ជាតិ
សេដ្ឋកិច្ច
របាយការណ៍​៖ ការលក់ផ្ទះល្វែង វីឡាភ្លោះ និងទោល ថយចុះ តែ​កើន​ការលក់ខុនដូ
04, Aug 2023 , 9:57 am        
រូបភាព
ដោយ: រួបរួម
សកម្មភាព​លក់​លំនៅ​ឋាន ដែលមាន​ផ្ទះល្វែង វីឡាភ្លោះ និងទោស មាន​ការ​ថយ​ចុះជាង៦០ភាគរយ ខណៈ​ការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ក្នុងអត្រាជាង​១០​ភាគរយ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆមាស​ទី១​របស់​ធនាគារ​ជាតិ​នៃកម្ពុជា។

 

របាយការណ៍ដែល​យោង​តាម​និយ័តករ​អាជីវករអចលនវត្ថុ និង​បញ្ចាំ រួមទាំង​ការគណនា​របស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាព​លក់លំនៅ​ឋាន (ផ្ទះល្វែង វិឡាភ្លោះ និងទោល) ថយ​ចុះប្រមាណ ៦៤,៧ភាគរយ ខណៈការ​លក់​ខុន​ដូ មាន​កំណើន​វិជ្ជមាន​ឡើង​វិញ​ក្នុងអត្រា​១២,៩ភាគរយ។
 
បើគិត​តាមទិន្នន័យ​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២៣ សន្ទស្សន៍ថ្លៃ​លំនៅ​ឋាន (RPPI) បង្ហាញថា តម្លៃលំនៅ​ឋាន​នៅកម្ពុជា​ពុំសូវមាន​ការប្រែប្រួល​ខ្លាំងនោះទេ ដោយ​នៅ​ភ្នំពេញ មាន​ការកើន​ឡើង​៦,៩ភាគរយ ស្របពេលដែលនៅ​តាមបណ្តាខេត្តផ្សេងៗទៀត​កើន ៥,៣ភាគរយ។
 
 
ទោះបីជាយ៉ាង​ណាក៏ដោយ របាយការណ៍បាន​បង្ហាញពី​ការ​ងើបឡើង​វិញ​នៃ​វិស័យ​សំណង់ តាម​រយៈកំណើន​នៃការ​នាំចូលសម្ភារ និង​បរិក្ខារសំណង់ក្នុងរង្វង់ ០,៤ភាគរយ។ ចំពោះ​គម្រោង​ដែល​អនុម័ត​ដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, តម្លៃ និង​ផ្ទៃ​ក្រឡាគម្រោងសាងសង់ ត្រូវបាន​ប៉ាន់ស្មាន​ថាមាន​កំណើន ១,៣ភាគរយ ខណៈចំនួន​គម្រោង​ថយ​ចុះ ៩ភាគរយ។
 
ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បានផ្សព្វផ្សាយ​របាយការណ៍​បូកសរុបលទ្ធផល​ការងារ​ប្រចាំត្រីមាសទី១ឆ្នាំ២០២៣ និងលើកទិសដៅ​ការងារបន្ត ផងដែរ ប៉ុន្តែ​សាធារណជនមិនទាន់អាច​ទាញយក​ឯកសារពីគេហទំព័រ​ផ្លូវការ​របស់ក្រសួងបានឡើយ៕

 




© រក្សាសិទ្ធិដោយ thmeythmey.com