កីឡាអន្តរជាតិ
អន្តរជាតិ
Buffon អ្នកចាំទីដៃស្អិតរបស់អ៊ីតាលី សម្រេចចូលនិវត្តន៍នៅវ័យ ៤៥ឆ្នាំ
03, Aug 2023 , 6:29 pm        
រូបភាព
អ្នកចាំទីដៃស្អិត Gianluigi Buffon ដែលជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក FIFA World Cup 2006 បានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីពនៅថ្ងៃទី២ ខែសីហា នៅអាយុ ៤៥ឆ្នាំ។



«សម្រាប់មនុស្សគ្រប់គ្នា អ្នកបានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង ខ្ញុំផ្តល់ឱ្យអ្នកនូវអ្វីគ្រប់យ៉ាង យើងបានធ្វើវាជាមួយគ្នា។»។ Buffon បានបង្ហោះនៅក្នុងបណ្តាញសង្គមក្នុងប្រទេសអង់គ្លេស។
អ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុមធំៗដូចជា Juventus, Paris Saint Germain នាពេលកន្លងមក ហើយដោយលោកបានឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ចំនួន ១០លើកជាមួយនឹងក្រុមរហ័សនាមសេះបង្កង់។ Buffon ចាប់ផ្តើមអាជីពដំបូងជាមួយនឹងក្លិប Parma របស់អ៊ីតាលី។
 
នៅពេលដែលរូបគេចាប់ផ្តើមជាមួយនឹង​ Parma នោះជាក្លិបតែមួយគត់ដែល Buffon បានឈ្នះពានរង្វាន់អឺរ៉ុប UEFA Cup ដែលបច្ចុប្បន្នហៅថា ​Europa League ក្នុងឆ្នាំ ១៩៩៩។ អតីតកីឡាករចាំទីវ័យចំណាស់មួយនេះ ចូលនិវត្តន៍ដោយមិនបានឈ្នះពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុបម្តងឡើយ Champions league បើទោះជាធ្លាប់ឈានជើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៣លើកក៏ដោយក្តីជាមួយ Juventus។
 
អ្នកចាំទីរូបនេះក៏ធ្លាប់បានឈ្នះពានរង្វាន់ Ligue 1 ជាមួយនឹងក្លិប PSG ក្នុងរដូវកាល ២០១៨-១៩ មុនពេលវិលត្រលប់ទៅ Juventus វិញនឹងបានចំណាយពេល ២ឆ្នាំបន្ថែម។
Buffon កាន់កាប់កំណត់ត្រាជាកីឡាករចាំទីបង្ហាញខ្លួនច្រើនជាងគេបំផុតនៅក្របខណ្ឌ Serie A ដល់ទៅ ៦៥៧ប្រកួត និងជាកីឡាករដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីបានច្រើនបំផុតដល់ ១៧៦ប្រកួត​ គិតចាប់តាំងពីឆ្នាំ ១៩៩៧-២០១៨។
 
អ្នកចាំទីដដែលរូបនេះ ធ្លាប់បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៥លើក ហើយក៏បានរួមចំណែកជួយអ៊ីតាលីគ្រងជើងឯកក្នុងឆ្នាំ ២០០៦ ដោយបានយកឈ្នះលើបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។ តែយ៉ាងណា ចាប់តាំងពីលើកពានរួចមក ៤ឆ្នាំក្រោយអ៊ីតាលីបានធ្លាក់ចេញត្រឹមវគ្គចែកពូល និងបន្តបន្ទាប់មករហូតគ្មានឈ្មោះលេងក្នុងព្រឹត្តិការណ៍ World Cup ២លើកចុងក្រោយជាប់គ្នា៕
 

Tag:
 Gianluigi Buffon
© រក្សាសិទ្ធិដោយ thmeythmey.com