កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកចិនដែលទះកំផ្លៀងអាជ្ញាកណ្តាល រងពិន័យ៨ខែ និងប្រាក់ជាង២ម៉ឺនដុល្លារ
04, Aug 2023 , 7:59 am        
រូបភាព
គ្រូបង្វឹកកីឡាបាល់ទាត់ជនជាតិចិន លោក Duan Xin ដែលបានទះកំផ្លៀងអាជ្ញាកណ្តាលអំឡុងការប្រកួតក្នុងក្របខណ្ឌលីគទីពីររបស់ប្រទេសចិនកាលពីខែមុន​ ត្រូវបានរងការដាក់ពិន័យពីការប្រកួតនានារយៈពេល ៨ខែ និងប្រាក់ប្រមាណ ១៥ម៉ឺនយាន់ (២០,៩០៥ដុល្លារ)។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់ប្រទេសចិន (CFA) ថ្ងៃទី២ ខែសីហា។



អំឡុងការប្រកួតមួយកាលពីថ្ងៃទី២៣ ខែមិថុនា ក្នុងទីក្រុងណានជីង បន្ទាប់ពីទទួលបានកាតក្រហមសម្រាប់ការប្រមាថលើអាជ្ញាកណ្តាលការប្រកួត គ្រូបង្វឹកក្រុម Liaoning Shenyang’s លោក Duan Xin ត្រូវបានរងពិន័យពីការប្រព្រឹត្តអំពើហិង្សាដោយទះកំផ្លៀងអាជ្ញាកណ្តាល។ CFA ចាត់ទុកទង្វើនេះបង្កផលប៉ះពាល់ដល់សង្គម និងក្នុងវិស័យកីឡាបាល់ទាត់។
 
តាមរយៈសេចក្តីថ្លែងការណ៍ដដែលគ្រូបង្វឹករូបនោះក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពអ្វីទាំងអស់នៅក្នុងការប្រកួតរយៈពេល៨ខែ សូម្បីការចូលក្នុងកីឡដ្ឋានប្រកួត ហើយនឹងត្រូវរងពិន័យជាប្រាក់ចំនួន ១៥ម៉ឺនយាន់។
 
«ហាមមិនឱ្យចូលកីឡដ្ឋានសម្រាប់ការប្រកួតក្នុងរយៈពេល ៨ខែ និងពិន័យជាប្រាក់ប្រមាណ ១៥ម៉ឺនយាន់។ CFA នឹងចាត់វិធានការយ៉ាងតឹងរឹង ចំពោះរាល់ការប្រព្រឹត្តិស្មើសពីច្បាប់ និងវិន័យស្រតាមបទប្បញ្ញត្តិនៃក្រមវិន័យរបស់សមាគមកីឡាបាល់ទាត់ចិន ដើម្បីសំអាតបរិយាកាសនៃការប្រកួត។»។ នេះជាការលើកឡើងរបស់ CFA។
 
យ៉ាងណាអ្នកគាំទ្របាល់ទាត់ប្រទេសចិនជាច្រើនបានត្អូញត្អែរថាការដាក់ទណ្ឌកម្មលើលោក Duan ជាពិសេសការហាមប្រាមគឺស្រាលពេក។ នេះបើតាមចំនួនអ្នកចុចតាមដាន​ និងបានបញ្ចេញមតិនៅលើប្រព័ន្ធព័ត៌មានបាល់ទាត់ដ៏ល្បីក្នុងប្រទេសចិន Dongqiudi។
 
អ្នកគាំទ្រដែលបានបញ្ចេញមតិនៅលើប្រព័ន្ធព័ត៌មាន Dongqiudi បានទាមទារឱ្យមានការដាក់ពិន័យរហូតដល់រយៈពេល ១២ខែ ចំពោះលោក Duan ដែលបានទះកំផ្លៀងអាជ្ញាកណ្តាលការប្រកួត។​ 
 
មួយវិញទៀតការដាក់ពិន័យរបស់ CFA ត្រូវបានគេដឹងថាត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា មកម្ល៉េះ ប៉ុន្តែ CFA ទើបតែប្រកាសជាសាធារណៈនៅថ្ងៃទី២ ខែសីហា នៅលើគេហទំព័រផ្លូវរបស់ពួកគេទៅវិញ។ 
 
មូលហេតុនៃការពន្យាពេលការប្រកាសនេះមិនមានភាពច្បាស់លាស់ ខណៈដែលមានការជជែកខ្លាំងក្លាជុំវិញការខកចិត្តពីការធ្លាក់ចេញពីព្រឹត្តិការណ៍ Women’s World Cup របស់ក្រុមបាល់ទាត់នារីចិន រហស្សនាមកុលាបដែក នាថ្ងៃទី១ ខែសីហា។ អ្នកគាំទ្រច្រើននាក់បានស្តីបន្ទោសទៅលើ CFA ចំពោះការធ្លាក់ចេញនេះ៕
 

Tag:
 បាល់ទាត់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com