សេដ្ឋកិច្ច
អន្តរជាតិ
មាសជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុត ធៀបនិងប្រាក់ដុល្លារអាម៉េរិក
06, Aug 2023 , 8:29 pm        
រូបភាព
រូបភាពពី bitdegree ។
រូបភាពពី bitdegree ។
មាសជាប្រភេទទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុតនាពេលបច្ចុប្បន្ន ដែលកំពុងទទួលបានអត្ថប្រយោជន៍ច្រើន។ នេះដោយសារតែមានការព្រួយបារម្ភអំពីការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ ដែលបានកើនឡើងបន្ទាប់ពីមានភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ព្រមទាំងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

ប្រទេសមួយចំនួនកំពុងជ្រើសយករូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុលា្លរ  ដើម្បីជៀសវាងនៅហានិភ័យណាមួយពីការប្រែប្រួលនៃប្រាក់ដុល្លារអាម៉េរិក។ 
 
ការព្រួយបារម្ភអំពីការយកប្រាក់ដុល្លារជាអាវុធ បានកើតឡើងចាប់តាំងពីអាម៉េរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី រួមទាំងការរឹបអូសយកប្រាក់បម្រុងចំនួន ៣០០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី ព្រមទាំងបដិសេធមិនអនុញ្ញាតឱ្យពួកតាលីបង់គ្រប់គ្រងប្រាក់បម្រុងចំនួន ៧ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលកាន់កាប់ដោយធនាគារកណ្តាលអាម៉េរិក (Fed) ។ 
 
សកម្មភាពរបស់អាម៉េរិកបានធ្វើឱ្យប្រទេសជាច្រើន មានការព្រួយបារម្ភជាចំហអំពីលទ្ធភាពដែលថានៅថ្ងៃណាមួយពួកគេក៏នឹងក្លាយជាជនរងគ្រោះនៃការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ។
 
ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក មាសដែលជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពត្រូវបានគេស្វែងរកកាន់តែច្រើនឡើងពីប្រទេសនានា។ នេះត្រូវបានឆ្លុះបញ្ចាំងពីតម្រូវការរបស់ធនាគារកណ្តាលដ៏រឹងមាំពេញមួយឆ្នាំ ២០២២ និងត្រីមាសទីមួយនៃឆ្នាំនេះ ដែលបានជួយជំរុញឱ្យតម្លៃលោហៈដ៏មានតម្លៃកើនឡើងដល់កម្រិតខ្ពស់។
 
នៅឆ្នាំ២០២២ ធនាគារកណ្តាល និងស្ថាប័នមួយចំនួនផ្សេងទៀតបានទិញមាសជិត ១១០០តោន ដែលច្រើនជាងទ្វេដងនៃចំនួនដែលបានទិញក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។ យោងតាមទិន្នន័យរបស់ធនាគារ JP Morgan វាគឺជាឆ្នាំដែលបរិមាណមាសដែលបានទិញដោយស្ថាប័នហិរញ្ញវត្ថុរដ្ឋឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៥០ ។
 
យោងតាមស្ថិតិរបស់ក្រុមប្រឹក្សាមាសពិភពលោក អង្គការទាំងនេះក៏បានទិញមាសបន្ថែមចំនួន២២៩តោនក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលកើនឡើង ១៧៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
Henny Sender នាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ BlackRock បាននិយាយថា ដំណើរការនៃការដកប្រាក់ដុល្លារត្រូវបានគេព្យាករដឹងជាយូរមកហើយ ប៉ុន្តែសន្ទុះនេះ កំពុងកើតឡើងក្នុងល្បឿនលឿនដែលមិនគួរឱ្យជឿ។
 
ចំណែកនៃទុនបម្រុងប្រាក់ដុល្លារដែលកាន់កាប់ដោយធនាគារកណ្តាលពិភពលោកបានធ្លាក់ចុះពី ៧៣ភាគរយក្នុងឆ្នាំ២០០០ មកត្រឹម ៥៨ភាគរយ។ ទន្ទឹមនឹងនេះ មាសបច្ចុប្បន្នមានប្រហែល ១៥ភាគរយនៃទុនបម្រុងរូបិយប័ណ្ណបរទេសសរុបរបស់ទីភ្នាក់ងារទាំងនេះ។
 
នៅទូទាំងពិភពលោក រុស្ស៊ី និងចិនបានទិញ ៦០ ភាគរយនៃការលក់មាសផ្លូវការទាំងអស់នៅចន្លោះឆ្នាំ ២០១០ និង ២០២២។ អ្នកទិញផ្សេងទៀតរួមមានរដ្ឋឈូងសមុទ្រប្រជាជាតិអាស៊ីកណ្តាល និងឥណ្ឌា ដែលតែងតែរក្សាតម្រូវការមាស។
 
អ្នកវិភាគនៅធនាគារ JP Morgan បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០២៣ថា ចិនបានបង្កើនទុនបម្រុងមាសរបស់ខ្លួនសម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា បន្ទាប់ពីរក្សាស្ថិរភាពអស់រយៈពេល ៣៨ខែ។
 
បច្ចុប្បន្ននេះ សូម្បីតែសិង្ហបុរីក៏កំពុងប្រុងប្រយ័ត្នក្នុងការទិញលោហៈដ៏មានតម្លៃបំផុតរបស់ពិភពលោក បន្ទាប់ពីមន្ត្រីរបស់ខ្លួនមានការព្រួយបារម្ភអំពីជំហរគាំពារនិយមរបស់អាម៉េរិកដែលកំពុងកើនឡើង។
 
ការវិភាគរបស់អ្នកជំនាញមួយចំនួនអំពីការកើនឡើងតម្លៃមាសបង្ហាញថា ពិភពលោកកំពុងស្វែងរកជម្រើសជំនួសប្រាក់ដុល្លារ ទោះបីជាមិនមានជម្រើសដែលអាចទុកចិត្តបាននៅពេលនេះក៏ដោយ។ ក្រៅ​ពី​មាស ប្រាក់​យ័ន​ក៏​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​បណ្តើរៗ​ជា​រូបិយប័ណ្ណ​បម្រុង​អន្តរជាតិ ជាពិសេស​នៅ​អាស៊ី។
 
យោងតាមអ្នកជំនាញ Henny Sender ដោយសារតែការដាក់ទណ្ឌកម្មខ្លាំងរបស់អាម៉េរិក និងលោកខាងលិច ការធ្វើពិពិធកម្មកាន់តែមានភាពចាំបាច់ជាជាងការបន្តជម្រើសតែមួយ។ ប្រទេសជាច្រើនកំពុងជ្រើសរើសក្នុងការទូទាត់ប្រតិបត្តិការ ជាពិសេសពាក់ព័ន្ធនឹងទំនិញជាប្រាក់យ័ន។ 
 
ជាឧទាហរណ៍ ឥណ្ឌាបានចំណាយសម្រាប់ចំណែករបស់ខ្លួននៃការនាំចូលថាមពលពីរុស្ស៊ីជាប្រាក់យ័ន ខណៈពេលដែលបង់ក្លាដែសបានផ្តល់ហិរញ្ញប្បទានដល់ការទិញរោងចក្រថាមពលនុយក្លេអ៊ែររុស្ស៊ីជាប្រាក់យ័នផងដែរ ។
 
យ៉ាងណាមិញ រហូតមកដល់ពេលនេះ ប្រាក់យ័នមានត្រឹមតែ ២,៣ភាគរយនៃប្រតិបត្តិការអន្តរជាតិតាមរយៈបណ្តាញនៃសង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) តិចជាង ៤៣ភាគរយ ដែលជាប្រាក់ដុល្លារអាម៉េរិក និង ៣២ភាគរយជាប្រាក់អឺរ៉ូ៕
 

Tag:
 មាស
  ប្រាក់ដុល្លារ
  ចិន
  ជប៉ុន
  អាម៉េរិក
  ប្រាក់អឺរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com