កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបានគ្រាប់បាល់ទី៥ នៅ Inter Miami ក្នុងជ័យជម្នះលើក្រុម Orlando City
03, Aug 2023 , 2:11 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi រកបានគ្រាប់បាល់ទី៥ របស់ខ្លួននៅក្លិបថ្មី Inter Miami ត្រឹមការបង្ហាញខ្លួនតែ ៣ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមស្ថិតក្នុងក្របខណ្ឌ Major League Soccer (MLS)។ កីឡាករវ័យ ៣៦ឆ្នាំស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងការប្រកួតលីគកំពូលអាម៉េរិក ដែលយកឈ្នះ Orlando ​City ដោយលទ្ធផល ៣-១ នាថ្ងៃទី២ ខែសីហា។



គ្រាប់បាល់ទី១ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរកបាននៅក្នុងនាទី ៧ ដែលជាការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុមកីឡាករ Robert Taylor ហើយគ្រាប់បាល់ទី២ របស់គេកើតឡើងនៅក្នុងនាទី៧២ នៃវគ្គទីពីរដែលជាការបញ្ជូនពីសំណាក់កីឡាករ Josef Martinez ដែលរកគ្រាប់បាល់បាន ១គ្រាប់ដែរដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៥១ មក។ ចំណែក ១គ្រាប់របស់ក្រុម Orlando City កើតឡើងនៅនាទី១៧​។
  


នៅក្នុងកិច្ចព្រមព្រៀងនៃកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក Messi បានយល់ព្រមផ្លាស់មកកាន់ក្របខណ្ឌ MLS ដើម្បីជួយពង្រឹងកម្រិតបាល់ទាត់នៃប្រទេសអាម៉េរិកឱ្យមានភាពរីកចម្រើនឡើងវិញ។
 
ចាប់តាំងពីមានវត្តមានរបស់ Messi មកដល់ក្លិប Inter Miami ដែលជាក្លិបស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ បាតតារាងនៃកម្រិតលីគ MLS Eastern Conference ខណៈនៅសល់ត្រឹមតែ ១២ប្រកួតទៀតប៉ុណ្ណោះក្នុងការបញ្ចប់ការប្រកួតសន្សំពិន្ទុដំបូងក្នុងរដូវកាល។ 
 
ក្រុម Inter Miami ត្រូវការឈានជើងឡើងដល់ចំណាត់ថ្នាក់លេខ ៩ ដើម្បីមានឱកាសឆ្លងកាត់ឡើងទៅវគ្គ Playoffs ហើយប្រសិនបើ Miami អាចទទួលបានចំណាត់ថ្នាក់លេខ ៩ នោះពួកគេនឹងត្រូវប្រជែងបន្តជាមួយក្រុមចំណាត់ថ្នាក់លេខ ៨ ដើម្បីប្រជែងដណ្តើមកៅអីសម្រាប់វគ្គជម្រុះជុំទីមួយនៃ MLS Cup Playoffs។
 
យ៉ាងណាទើបបង្ហាញខ្លួន ៣ប្រកួតឱ្យ Inter Miami កីឡាករដែលជួយអាហ្សង់ទីនឈ្នះ World Cup 2022 រូបនេះបានជួយកែប្រែលទ្ធផលដ៏គាប់ប្រសើរដល់ក្រុមដែលមាន David Beckham ជាម្ចាស់មួយនេះ។  Messi រកបានគ្រាប់បាល់ ១គ្រាប់ពីការប្រកួតទល់ក្រុម Cruz Azul ក្នុងជ័យជម្នះ ២-១ ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គេ និងរកបាន ២គ្រាប់​ ពីការប្រកួតទី២ ទល់ក្រុម Atlanta United ក្នុងជ័យជម្នះ ៤-០ Messi ក៏បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១គ្រាប់បន្ថែមទៀត៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com