ជាតិ
រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានសិទ្ធិអំណាចគ្រប់គ្រង លើមុខងារវិស័យអប់រំ នៅឆ្នាំ២០២៤
04, Aug 2023 , 12:09 pm        
រូបភាព
សិស្សានុសិស្សកំពុងរៀនក្នុងថ្នាក់ នៅសាលាបឋមសិក្សាក្បាលត្រាច នាពេលកន្លងមមក។
សិស្សានុសិស្សកំពុងរៀនក្នុងថ្នាក់ នៅសាលាបឋមសិក្សាក្បាលត្រាច នាពេលកន្លងមមក។
ភ្នំពេញ៖ រដ្ឋាភិបាលនឹងផ្ទេរមុខងារ ក្នុងវិស័យអប់រំ ស្ដីពីការគ្រប់គ្រងការងារអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកគ្រប់គ្រង នៅឆ្នាំ២០២៤។ នេះបើតាមអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

 
ក្នុងអនុក្រឹត្យ ដែលមាន៨ជំពូក និង៣១មាត្រា បានបញ្ជាក់ថា ការកែប្រែនេះ គឺរដ្ឋាភិបាលមានគោលដៅ ធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធគ្រប់គ្រង ការផ្ដល់សេវាអប់រំ រួមទាំងមានគណនេយ្យភាព តម្លាភាព និងបរិយាប័ន្ន។ ពាក់ព័ន្ធនឹងការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំនេះ កន្លងមករដ្ឋាភិបាលបានសាកល្បងរួចហើយ នៅក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង។ ដោយសារទទួលបានជោគជ័យ ទើបរដ្ឋាភិបាលចេញធ្វើកំណែទម្រង់ទូទាំងប្រទេស។ 
 
ទាក់ទិននឹងការផ្ទេរសិទ្ធិអំណាច រដ្ឋាភិបាលនឹងប្រគល់មុខងារក្នុងវិស័យអប់រំចំនួន៣ រួមមានមុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ។ 
 
ជាមួយគ្នាដែរ រដ្ឋាភិបាល នឹងបន្តធ្វើប្រតិភូកម្មមុខងារ គាំទ្រផ្នែករដ្ឋបាលចំនួន៣មុខងារទៀតផង ដូចជា មុខងារគាំទ្រផ្នែករដ្ឋបាលដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ  ,មុខងារគាំទ្រផ្នែករដ្ឋបាលទៅដល់ការងារអភិវឌ្ឍយុវជន និងមុខងារគាំទ្រផ្នែករដ្ឋបាលដល់ការងារអប់រំកាយ និងកីឡា។ នេះបើតាមមាត្រា៣ និងមាត្រា៤ នៃអនុក្រឹត្យ ដែលចេញថ្ងៃទី២៨កក្កដា។
 
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានសិទ្ធិអំណាច អនុវត្តមុខងារខាងលើនេះ នឹងទទួលថិវកាផ្ទាល់ពីក្រសួងសេដ្ឋកិច្ច។ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នករៀបចំគម្រោងថវិកាចំណាយប្រចាំឆ្នាំ។ សម្រាប់ដំណើរការកំណត់ទំហំធនធានហិរញ្ញវត្ថុ លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌផ្សេងទៀត គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នឹងដើរតួជាអ្នកស្របសម្រួលជាមួយ ក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ ក្រសួងមុខងារសាធារណៈ រួមជាមួយនឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ នេះបើតាមជំពូកទី៣ នៃអនុក្រឹត្យដដែល។
 
ពាក់ព័ន្ធនឹង ការផ្ទេរធនធានមនុស្សវិញ បុគ្គលិកអប់រំ ដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺត្រូវមានលក្ខខណ្ឌការងារ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត មិនទាបជាងលក្ខខណ្ឌការងារ ដែលធ្លាប់ទទួលបានឡើយ។ 
 
​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចាប់ផ្ដើមគ្រប់គ្រងមុខងារអប់រំ ដោយចាត់ចែងការងារនិងអនុវត្តមុខងារ ក្នុងការធ្វើប្រតិភូកម្មស្របតាមមាត្រា៣ មាត្រា៤ ពីថ្ងៃទី១មករា ឆ្នាំ២០២៤ទៅ។ នេះបើតាមមាត្រា២៩ នៃអនុក្រឹត្យ ស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕
 

Tag:
 អប់រំ
  ផ្ទេរអំណាច
  វិមជ្ឈការ
  ថ្នាក់ក្រោមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com