សេដ្ឋកិច្ច
អន្តរជាតិ
តើពិភពលោកអាចប្រឈមនឹងហានិភ័យនៃវិបត្តិស្បៀងអាហារ?
06, Aug 2023 , 9:59 am        
រូបភាព
ប្រជាជនប៉ាគីស្ថានមកទទួលជំនួយស្បៀងអាហារក្រោយមានទឹកជំនន់ នៅឆ្នាំ២០២២។ រូបភាព រ៉យទ័រ ។
ប្រជាជនប៉ាគីស្ថានមកទទួលជំនួយស្បៀងអាហារក្រោយមានទឹកជំនន់ នៅឆ្នាំ២០២២។ រូបភាព រ៉យទ័រ ។
ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចមិនសូវល្អ ជម្លោះយោធា និង បាតុភូត El Niño កំពុងជំរុញពិភពលោកឱ្យឈានទៅរកវិបត្តិស្បៀងអាហារ។ ផ្តើមចេញពីរុស្ស៉ីដែលដកខ្លួនពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ការបំផ្លាញគ្រាប់ធម្មជាតិនៅអ៊ុយក្រែន ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌា និងកាត់បន្ថយការដាំស្រូវរបស់ថៃ បានបង្ហាញការព្រួយបារម្ភចំពោះវិបត្តិស្បៀងអាហារ ដែលនឹងអាចកើតមាននៅអនាគតដ៏ខ្លី។ 

ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ពិភពលោកមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់នៅក្នុងទីផ្សារអាហារ។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា រុស្ស៊ី បាន​ដក​ខ្លួន​ចេញ​ពី​គំនិត​ផ្តួច​ផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ ។ កិច្ចព្រមព្រៀងនេះត្រូវបានចរចាដោយអង្គការសហប្រជាជាតិ (UN) និងតួគគី ក្នុងខែកក្កដា ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិ តាមសមុទ្រ ដើម្បីដោះស្រាយសន្តិសុខស្បៀងអាហារពិភពលោក។ តម្លៃស្រូវសាលីពិភពលោកបានកើនឡើង ១០ភាគរយ ត្រឹមតែ ១០ថ្ងៃ បន្ទាប់ពីរុស្ស៊ីបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង។
 
ប៉ុន្មានថ្ងៃក្រោយមក អ៊ុយក្រែនបានចោទប្រកាន់ការវាយឆ្មក់របស់រុស្ស៊ី ទៅលើទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Odessa ដែលបានបំផ្លាញគ្រាប់ធញ្ញជាតិ ៦០ពាន់តោន ប៉ុន្តែទីក្រុងម៉ូស្គូបាននិយាយថា ខ្លួនបានកំណត់គោលដៅតែទីតាំងយោធាប៉ុណ្ណោះ។ បើតាមឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ Barbara Woodward បរិមាណគ្រាប់ធញ្ញជាតិដែលបានបំផ្លាញនេះ គឺគ្រប់គ្រាន់សម្រាប់មនុស្ស ២៧ម៉ឺននាក់ក្នុងមួយឆ្នាំ។
 
ក្រសួង​កសិកម្ម​អ៊ុយក្រែន​បាន​និយាយ​ថា​ សន្តិសុខ​ស្បៀង​ពិភព​លោក​កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ម្ដង​ទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីខែមុន លោកស្រី Samantha Power ប្រមុខទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្បៀងអាហារពិភពលោកនាពេលបច្ចុប្បន្ន។ 
 
តួលេខ​ពី​គណៈកម្មការ​អឺរ៉ុប (EC) បង្ហាញ​ថា អ៊ុយក្រែន​ជា​អ្នក​រួម​ចំណែក​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ពិភពលោក។ ក្នុងនោះពួកគេមានចំណែក ១០ភាគរយនៃទីផ្សារពិភពលោកសម្រាប់ស្រូវសាលី ១៥ភាគរយសម្រាប់ពោត និង ១៣ភាគរយសម្រាប់ Barley ។ បើតាមលោកស្រី Samantha Power ពីរភាគបីនៃស្រូវសាលីដែលនាំចេញពីអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ បានទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
 
បើតាមលោក Carlos Mera នាយកទីផ្សារកសិកម្មនៅ Rabobank (ហូឡង់)។ បច្ចុប្បន្នអ៊ុយក្រែនត្រូវបានបង្ខំចិត្តនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមផ្លូវគោក និងកំពង់ផែនៅលើទន្លេ Danube ។ ថ្លៃដឹកជញ្ជូនខ្ពស់ ដែលហាក់ទទួលបានប្រាក់ចំណេញតិចតួចសម្រាប់កសិករអ៊ុយក្រែន។ នៅឆ្នាំក្រោយ ពួកគេអាចកាត់បន្ថយការដាំដុះដំណាំ ហើយនឹងដាក់សម្ពាធកាន់តែខ្លាំងលើស្បៀងអាហារពិភពលោក។ 
 
កាលពីថ្ងៃទី២០ ខែកក្កដា ឥណ្ឌាបានប្រកាសហាមឃាត់ការនាំចេញអង្ករដែលមិនមែនជា ប្រភេទ Basmati (អង្ករដ៏ពេញនិយមនៅអាស៊ីខាងត្បូង) ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក។ ប៉ុន្មានថ្ងៃក្រោយមក វីដេអូជាច្រើនបានលេចចេញនៅក្នុងសារព័ត៌មានដែលបង្ហាញពីមនុស្សម្នាភ័យស្លន់ស្លោទិញអង្ករនៅតាមហាងលក់ទំនិញអាម៉េរិក និងកាណាដា។
 
បច្ចុប្បន្ន ឥណ្ឌា​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​របស់​ពិភពលោក ដោយ​បាន​រួម​ចំណែក ៤០ភាគរយនៃ​អាជីវកម្ម​អង្ករ​ពិភពលោក។ អ្នកទិញធំៗមួយចំនួនមាន ចិន ហ្វីលីពីន និងនីហ្សេរីយ៉ា។ កាលពីឆ្នាំមុន ឥណ្ឌាបាននាំចេញអង្ករចំនួន ២២លានតោនទៅកាន់ប្រទេសចំនួន ១៤០ ។ អង្ករក៏ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងនៅក្នុងទ្វីបអាហ្រ្វិកផងដែរ។ 
 
ការ​ហាមប្រាម​ការ​នាំ​ចេញ​អង្ករ​របស់​ឥណ្ឌា​ ​កំពុង​តែ​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​អង្ករ​ពិភពលោក។ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា បម្រាមនេះនឹងធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិសរុបកើនឡើង ១៥ភាគរយនៅឆ្នាំនេះ។
 
បម្រាម​របស់​​ឥណ្ឌា​ក៏​កើតឡើង​ស្រដៀង​គ្នា​ ចំពោះ​អេមីរ៉ាត​អារ៉ាប់រួម (UAE) ។ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេសអេមីរ៉ាត​អារ៉ាប់រួមបាន​សម្រេច​បញ្ឈប់​ការ​នាំ​ចេញ​អង្ករ ​រយៈពេល ៤ខែ។ បទប្បញ្ញត្តិនេះចូលជាធរមានភ្លាមៗ អនុវត្តចំពោះអង្ករគ្រប់ប្រភេទ។ 
 
អេមីរ៉ាតអារ៉ាប់រួមត្រូវនាំចូលរហូតដល់ ៩០ភាគរយនៃអាហាររបស់ខ្លួនជារៀងរាល់ឆ្នាំ។ ពួកគេ​ទិញ​អង្ករ​ជា​ចម្បង​ពី​​ឥណ្ឌា ប៉ាគីស្ថាន វៀតណាម និង​ថៃ។ យោងតាមក្រសួងសេដ្ឋកិច្ចរបស់ UAE ការហាមឃាត់បណ្តោះអាសន្ននេះមានគោលបំណងធានាការផ្គត់ផ្គង់ក្នុងស្រុក បន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករ។
 
មួយ​ថ្ងៃ​ក្រោយ​មក រដ្ឋាភិបាល​រុស្ស៊ីក៏បាន​ប្រកាស​ហាម​ឃាត់​ការ​នាំ​ចេញ​អង្កររហូត​ដល់​ដំណាច់ឆ្នាំនេះ ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក។ រុស្សីមិនមែនជាប្រទេសនាំចេញធំក្នុងពិភពលោកទេ ហើយនេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែរ ​ដែល​គេ​ហាម​ឃាត់​ការ​នាំ​ចេញ​អាហារ។ ជាក់ស្តែងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ក្រសួងកសិកម្មរុស្ស៊ីបានសម្រេចចិត្តហាមឃាត់ការនាំចេញអង្ករ គ្រាប់ធញ្ញជាតិ និងអាស៊ីតអាមីណូដែលប្រើប្រាស់ក្នុងចំណីសត្វរហូតដល់ដំណាច់ឆ្នាំ។
 
នៅថៃឯណេះវិញ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក រដ្ឋាភិបាលកំពុងលើកទឹកចិត្តប្រជាជនកាត់បន្ថយការដាំដុះស្រូវ ហើយប្តូរទៅដាំដំណាំផ្សេងទៀតដែលត្រូវការទឹកតិច។ ថៃកំពុងកត់ត្រាការថយចុះនៃទឹកភ្លៀងនៅក្នុងបរិបទដែលអាកាសធាតុនៅឆ្នាំក្រោយត្រូវបានព្យាករថា នឹងស្ងួតដោយសារតែបាតុភូត El ​​Nino ។ ទឹកភ្លៀង​សរុប​នៅ​ភាគ​កណ្តាល​ប្រទេសនេះ ​បច្ចុប្បន្ន​មាន​កម្រិត​ទាប​ជាង​ធម្មតា ៤០ភាគរយ។
 
ជារួមចាប់តាំងពីឆ្នាំមុនមក សន្តិសុខស្បៀងបានក្លាយជាបញ្ហាដ៏ក្តៅគគុកនៅទូទាំងពិភពលោក។ បន្ទាប់​ពី​រុស្ស៊ី​បាន​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន ប្រទេស​ជា​បន្តបន្ទាប់​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចេញ​ស្បៀងអាហារ។ ឥណ្ឌាដាក់កម្រិតលើការនាំចេញស្រូវសាលី និងស្ករ ខណៈឥណ្ឌូណេស៊ី ដាក់កម្រិតលើការលក់ប្រេងដូង ។ ទន្ទឹមនេះ ម៉ាឡេស៊ី​ហាម​ការ​នាំ​ចេញសាច់​មាន់ ហើយអាហ្សង់ទីនហាមឃាត់ការនាំចេញសាច់គោ។ ចំណែកតួកគី និង កៀហ្ស៊ីស៊ីស្ថានបានហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិយ៉ាងច្រើន។
 
ដូច្នោះហើយ កាលពីឆ្នាំមុនចំនួនប្រជាជនដែលត្រូវការជំនួយជាបន្ទាន់នូវអាហារូបត្ថម្ភបានកើនឡើងជាលើកទីបួនឆ្នាំជាប់ៗគ្នា។ ក្រុមនេះមានចំនួនដល់ទៅ ២៥៨លាននាក់នៅក្នុង ៥៨ប្រទេស និងដែនដីដែលជាចំនួនខ្ពស់រយៈពេល៧ឆ្នាំ។ នេះបើយោងតាមរបាយការណ៍វិបត្តិស្បៀងអាហារសកល (GRFC) ចេញផ្សាយនៅខែឧសភា។ 
 
មូលហេតុចម្បងនៃអសន្តិសុខស្បៀង កើតឡើងចម្បងពីសង្គ្រាមនៅអ៊ុយក្រែនដែលជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខស្បៀងពិភពលោក ពីព្រោះទាំងអ៊ុយក្រែន និងរុស្ស៊ីបានចូលរួមចំណែកយ៉ាងច្រើនដល់ការផលិត និងការជួញដូរប្រេងឥន្ធនៈ ម្ហូបអាហារ និងផលិតផលកសិកម្ម។
 
បន្ទាប់មកទៀតនេះ គឺការប្រែប្រួលអាកាសធាតុ។ ការស្ទង់មតិរបស់ Reuters ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ក៏បានបង្ហាញផងដែរថា ស្តុកស្រូវសាលីនៅក្នុងក្រុមហ៊ុននាំចេញធំៗរបស់ពិភពលោកនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយសារអាកាសធាតុស្ងួត។ ប្រទេស​​នាំ​ចូល​ដែល​មាន​ស្តុក​តិច ​នឹង​ងាយ​រង​គ្រោះ​ដោយ​ការ​ធ្លាក់​ចុះ​តម្លៃ​និង​ការ​ផ្គត់ផ្គង់​នៅ​ឆ្នាំ​នេះ។
 
ទោះបីជាយ៉ាងនេះក្តី ពិភពលោកនៅតែមានក្តីសង្ឃឹមសម្រាប់ទីផ្សារម្ហូបអាហារនឹងប្រសើរឡើង។ អ្នកជំនាញជាច្រើនជឿថា ការហាមប្រាមរបស់ឥណ្ឌាគឺគ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ។ បច្ចុប្បន្ន​​ឥណ្ឌា​មាន​អង្ករ​ចំនួន ៤១​លាន​តោន​ក្នុង​ស្តុកដែល​ស្មើនឹង​បី​ដង​នៃ​បរិមាណ​តម្រូវការ។
 
លោក Devinder Sharma អ្នកជំនាញខាងគោលនយោបាយកសិកម្មនៅឥណ្ឌាបានលើកឡើងថា រដ្ឋាភិបាលកំពុងទប់ស្កាត់ការខ្វះខាតផលិតកម្ម ដោយសារតំបន់ដាំដុះស្រូវនៅភាគខាងត្បូងនៃប្រទេសកំពុងប្រឈមមុខនឹងហានិភ័យនៃគ្រោះរាំងស្ងួតដោយសារ El Nino។
 
ចំណែកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ឌីមៀ ពូទីន ក៏បានប្តេជ្ញាថានឹងចូលរួមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅម្តងទៀត ប្រសិនបើលក្ខខណ្ឌរបស់រុស្ស៊ីត្រូវបានបំពេញ រួមទាំងការដកការរឹតបន្តឹងលើការនាំចេញគ្រាប់ធញ្ញជាតិ និងជី ក៏ដូចជាបញ្ចប់ការដាក់ទណ្ឌកម្មលើធនាគារកសិកម្មរបស់រុស្ស៊ី៕
 

Tag:
 ពិភពលោក
  ស្បៀងអាហារ​
  ឥណ្ឌា
  ស្រូវសាលី
  ថៃ
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com