ជាតិ
កម្ពុជា​ពិចារណានាំជ្រូកទៅ​វៀតណាម ខណៈ​ប្រទេសជិតខាងមួយនេះ កំពុង​ខ្វះ​សាច់
03, Aug 2023 , 3:19 pm        
រូបភាព
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
ភ្នំពេញ៖ នាំជ្រូក​ពីវៀតណាម? មិនមែនទេ គឺ​នាំ​ចេញទៅ​វៀតណាម។ នេះជា​គម្រោង​របស់​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់ និង​នេសាទ។

 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា កម្ពុជាចង់នាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម ដើម្បីបន្ធូរបន្ថយការកកស្ទះក្នុងស្រុក។ គម្រោងនេះ ធ្វើឡើងសម្រាប់តែក្រុមហ៊ុន ឬកសិដ្ឋានធំៗ ដែលមានស្តង់ដារចិញ្ចឹមត្រឹមត្រូវប៉ុណ្ណោះ។ 
 
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

ការងាកទៅរកទីផ្សារ​វៀតណាមនេះ ដោយសារលោកមើលឃើញថា ប្រទេសជិតខាងមួយនេះកំពុងជួបកង្វះខាតសាច់ បន្ទាប់ពីជំងឺរាតត្បាតប៉េស្តជ្រូកអាហ្រ្វិកដែល​បានសម្លាប់ជ្រូករាប់ម៉ឺនក្បាល កាលពីប៉ុន្មានខែមុន។ ការណ៍នេះ ទាមទារឱ្យវៀតណាមនាំចូលសាច់ពីបរទេស ដើម្បីបំពេញតម្រូវការរបស់​ខ្លួន​។
  
ដ្បិតជាឱកាសសម្រាប់កម្ពុជាក្នុងបន្ធូរបន្ថយការកកស្ទះ ប៉ុន្តែ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា គម្រោងនេះ​ស្ថិតក្នុងការពិចារណានៅឡើយ ដោយសារតែជ្រូករស់នៅវៀតណាម និងកម្ពុជា មានតម្លៃប្រហាក់ប្រហែលគ្នា ដូច្នេះ ប្រសិនបើ ទូទាត់ថ្លៃដឹកជញ្ជូនទៀត អាចនឹងមិនចំណេញ។
 
យ៉ាងណា លោកប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ជឿថា បណ្ដាក្រុមហ៊ុន ឬកសិដ្ឋានទាំងអស់ មិនទាមទារតម្លៃខ្ពស់ជាងទីផ្សារកម្ពុជាពេកនោះទេ ដោយសារពួកគេសុទ្ធសឹងចង់លក់ចេញ ដើម្បីបន្ទូរបន្ថយការកកកុញដូចៗគ្នា។ ការកកស្ទះជ្រូករស់កម្ពុជានៅពេលនេះ បណ្ដាលមកពីការនាំចូលសាច់បង្កកពីបរទេស ដែលធ្វើឱ្យប៉ះពាល់អ្នកចិញ្ចឹម និងទីផ្សារក្នុងស្រុក។  
 
លោក ស្រ៊ុន ពៅ ប្រាប់ដូច្នេះ៖«ខ្ញុំកំពុងសិក្សាតម្លៃ ថាតើអាចនាំចេញទៅវៀតណាមបានខ្លះឬអត់? ព្រោះតម្លៃប្រផុតប្រផើយគ្នា ដូច្នេះលក់ទៅវៀតណាម មិនចំណេញជាងនៅកម្ពុជាទេ ប៉ុន្តែ យើងចង់បន្ធូរបន្ថយការកកស្ទះ។ ឥឡូវ យើងកំពុងចរចាតម្លៃ ហើយបើសិនត្រូវគ្នា ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានសត្វ នឹងអនុញ្ញាតឱ្យនាំចេញទៅ»។ 
 
បច្ចុប្បន្ន ជ្រូករស់នៅកម្ពុជាមានតម្លៃក្រោម៩ពាន់រៀលក្នុងមួយគីឡូក្រាម រីឯវៀតណាមវិញ មានតម្លៃជាង៩ពាន់រៀល ក្នុងមួយគីឡូក្រាម។
 
​នា​រយៈពេល៥ខែឆ្នាំ២០២៣នេះ វៀតណាមបានចំណាយប្រាក់ប្រមាណ៤០៨លានដុល្លារ លើ​ការនាំចូលសាច់ និងផលិតផលសាច់ក្នុងទំហំ ២៣៩,១៣ពាន់តោន​ ដើម្បីបំពេញតម្រូវការ​។ បរិមាណនេះ បានកើនឡើង១,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
 
វៀតណាមបាននាំចូលសាច់ និងផលិតផលសាច់ពីប្រទេសចំនួន៣៦លើពិភពលោក។ ប្រភេទសាច់ និងផលិតផលសាច់ ដែលនាំចូលរួមមាន សាច់ជ្រូក ក្របី និងគោ​(ស្រស់-ក្លាសេ) ក្នុងនោះ សាច់ជ្រូក នាំចូលច្រើនជាងគេ៕ 
 

Tag:
 កសិកម្ម
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
  ស្រ៊ុន ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com