ជាតិ
លោក សុខ លូ បដិសេធព័ត៌មានត្រីស្ទឹងសង្កែងាប់ដោយសារការលេចធ្លាយជាតិពុលពីរោងចក្រ
04, Aug 2023 , 4:19 pm        
រូបភាព
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បដិសេធព័ត៌មានជុំវិញករណី ត្រីក្នុងស្ទឹងសង្កែងាប់ដោយសារការលេចធ្លាយសារធាតុពុលពីរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុក​រតន​មណ្ឌល។ លោក ចាត់ទុកថា ព័ត៌មានដែលបានផ្សាយជាព្រោងព្រាតនោះ គឺជារូបភាពកាត់ត និងបានបំពុលសង្គមធ្ងន់ធ្ងរ។



លោក សុខ លូ បញ្ជាក់បន្ថែមថា នៅស្ទឹងសង្កែ ត្រង់ចំណុចស្រុករតនមណ្ឌល ពិតជាមានបង្ហូរទឹកខ្មៅកខ្វក់មែន។ ករណីនេះ លោក បានបញ្ជារឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន និងមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ចុះស្រាវជ្រាវ ប៉ុន្តែ មិនបានឃើញត្រីងាប់ដូចការផ្សាយរបស់ពលរដ្ឋ និងអ្នកសារព័ត៌មានឡើយ។ 
 
អភិបាលខេត្តបាត់ដំបងរូបនេះ ចាត់ទុកព័ត៌មាននេះ ជារឿងមិនពិត ដែលនាំឱ្យមានការបំពុលសង្គម និងធ្វើឱ្យពលរដ្ឋព្រួយបារម្ភ។ មកទល់ពេលនេះ ទឹកស្ទឹងសង្កែ បានវិលមកស្ថានធម្មតាវិញហើយ ខណៈមន្រ្តីជំនាញកំពុងរកប្រភពនៃការលេចធ្លាយ និងរងចាំលទ្ធផលតេស្តជាតិពុលនៃទឹកខ្មៅកខ្វក់នេះ។ 
 
លោក សុខ លូ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«រឿងទឹកខ្មៅហូរចូលស្ទឹងសង្កែនេះ ពួកយើងកំពុងស្រាវជ្រាវ។ ខ្ញុំបានឱ្យក្រុមការងារចុះទៅពីរថ្ងៃហើយ ប៉ុន្តែ មិនទាន់ឃើញស្ថានភាពត្រីងាប់ ដូចការចុះផ្សាយទេ។ ដូចមើលហើយ រូបភាពមួយចំនួន មិនដឹងកាត់តមកពីណានោះទេ ដូច្នេះ ទាំងអស់នេះ គឺជាការបំពុលសង្គមធ្ងន់ធ្ងរ។ រូបភាពទាំងអស់នោះ មិនមែនជារូបភាពពិតក្នុងស្ទឹងសង្កែទេ»។
 
ចំណែក លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានលើកឡើងថា មកទល់ពេលនេះ លោក និងក្រុមការងារជិត៣០នាក់ទៀត រកមិនទាន់ឃើញទឹកខ្មៅកខ្វក់នោះ លេចធ្លាយចេញពីណានៅឡើយទេ។ ករណីនេះ លោក សង្ស័យថា បណ្ដាលមកពីការលេចធ្លាយកាក​សំណល់​ធ្យូងថ្ម​ ដែល​ក្រុម​ហ៊ុន​ប្រើ​ប្រាស់​សម្រាប់ឧស្សាហកម្មរបស់ពួកគេ នៅអំឡុងពេលភ្លៀងធ្លាក់ខ្លាំង កាលពីប៉ុន្មានថ្ងៃមុន។ 
 
ដូចគ្នានឹង លោក សុខ លូ ដែរ ប្រធានមន្ទីរបរិស្ថានរូបនេះ ថា​លោក មិនទាន់រកឃើញត្រីងាប់ដោយសារទឹកខ្មៅកខ្វក់នៅឡើយ ខណៈក្រុមការងាររបស់លោក បន្តតាមដាន និងធ្វើតេស្តទឹកកខ្វក់នេះ រកកម្រិតជាតិពុល ដើម្បីបកស្រាយជូនពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ។  
 
លោក កត់ បូរ៉ាន ប្រាប់ដូច្នេះថា៖«ឥឡូវនេះ ពួកយើងកំពុងតែរក និងកំណត់មុខសញ្ញា ហើយយើង​ក៏កំពុងរងចាំលទ្ធផលតេស្តមើលថា កម្រិតពុលវាប៉ុន្មាន វាបែបណា ដើម្បីបកស្រាយជូនប្រជាពលរដ្ឋ កុំឱ្យលោកព្រួយបារម្ភ»។  
 
កន្លងទៅ ធ្លាប់មានរោងចក្រផលិតថ្នាំពេទ្យរបស់ចិនមួយឈ្មោះថា«អឺកាង» បានបង្ហូរកាក់សំណល់គីមី ចូលទៅក្នុងស្ទឹងសង្កែ ហើយធ្វើឱ្យត្រីងាប់។ ទោះជាបែបនេះក្ដី លោក បូរ៉ាន មិនអាចចោទប្រកាន់រោងចក្រនេះបានទេ ដោយសាររកមិនទាន់ឃើញភស្តុតាង ឬកន្លែលេចធ្លាយ ខណៈមន្រ្តីជំនាញ ក៏កំពុងត្រួតពិនិត្យរោងចក្រ ឬក្រុមហ៊ុនផ្សេងទៀតដែរ។  
 
ជុំវិញបញ្ហានេះ លោក អះអាងថា មន្ទីរបរិស្ថាននឹងមិនបណ្ដែតបណ្ដោយឱ្យរោងចក្រទាំងនោះធ្វើអ្វីដោយមិនគិតពីសុខុមាលភាពពលរដ្ឋនោះទេ។ ប្រសិនបើ រកឃើញថា រោងចក្រមួយណាបង្ហូរទឹកខ្មៅកខ្វក់ចូលស្ទឹងសង្កែ រោងចក្រនឹងរងការពិន័យតាមផ្លូវច្បាប់៕  
 

Tag:
 បរិស្ថាន
  ស្ទឹងសង្កែ
  សុខ លូ
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com