ជាតិ
លោក ជា ចាន់តូ ត្រូវបានតែងតាំងជាអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិ
04, Aug 2023 , 10:29 am        
រូបភាព
លោក ជា ចាន់តូ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា។ រូបពីហ្វេសប៊ុកធនាគារជាតិ។
លោក ជា ចាន់តូ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិកម្ពុជា។ រូបពីហ្វេសប៊ុកធនាគារជាតិ។
លោក ជា ចាន់តូ ត្រូវបានតែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា​ មានឋានៈស្មើទេសរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ របសព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៩ កក្កដា ដែលទើបចេញផ្សាយនាពេលនេះ។



លោក ជា ចាន់តូ បានកាន់តំណែងអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨មក ដែលពេលនោះ កម្ពុជាប្រឈមនឹងវិបត្តិហិរញ្ញវត្ថុអាស៊ី។ លោក ចាន់តូ បានកំណែទម្រង់ និងពង្រឹងប្រព័ន្ធធនាគាររបស់កម្ពុជា។ ជាពិសេសធ្វើទំនើបកម្ម និងធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ។
 
មុនទទួលបានតួនាទីជាអគ្គទេសាភិបាលនេះ លោក ជា ចាន់តូ ធ្លាប់ទទួលខុសត្រូវធំនៅធនាគារកណ្តាល ក្នុងតួនាទីជានាយកធនាគារជាតិនៃកម្ពុជា ពីឆ្នាំ ១៩៧៩ ដល់ ១៩៨១ ។ បន្ទាប់មកលោកត្រូវបានតែងតាំងជាទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៦ ។
 
នៅក្នុងឆ្នាំ ១៩៨៦ លោក ជា ចាន់តូ ក៏បានបម្រើការជាអនុរដ្ឋមន្ត្រីទីមួយ នៅក្រសួងផែនការ។ មិនតែប៉ុណ្ណោះលោក ក៏ធ្លាប់ជាសមាជិកសភា ចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៨ផងដែរ។
លោក ជា ចាន់តូ ក៏បានទទួលពានរង្វាន់ជាអ្នកគ្រប់គ្រងបានល្អបំផុត ក្នុងការជំរុញកំណើន និងស្ថិរភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ពីធនាគារកណ្ដាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីឆ្នាំ ២០២១ ។
 
កាលពីថ្ងៃទី២៩ កក្កដា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់តែងតាំងអ្នកស្រី ជា សិរី​​ ជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។ អ្នកស្រី ឡើងកាន់តំណែងនេះ ជំនួសលោក ជា ចាន់តូ ជាឪពុក។ ជាមួយគ្នានោះ ព្រះមហាក្សត្រ ក៏បានបង្គាប់តែងតាំងទេសាភិបាលរងថ្មី៣រូបផងដែរ រួមមាន លោក រ័ត្ន សុវណ្ណនរៈ លោក យឹម លាត និងអ្នកស្រី សាយ សំអាត៕
 
 

Tag:
 ព្រះមហាក្សត្រ
  ជា ចាន់តូ
  ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com