ជាតិ
អូស្ត្រាលី នឹងប្រគល់រូបចម្លាក់លោកេស្វរៈបែបសិល្បៈចម្ប៉ាឱ្យ​កម្ពុជា​
03, Aug 2023 , 3:59 pm        
រូបភាព
​កង់បេរ៉ា៖ រូបចម្លាក់បុរាណ៣អង្គដែលមានចំណាស់រាប់រយឆ្នាំ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រគល់ឱ្យ​កម្ពុជា​វិញ ​​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំលើប្រភពដើម។ ប៉ុន្តែចម្លាក់ទាំង៣ នឹងរក្សាទុកសម្រាប់ការតាំងបង្ហាញនៅអូស្ត្រាលីសិន មុនពេលដឹកមកកម្ពុជាវិញ។

 
វត្ថុបុរាណទាំង៣ សាងពីសំរឹទ្ធដែលតំណាងឱ្យព្រះលោកេស្វរៈនៃពុទ្ធសាសនា និងមានកេរ្តិ៍ដំណែលសិល្បៈនៃរាជាណាចក្រចម៉្បា ហើយត្រូវបានឆ្លាក់នៅចន្លោះសតវត្សទី៩ និងទី១០។ ពិធីធ្វើមាតុភូមិនិវត្តន៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដាកន្លងទៅនៅវិចិត្រសាលជាតិរបស់អូស្ត្រាលីក្នុងទីក្រុងកង់បេរ៉ា។
 
ថ្លែងក្នុងកម្មវិធីនេះ លោក គង់ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចម្លាក់ទាំងនេះមានដើមកំណើតនៅភូមិព្រះអង្គ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានសហគមន៍ជនជាតិចាមច្រើនកំពុងរស់នៅ។
 
«​យើង​អាច​និយាយ​ថា​ វត្ថុបុរាណនេះ​ជា​របស់​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​រចនា​ដោយ​សិល្បៈ​របស់​ជនជាតិ​ចាម​»​។ លោកបញ្ជាក់បែបនេះ។
 
បើតាមមន្រ្តីដដែល អូស្ត្រាលីព្រមប្រគល់ស្នាដៃសិល្បៈចាមទាំង៣នោះវិញ បន្ទាប់ពីភាគីកម្ពុជាបានផ្តល់ភស្តុតាង និងព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងប្រភពដើមនៃចម្លាក់នេះ។ លោកបានកត់សម្គាល់ថា ដើម្បីទាមទារវត្ថុបុរាណ ត្រូវចំណាយពេលជិត២ឆ្នាំដើម្បីស៊ើបអង្កេត និងប្រមូលព័ត៌មាន ហើយលោកក៏ដូចជាក្រុមការងារ និងក្រុមស្រាវជ្រាវមកពីស្ថាប័ន Edenbridge Asia បានធ្វើដំណើរទៅកាន់ទីតាំងដែលវត្ថុទាំងនេះត្រូវបានលួចថែមទៀត។
 


លោក វីរៈ ក៏លើកឡើងពីការស្ម័គ្រចិត្តសហការរបស់អ្នកលួចយកបដិមា ដោយពួកគេ​ជួយផ្តល់ព័ត៌មានជាច្រើនទាក់ទងនឹងប្រភពដើមនៃវត្ថុទាំងនេះ។ ជាថ្នូរទៅវិញ ឈ្មោះរបស់ពួកគេត្រូវបានផ្លាស់ប្ដូរដើម្បីការពារអត្តសញ្ញាណនិងរក្សាសុវត្ថិភាព។
 
លោកស្រី Bronwyn Campbell ដែលជាមន្រ្តីរបស់វិចិត្រសាលជាតិអូស្ត្រាលី បានបញ្ជាក់ថា ស្នាដៃទាំងនេះត្រូវបានទិញក្នុងឆ្នាំ២០១១ ពីឈ្មួញអសោចឈ្មោះ Douglas Latchford ។ លោកស្រី Campbell និយាយទៀតថា ក្រុមការងាររបស់ខ្លួនបានទាក់ទងទៅកាន់ក្រសួងនានាក្នុងប្រទេសដែលមានវប្បធម៌ចាមដូចជាកម្ពុជា និងវៀតណាមជាដើម។
 
«យើងមានសំណាងដែលបានជួបក្រុម Edenbridge Asia ហើយទាក់ទងពួកគេ។ ដូច្នេះហើយយើងបានចាប់ផ្តើមធ្វើការនេះ ជាពិសេសលើព័ត៌មានដែលពួកគេទទួលបានពីបណ្តាញអ្នកលួច។ ទីបំផុត​នោះ​បាន​នាំ​មក​យើង​នូវ​ព័ត៌មាន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស្វែង​រក​ប្រភព​ពិត​របស់​វា»។ មន្រ្តីដដែលលើកឡើងបែបនេះ។
 
ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី លោក  ជឺនបូរាណ ច័ន្ទបូរី ក៏បានគុណរដ្ឋាភិបាលអូស្ត្រាលីដែលបានប្រគល់វត្ថុបុរាណនេះឱ្យកម្ពុជាវិញ។ លោក ចាន់បូរី បញ្ជាក់ទៀតថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីកំណត់អត្តសញ្ញាណវត្ថុបុរាណវប្បធម៌ខ្មែរផ្សេងទៀតដែលត្រូវបានលួចហើយពេលបច្ចុប្បន្នស្ថិតនៅអូស្ត្រាលីដើម្បីអាចធ្វើមាតុភូមិនិវត្តន៍បន្ទាប់ទៀត។
 


លោកបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការនេះគួរតែជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានគោលបំណងលើកកម្ពស់ការដឹងគុណចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ ការទទួលស្គាល់បែបនេះនឹងមានសារសំខាន់ក្នុងការលើកទឹកចិត្តដល់ការការពារ និងការអភិរក្សបេតិកភណ្ឌជាតិកាន់តែរឹងមាំ»។
 
សម្រាប់លោក វីរៈ វិញ ការវិលត្រឡប់មកវិញវត្ថុបុរាណដែលលួចនេះ មានអត្ថន័យធំធេងសម្រាប់កម្ពុជាដែលទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងក្នុងអំឡុងពេលជម្លោះស៊ីវិលជាច្រើនទសវត្សរ៍កន្លងមក។
 
ទោះជាយ៉ាង វត្ថុបុរាណទាំង៣ នឹងមិនទាន់ធ្វើមាតុភូមិនិវត្តន៍ភ្លាមៗទេ ដោយសារអូស្ត្រាលីទទួលសិទ្ធិរក្សាទុក និងដាក់តាំងបង្ហាញជាសាធារណៈសម្រាប់រយៈពេលបីឆ្នាំទៀត។ លោកស្រី Campbell បង្ហាញការរីករាយដែលទទួលបានវត្ថុបុរាណនេះ៣ឆ្នាំទៀតសម្រាប់ការតាំងបង្ហាញសាធារណៈ។
 
បេសកជនពិសេសសម្រាប់ការងារសិល្បៈរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី​ Susan Templeman ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចព្រមព្រៀងកម្ចីរយៈពេល៣ឆ្នាំដែរ។ លោកស្រីបានបន្ថែមថា ការធ្វើបែបនេះនឹងអាចឱ្យអូស្ត្រាលីបង្ហាញពីប្រវត្តិ និងរឿងរ៉ាវនានាសម្រាប់ប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជាដែលកំពុងរស់នៅអូស្ត្រាលី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com