៃពលកម្មថ្លៃលើសលុប បន្ទាប់ពីរូបគេបានបញ្ចប់ការប្រកួត World Cup ក្នុងប្រទេសកាតារួច។ ​Ronaldo ជាកីឡាករដែលទទួលបានថ្លៃពលកម្មថ្លៃបំផុតលើពិភពលោកក្រោយចូលរួមជាមួយនឹង Al-Nassr៕
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com