ជាតិ
អាជ្ញាធរខេត្តកំពង់ធំ ត្រៀមជម្លៀសពលរដ្ឋពីទឹកជំនន់ ខណៈកម្ពស់ទឹកស្ទឹងសែនកៀកប្រកាសអាសន្ន
03, Aug 2023 , 6:03 pm        
រូបភាព
ទឹកលិចសាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងវែង នៅឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ រូបភាព៖ ទូច សុវណ្ណឌី
ទឹកលិចសាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងវែង នៅឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ រូបភាព៖ ទូច សុវណ្ណឌី
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ធំ ត្រៀមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈកម្ពស់ទឹកស្ទឹងសែនហក់ជិតឈានកម្រិតប្រកាសអាសន្ន។



យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាបាលខេត្តកំពង់ធំ​ នៅល្ងាចថ្ងៃទី៣ខែសីហា បច្ចុប្បន្ន កម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និងតាមបណ្តោយដងស្ទឹងសែនបានហក់ជិតដល់កម្រិតប្រកាសអាសន្ន។  
 
ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ រដ្ឋបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនោះ ត្រូវរៀបចំសម្ភារៈឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅក្បែរបំផុត និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយកើតឡើង។
 
រដ្ឋាបាលខេត្ត បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសពលរដ្ឋរងគ្រោះ។ ជាមួយគ្នានេះ បង្កើនការផ្សព្វផ្សាយ និងណែនាំឲ្យពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ៕ 
 

Tag:
 រដ្ឋាបាលខេត្តកំពង់ធំ
  ជំនន់ទឹកភ្លៀង
  ស្ទឹងសែន
© រក្សាសិទ្ធិដោយ thmeythmey.com