កីឡាអន្តរជាតិ
អន្តរជាតិ
PSG ទារ Real Madrid បូកបន្ថែ​មកីឡាករម្នាក់ លើការផ្ទេរ Mbappe តម្លៃ៣២០លានដុល្លារ
03, Aug 2023 , 7:59 am        
រូបភាព
​ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថាបានទាមទារឱ្យក្លិប Real Madrid ដែលចង់បានខ្សែប្រយុទ្ធ Kylian Mbappe ត្រូវតែបូកបន្ថែមកីឡាកររបស់ពួកគេម្នាក់ក្នុងចំណោម ២នាក់ ក្នុងកិច្ចព្រមព្រៀងនៃការផ្ទេរ។  ខ្សែប្រយុទ្ធបារាំង មានតម្លៃផ្ទេរជិត ២៥០លានអឺរ៉ូ (៣២០លានដុល្លារ) តាមការការកំណត់តម្លៃរបស់ PSG។



ក្លិប Paris Saint Germain ពេលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique។ ទៅកាន់ទឹកដីបារាំង អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ កំពុងជួបបញ្ហាអំពីអនាគតរបស់ Kylian Mbappe។ យ៉ាងណា លោក Enrique ហាក់បើកដៃឱ្យក្លិបយក្សបារាំងមួយនេះធ្វើកិច្ចការងារលើកកិច្ចព្រមព្រៀងក្នុងការលក់ Mbappe ក្នុងរដូវកាលនេះក្នុងតម្លៃដ៏ខ្ពស់មួយ។
​បុរសសញ្ជាតិអេស្ប៉ាញក៏ត្រូវបានគេរាយការណ៍ផងដែរថា លោកជឿជាក់ថានឹងនៅតែអាចដឹកនាំក្រុមប្រកួតប្រជែងនៅកម្រិតខ្ពស់តំបន់អឺរ៉ុប និងលីគកំពូលបារាំង ដោយគ្មានវត្តមាន Mbappe។
  


បើតាមរបាយការណ៍ដែលចុះផ្សាយដោយកាសែត El Nacional ក្លិប PSG ទាមទារឱ្យបូកបញ្ចូលកីឡាករម្នាក់ក្នុងចំណោម ២នាក់ (Rodrigo ឬ Eduardo Camavinga) ប្រសិនបើក្រុមអធិរាជស ចង់នាំយកខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំទៅចូលរួមក្នុងរដូវកាលនេះ។ 
 
ទោះជាយ៉ាងណា តាមរយៈរបាយការណ៍ដដែល លោក Carlos Ancelotti គ្រូបង្វឹកក្រុមអធិរាជស មិនចាប់អារម្មណ៍លើការបង្ហាញកិច្ចព្រមព្រៀងនោះឡើយ ហើយក៏បានជំរុញឱ្យ Real Madrid កុំឱ្យបញ្ចេញកីឡាករវ័យក្មេងទាំង ២នាក់ផងដែរ។
 
តាមរយៈព័ត៌មាននាពេលកន្លងមក Real Madrid ចង់បាន Mbappe នៅរដូវកាល ២០២៤-២៥ ក្រោយពេលដែលកីឡាករម្ចាស់ពាន World Cup 2018 រូបនេះបានផុតកិច្ចសន្យាជាមួយនឹង PSG បន្ទាប់ពីបញ្ចប់រដូវកាល ២០២៣-២៤។ ​
 
Mbappe កាលពីប៉ុន្មានខែមុនបានផ្ញើលិខិតទៅក្លិប PSG អះអាងថាគេនឹងមិនបន្តកិច្ចសន្យាអ្វីទៀតឡើយជាមួយក្លិបយក្សបារាំងមួយនេះ៕
 

Tag:
 Paris Siant Germain
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com